ទីក្រុងវ៉ាស៊ីនតោន៖ សង្គ្រាមរវាងអ៊ីរ៉ង់ និងអាមេរិក-អ៊ីស្រាអែលមិនទាន់ធូរស្រាលទេ ប៉ុន្តែកាន់តែមានសភាពខ្លាំងក្លាជាងមុនទៅទៀត។ ដូចអ្វីដែលអ៊ីរ៉ង់និយាយអីចឹងគឺថាទោះបីអាមេរិកចង់បញ្ចប់ប្រតិបត្តិការសឹករបស់ខ្លួនឆាប់ៗនេះ ប៉ុន្តែអ៊ីរ៉ង់មិនសុខចិត្តបញ្ចប់ទេ។ អ៊ីរ៉ង់ទើបតែនិយាយថ្មីៗនេះថាអ្នកដែលមានសិទ្ធិសម្រេចថាសង្គ្រាមចប់នៅពេលណាគឺអ៊ីរ៉ង់។ លោកត្រាំក៏ទើបតែប្រកាសតាមបណ្ដាញសង្គមថានៅសប្ដាហ៍ក្រោយ អាមេរិកនឹងបើកប្រតិបត្តិការសឹកកាន់តែខ្លាំងជាងមុនទៅទៀត។

នៅថ្ងៃសុក្រនេះ ការវាយប្រហារកើតមាននៅច្រើនកន្លែង។ អាមេរិកទទួលស្គាល់ថាយន្តហោះយោធារបស់ខ្លួនមួយគ្រឿងធ្លាក់នៅប្រទេសអ៊ីរ៉ាក់។ អ៊ីស្រាអែលបើកយុទ្ធនាការវាយប្រហារជាថ្មីទៅលើរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់។ លោកត្រាំផ្ដល់បទសម្ភាសជាមួយទូរទស្សន៍ហ្វក់ (Fox) ថាអាមេរិកត្រៀមវាយប្រហារអ៊ីរ៉ង់រឹតតែខ្លាំងក្លានៅសប្ដាហ៍ក្រោយ។ សារនយោបាយនេះស្របទៅនឹងការបង្ហោះសារនៅលើបណ្ដាញសង្គមកាលពីមុននេះថាសូមសម្លឹងមើលអ្វីដែលកើតឡើងចំពោះក្រុមមនុស្សគម្រក់ទាំងនេះ។

ទំនងជាលោកចង់សំដៅលើរបបដឹកនាំនៅអ៊ីរ៉ង់។ លោកសរសេររៀបរាប់បន្តទៀតថាពួកគេសម្លាប់ជនស្លូតត្រង់ទូទាំងសាកលលោកអស់រយៈពេល៤៧ឆ្នាំមកហើយ។ អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិករាយការណ៍ថាយន្តហោះយោធាម៉ាក KC-135 ធ្លាក់នៅប្រទេសអ៊ីរ៉ាក់ខាងលិច បណ្ដាលឱ្យស្លាប់បុគ្គលិក៤នាក់ដែលជិះនៅក្នុងយន្តហោះ។ ចលនាប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់អះអាងថានោះជាស្នាដៃរបស់ខ្លួន។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអាមេរិកនៅតែចាត់ទុកថានោះជាឧបទ្ទវហេតុដែលកើតឡើងដោយចៃដន្យដោយសារយន្តហោះគ្នាឯងបើកបុកគ្នានៅលើអាកាស។ ដូច្នេះមិនមែនជាការធ្លាក់ដោយសារត្រូវគ្រាប់មីស៊ីលបាញ់ត្រូវនោះទេ។

នៅទីក្រុងតេអេរ៉ង់ និងខារ៉ាច (Karaj) គេស្ដាប់ឮសំឡេងផ្ទុះយ៉ាងកងរំពង និងស្ដាប់ឮសំឡេងយន្តហោះយ៉ាងកងរំពងពេញផ្ទៃអាកាស។ អ៊ីស្រាអែលអះអាងថាខ្លួនវាយប្រហារគោលដៅជាង២រយទីតាំងនៅប្រទេសអ៊ីរ៉ង់ភាគខាងលិច និងភាគកណ្ដាល។ ជើងទម្របាញ់មីស៊ីល និងទីតាំងផលិតមីស៊ីលរបស់អ៊ីរ៉ង់ក៏រងការវាយប្រហារផងដែរ។ ការវាយប្រហារនេះធ្វើឡើងចំពេលដែលអ៊ីរ៉ង់ប្រារព្វទិវាដ៏សំខាន់មួយ។ មេដឹកនាំកំពូលអ៊ីរ៉ង់ប្ដេជ្ញាថាអ៊ីរ៉ង់នឹងបិទខ្ទប់ច្រកសមុទ្រហ័រម៉ូសដើម្បីប្រឆាំងនឹងការដាក់សម្ពាធពីអាមេរិក និងអ៊ីស្រាអែល៕ ប្រភព៖ Indian Express និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ