រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់និងសកលដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នា ហើយកម្ពុជាជាអ្នករងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ សម្ដេចធិបតី បានគូសបញ្ជាក់ថា «ដូច្នេះ យុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ ប៉ុន្តែនេះគឺជាឆន្ទៈពិតប្រាកដរបស់ រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាត ពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ យ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែងនិងមិនថយក្រោយជាដាច់ខាត» ។
ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះ ជនភៀសសឹកទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ទាំងអ្នកនៅមិនទាន់អាចវិលត្រឡប់ទៅវិញ ដោយត្រូវ គិតគូរទាំងផ្នែកជីវភាព និងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការចាំបាច់របស់ពួកគាត់។
សម្តេចបវរធិបតីបានបញ្ជាក់ ឡើងវិញថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថារាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាព ទឹកដី ហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី។
សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុង ស្នាក់នៅប្រកបរបរ និងសិក្សាក្នុងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ហើយត្រូវធ្វើទំនាក់ទំនងជាប្រចាំ និងផ្តល់ការ សម្របសម្រួលជាបន្ទាន់ក្នុងករណីចាំបាច់ ដើម្បីរក្សាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់។
សូមជម្រាបជូនថានៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ដោយបាន ពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈ ដូចខាងក្រោម៖
១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។
២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។
៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក៕


ចែករំលែកព័តមាននេះ