រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ឃើញម៉ូតូ១គ្រឿងដែលម្ចាស់គេទុកនៅមុខផ្ទះភ្លេចដកសោចេញ ក៏បានធ្វើសកម្មភាពលួចយកបានសម្រេចរួចជិះគេចខ្លួន ប៉ុន្តែត្រូវបានម្ចាស់មើលមកពីក្នុងផ្ទះឃើញទាន់ ហើយខណៈនោះបងប្រុសជីដូនមួយម្ចាស់ម៉ូតូម្នាក់ក៏ស្រែកឆោឡោថា«ចោរ» និងជិះម៉ូតូដេញតាម បង្កឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្ត៍ដង្កោ និងនគរបាលខណ្ឌដង្កោ ជួយដេញតាមឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតមានសំណាងរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះលេខ២២ ផ្លូវលេខ២ បុរីលឹម ឈាងហាក់ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើឈ្មោះសុខ ពេជ្រ អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវនគរបាលឃាត់ខ្លួនបាននៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃដដែលនៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ដោយឡែជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះឡុង រតនៈសម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ហើយម៉ូតូដែលត្រូវជនសង្ស័យលួចនោះម៉ាកGPX ស៊េរីឆ្នាំ២០២០ ពណ៍ក្រហម លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IA-8722 ហើត្រូវនគរបាលដកហូតបានមកវិញ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានអូសម៉ូតូរបស់ខ្លួនខាងលើចេញពីក្នុងផ្ទះមកទុកនៅខាងមុខផ្ទះដោយភ្លេចដកកូនសោចេញ រួចក៏បានដើរត្រលប់ចូលទៅក្នុងផ្ទះវិញ ។ ខណៈនោះស្រាប់តែជនសង្ស័យបានដើរទៅលួចយកជិះចេញគេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះឃើញទាន់ក៏បានស្រែកឆោឡោថា«ចោរៗ»ហើយបងប្រុសជីដូនមួយរបស់ជនរងគ្រោះម្នាក់ បានជិះម៉ូតូដេញតាម ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ហើយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ និងនគរបាលខណ្ឌដង្កោក៏បានជួយដេញតាម រហូតទៅដល់ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទើបឃាត់ខ្លួនបានម្នាក់ចំណែកបក្ខពួកម្នា់ទៀតគេចខ្លួនបាត់ ។ បន្ទាប់មកនគរបាលបាននាំជនសង្ស័យខាងលើនោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ព្រមទាំងបន្តធ្វើការស្រវជ្រាវដើម្បីស្វែងកឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងគេចខ្លួននោះទៀត ៕




ចែករំលែកព័តមាននេះ