ខេត្តកំពង់ធំ ៖ យោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានសំណូមពរដល់អាជ្ញាធរដែនដី នៅគ្រប់លំដាប់ថ្នាក់ សូមចូលរួមជាមួយសមត្ថកិច្ចជំនាញ និងកងកម្លាំងចម្រុះ ក្នុងការបន្តសកម្មភាពការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ដែលប្រសាសន៍នេះ បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តបន្ត នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងធ្វើបទអន្តរាគមន៍ ដោយបានបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ បទល្មើសកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនមានកើតឡើងទៀតទេ ។ ហើយបទល្មើសនេសាទ ខុសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ក៏មានការថយចុះ ដោយប្រជាពលរដ្ឋភាគច្រើនបានយល់ដឹង និងចូលរួមក្នុងការគោរពច្បាប់ស្ដីពីជលផលថ្មី ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លៃនៃការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បណ្ដាមន្ទីរ ស្ថាប័ននានា នៅក្នុងខេត្ត ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំង៩ និងកងកម្លាំងប្រដាប់អាវុធទាំងបី ដែលបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញភារកិច្ច ចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបានយ៉ាងល្អប្រសើរ ។ ពិសេស ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញស្គេម និងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំបានយ៉ាងល្អប្រសើរ។

ឯកឧត្តម នួន ផារ័ត្ន បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បណ្ដាមន្ទីរ ស្ថាប័ននានា នៅក្នុងខេត្ត ព្រមទាំងគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវបន្តរួមគ្នាប្រយុទ្ធប្រឆាំងតាមគ្រប់រូបភាព ក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញស្គេម ឱ្យបានជាដាច់ខាត។ ជាមួយនោះដែរ ត្រូវបន្តរួមគ្នាការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ។ ដោយឡែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរខាងមុខនេះ គ្រប់ ស្រុក ក្រុងបណ្ដាមន្ទីរអង្គភាពត្រូវប្រុងប្រៀបការរៀបចំ ការតុបតែងលម្អសោភ័ណភាព ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រូវរៀបចំប្រតិភូទៅសួរសុខទុក្ខបងប្អូនវីរ:កងទ័ពនៅសមរភូមិមុខ និងបងប្អូនអតីតយុទ្ធជនផងដែរ។

សូមបញ្ជាក់ថា៖ តាមរបាយការណ៍ អំពីសភាពការណ៍ទូទៅប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់ឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានក្រុមជំនួយការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងរាយការណ៍ ស្តីអំពីស្ថានភាពទូទៅ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការគ្រប់គ្រងការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងខេត្ត ជាមួយនោះក៏បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗ នៃការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរដែនដី សម្រេចបានលទ្ធផលល្អប្រសើរផងដែរ ។

ចែករំលែកព័តមាននេះ