ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជម្លោះដែលបាន​កើតឡើង​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ

25 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកសម្របសម្រួល​អង្ក​ការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ បានសម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជម្លោះ ដែល​បាន​កើតឡើង​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ​នៅ​ឆ្នាំ​ ២០២៥ ​។ការ​សម្តែង​ការ​ព្រួយបារម្ភ​នេះ​ ខណៈ​ដែល​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី កែវ…

រាជធានី​ភ្នំពេញ ​៖ ​អ្នកសម្របសម្រួល​អង្ក​ការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ បានសម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជម្លោះ ដែល​បាន​កើតឡើង​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ​នៅ​ឆ្នាំ​ ២០២៥ ​។ការ​សម្តែង​ការ​ព្រួយបារម្ភ​នេះ​ ខណៈ​ដែល​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​(​គ​.​ស​.​ម​.​ក​)​ ជួបជាមួយលោក​ជំទាវ Vladanka Andreeva អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​ ១២ ខែមីនា ឆ្នាំ ​២០២៦ ​នៅ​ស្នាក់​ការ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានស្តី​ពី​លទ្ធផល​នៃ​កិច្ច​ជំនួប​រវាង​បាន​ឲ្យ​ដឹង​ថា ​កិច្ច​ជំនួប​នេះ មាន​គោលបំណង​បន្តពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​រវាង គ​.​ស​.​ម​.​ក​. និង​អង្គការសហប្រជាជាតិ លើ​វិស័យ​សិទ្ធិ​មនុស្ស​ ។

ឯកឧត្តម​ កែវ រ៉េ​មី រី​បាន​ទទួល​ការ​ស្វាគមន៍​លោក​ជំទាវ Vladanka Andreeva និង​សហការី ហើយ​បាន​គូសបញ្ជាក់​អំពី​ស្ថានភាព​ជាក់ស្តែង​នៅ​តាម​តំបន់​ព្រំដែន កម្ពុជា​-​ថៃ ដែល​បាន​បង្ក​ផល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​យោង​ច្បាប់​អន្តរជាតិ ជា​ពិសេស​ច្បាប់​សិទ្ធិ​មនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ រួម​មាន ​៖

ការ​រើសអើង និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពលករ​ទេស​ន្ត​ប្រវេសន៍​កម្ពុជា​ ។
ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​ពលករ​កម្ពុជា​ពី​សំណាក់​កងទ័ព​ថៃ​ ។
ការ​ប្រើប្រាស់​សំឡេង​មាន​កម្រិត​ដេស៊ីបែល​ខ្ពស់ និង​សំឡេង​រំខាន​ផ្សេង​ៗ ដែល​បង្ក​ការ ប៉ះពាល់​ផ្លូវចិត្ត​ដល់​ប្រជាជន​នៅ​តាម​តំបន់​ព្រំដែន​ ។

ការ​វាយប្រហារ​ដោយ​មិន​រើស​គោលដៅ ដោយ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ គ្រាប់បែក​ចង្កោម ផ្សែង​ពុល និង​យន្តហោះ​ចម្បាំង​ប្រភេទ F-16, Gripen និង T-50 បណ្តាល​ឱ្យ​ខូចខាត ទ្រព្យសម្បត្តិ​ឯកជន និង​សាធារណៈ រួម​ទាំង ប្រាសាទព្រះវិហារ ដែល​ជា​សម្បត្តិ បេតិកភណ្ឌ​ពិភពលោក​ ។ ការ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​កម្ពុជា​ពី​សំណាក់​កងទ័ព​ថៃ ​។

ការ​ព្យាយាម​បង្កើត​តថភាព​ថ្មី​នៅ​នឹង​កន្លែង (fait accompli) តាម​រយៈ​ការ​ដាក់​ពង្រាយលួស​បន្លា ដាក់​ទូ​កុងតឺន័រ ឈូស​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ ក្នុង​តំបន់​ឈ្លានពាន ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ ៤០ ០០០ នាក់ មិន​អាច​ត្រឡប់ ទៅ​លំនៅ​ឋាន​របស់​ពួក​គេ​វិញ​បាន​ដោយ​សុវត្ថិភាព​ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បន្ត​គាំទ្រ និង​សហប្រតិបត្តិការ​យ៉ាង ពេញលេញ​ជាមួយ​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​សណ្តាប់ធ្នាប់ ពិភពលោក​កំពុង​ធ្លាក់​ចុះ ព្រមទាំង​នៅ​តែ​បន្ត​ប្រកាន់​យក​ជំហរ​នៃ​ការ​អត់ធ្មត់ និង​ការ​ដោះស្រាយ​ជម្លោះដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​យន្តការ​ច្បាប់​ដែល​មាន​ស្រាប់ ព្រមទាំង​បន្ត​ខិតខំ​ការពារ​សិទ្ធិ សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ​។

ក្នុង​ឱកាស​នេះ លោក​ជំទាវ Vladanka Andreeva បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​យន្តការ អង្គការសហប្រជាជាតិ ក្នុង​ការ​លើកកម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ សហគមន៍ LGBTQIA+ ​។

លោក​ជំទាវ​ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជម្លោះ ដែល​បាន​កើត ឡើង​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ឆ្នាំ​២០២៥ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ពលករ​ទេស​ន្ត​ប្រវេសន៍ និង​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​។ លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា​ ៖ ជម្លោះ​តែងតែ​បង្ក​ផល​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​ប្រជាជន និង​ការ​អភិវឌ្ឍ​សង្គម ហើយ​បាន​សង្កត់ធ្ងន់​ថា សន្តិភាព​ត្រូវ​តែ​ថែរក្សា និងច្បាប់​អន្តរជាតិ​ត្រូវ​តែ​គោរព​ ។

លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ លំហរ​ស៊ី​វិល និង​តួនាទីរបស់​អង្គការ​សង្គម​ស៊ី​វិល ក្នុង​ការ​ចូលរួម​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ​សង្គម ជា​ពិសេស​អំឡុងពេល​ជនភៀសសឹក​កំពុង​ត្រូវការ​ការ​គាំពារ​យ៉ាង​ខ្លាំង​ ។

ឯកឧត្តម ​កែវ រ៉េ​មី បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់ និង​ជឿជាក់​លើ​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ភាព​ស្មោះត្រង់​ជាមួយ​អង្គការ សង្គម​ស៊ី​វិល និង​បាន​បើកចំហ លំហរ​ស៊ី​វិល ឱ្យ​មានការ​ចូលរួម​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិមនុស្ស​ ។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ ឡុ​ង សូ​នី​តា អនុប្រធាន គ​.​ស​.​ម​.​ក​. បាន​លើក​ឡើង​អំពី​ការ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​កិច្ច​សន្ទនា​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស រួម​មាន ការ​អនុវត្ត​អនុសាសន៍​នៃ យន្តការ Universal Periodic Review (UPR) ការ​កសាង​សមត្ថភាព​ស្ថាប័ន ការ​គាំទ្រ​ផ្នែក​បច្ចេកទេស ការ​រៀបចំ មូលដ្ឋាន​ទិន្នន័យ​តាមដាន​អនុសាសន៍​ជាតិ (National Recommendations Tracking Database – NRTD) ការ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​មនុស្ស ការ​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ ការ​គាំទ្រ​ដល់​ក្រុម​ងាយ​រង​គ្រោះ រួម​មាន​ជនភៀសសឹក​កម្ពុជា ជា​ពិសេស ការ​គាំទ្រ​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​ការ​គាំទ្រ​ការ​អប់រំ​ដល់​កុមារ​ភៀស​សឹក ព្រមទាំង​ការ​លើកកម្ពស់​ការ យល់​ដឹង​អំពី​សិទ្ធិ និង​សមភាព​សម្រាប់​សហគមន៍ LGBTQIA+ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ