ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្ម​ភាព​លោក​អធិការ​ធ្វើ​​ឱ្យ​បែក​ពាង​ប្រហុក​ស្អុយ​ច្រាស់​ខ្យល់ (មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ មេ​កន្ទុយលេខ​ចំនួន​៤​នាក់​ដែល​សង្ស័យ​ជ្រក​ក្រោម​ក្លៀក​លោក​អធិការ​នគរ​បាល​ស្រុក​សំឡូត​ ដែល​ត្រូវ​បង្ក្រាប​ដោយ​កម្លាំង​ស្នងការដ្ឋាន​ខេត្ត​នោះ ត្រូវ​បាន​លោក​​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ហើយ កាលពី​រសៀល​ថ្ងៃទី០២​ តុលា ក្រោយ​ពី​តំណាង​អយ្យការ​បញ្ចប់​ការ​សាកសួរ…

ខេត្តបាត់ដំបង ៖ មេ​កន្ទុយលេខ​ចំនួន​៤​នាក់​ដែល​សង្ស័យ​ជ្រក​ក្រោម​ក្លៀក​លោក​អធិការ​នគរ​បាល​ស្រុក​សំឡូត​ ដែល​ត្រូវ​បង្ក្រាប​ដោយ​កម្លាំង​ស្នងការដ្ឋាន​ខេត្ត​នោះ ត្រូវ​បាន​លោក​​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ហើយ កាលពី​រសៀល​ថ្ងៃទី០២​ តុលា ក្រោយ​ពី​តំណាង​អយ្យការ​បញ្ចប់​ការ​សាកសួរ និង​ធ្វើការ​សន្និដ្ឋាន​លើ​បទល្មើស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​។

មេ​កន្ទុយលេខ​ទាំង​៤​នាក់​មាន ១-​ឈ្មោះ​ មាស យិ​ន ភេទប្រុស​ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ២​-ឈ្មោះ ​ជុំ សាបាន ភេទប្រុស​ អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​អូរ​ទទឹម ឃុំ​តា​សាញ ស្រុក​សំឡូត ៣​-ឈ្មោះ​ គ្រី សុគន្ធ ភេទប្រុស ​អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ព្រៃ​ធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត និង​៤-​ឈ្មោះ​ ងឿ​ន រី​ណា ភេទស្រី ​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​កំពង់​​ល្ពៅ ឃុំ​ក​ពង់​ល្ពៅ ស្រុក​សំឡូត​។

បើ​យោង​លើ​ការ​ស៊ើបអង្កេត​របស់​កម្លាំង​ជំនាញ នៃ​ស្នងការ​ខេត្ត រួម​ទាំង​ចម្លើយ​បំភ្លឺ​របស់​​មេ​កន្ទុយលេខ​ខាងលើ​ផង ការ​បង្កើត​ទីតាំង​ប្រព្រឹត្ត​ល្បែងស៊ីសង​ (​ឆ្នោត​)​ នៅ​ក្នុង​ស្រុក​សំឡូត​នេះ គឺ​ស្ថិត​ក្រោម​ការ​រៀបចំ​រចនាសម្ព័ន្ធ​ដោយ​ផ្ទាល់​ពី​លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត ដែល​មាន​មេ​កន្ទុយលេខ​ដ៏​ធំ​ម្នាក់​ឈ្មោះ ​ប៊ុ​ន ចាន់​តូ ជា​មេខ្លោង​ គឺ​ជាង​ពាង​ប្រហុក​ធំ​ដែល​ធ្វើ​ឱ្យ​បែក​ខ្ជាយ។

ប៉ុន្តែ​លោក​ កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត បាន​ព្យាយាម​បដិសេធ​ដូច្នេះ​ថា​ «​ខ្ញុំ​មិន​ដែល​​យក​លុយ​៥​ពាន់ ឬ ១​ម៉ឺន​រៀល​ពី​មេ​កន្ទុយលេខ​ឡើយ​។ ខ្ញុំ​ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​មេ​កន្ទុយលេខ​ទាំងអស់​នោះ​ដែរ​។ ខ្ញុំ​មិន​ផ្ដេសផ្ដាស​ទេ​»​។

បើ​ទោះជា​លោក ​កោ ស៊ុន​កាំ​ង បាន​បដិសេធ​ដូច្នេះ​ក្ដី ប៉ុន្តែ​មន្ត្រី​ក្រោម​ឱ​វ៉ា​តម្នាក់ ដែល​មិន​ពេញចិត្ត​នូវ​ទ​ង្វើ​មិន​ប្រក្រតី​ដ៏​រលួយ​វ៉​ល់​របស់​មេ​កើយ​ខ្លួន បាន​ទម្លាយ​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​លោក​កោ ស៊ុន​កាំ​ង បាន​បញ្ជា​ឲ្យ​កូនចៅ​ជំនិត​ដើរ​ប្រមូល​សំណែន​ពី​មេ​កន្ទុយលេខ​នៅ​ក្នុងស្រុក​សំឡូត មួយ​កន្លែង​ចាប់ពី​២០​ដុល្លារ រ​ហូត​ដល់​១០០​ដុល្លា​រក្នុង​១​ខែ​គិត​ទៅ​តាម​ទីតាំង​តូច​ឬ​ធំ​។

ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​មាន​មេ​ល្បែង​ដ៏​ធំ​ម្នាក់​ឈ្មោះ​ ប៊ុ​ន ចាន់​តូ ចុះ​ទៅ​សហ​កា​របង្កើត​ទីតាំង​ល្បែង​ឲ្យ​បាន​ធំដុំ​ជាមួយ​លោក​អធិការ ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ «​ឆ្នោត​ខ្មែរ​» ​ទើប​លោក​អធិការ​ប្ដូរ​ផែនការ​ឈប់​ប្រមូល​សំណែន​ប្រចាំខែ​វិញ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​អំពី​ដំណើរ នៃ​ល្បែង​កន្ទុយលេខ​នេះ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា លោក​កោ ស៊ុន​កាំ​ង បាន​បញ្ជា​ឲ្យ​លោក​មេ​ប៉ុ​ស្ដិ៍គ្រប់​ឃុំ ចុះ​ស្រង់​​ស្ថិតិ​អ្នក​កត់​កន្ទុយលេខ​តាម​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ណែនាំ​ ឬ​ចាប់បង្ខំ​ឲ្យ​មេ​កន្ទុយ​លេខ​ទាំងនោះ​ត្រូវ​តែ​លក់​ឡើង​កា​តុង​ឲ្យ​មេខ្លោង​ធំ​ឈ្មោះ​ប៊ុ​ន ចាន់​តូ បើ​មិន​ព្រម​ធ្វើ​តាម​ទេ លោក​កាំ​ង នឹង​បញ្ជា​ឲ្យ​កម្លាំង​មូលដ្ឋាន​ចុះ​បង្ក្រាប​ភ្លាម​ៗ​តែ​ម្ដង​។

ដោយឡែក​មេ​កន្ទុយលេខ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក៏​បាន​ទម្លាយ​ស្រ​ដៀង​គ្នា​នឹង​​មន្ត្រី​ខាងលើ​ដែរ​ថា ខ្លួន​ត្រូវ​បាន​មេខ្លោង​ល្បែង​ឈ្មោះ​ប៊ុ​ន ចាន់​តូ ដែល​អមដំណើរ​ដោយ​​លោក​មេ​ប៉ុ​ស្ដិ៍១​រូប ចុះ​ទៅ​ដាក់​គំនាប​ដល់​ផ្ទះ​គាត់​តែ​ម្ដង​។ មេ​កន្ទុយលេខ​រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា​ «​មេខ្លោង​កន្ទុយលេខ​ឈ្មោះ​ចាន់​តូ បាន​ណែនាំ​ខ្ញុំ​ឲ្យ​លក់​ឡើង​​កាតុង​ឲ្យ​គាត់ ដោយ​ប្រាប់​ថា គ្មាន​នរណា​ហ៊ាន​ចាប់​ទេ ព្រោះ​មាន​អាជ្ញាធរ​ដែនដី​ជួយ​ការពារ គឺ​មាន​លោក​មេ​ប៉ុ​ស្តិ៍ និង​លោក​កាំ​ង អធិការ​ស្រុក​សំឡូត​»​។ បុរស​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា គ្រប់​មេ​កន្ទុយលេខ​ទាំងអស់​ក្នុងស្រុក​សំឡូត សុទ្ធតែ​ត្រូវ​លោក​អធិការ​កៀបសង្កត់​បែប​នេះ បើ​មិន​ស្ដាប់​តាម​ការ​ណែនាំ​ទេ លោក​អធិការ​នឹង​បញ្ជា​ឲ្យ​កម្លាំង​ចុះ​បង្ក្រាប​ភ្លាម​ៗ​តែ​ម្ដង​។

សូម​បញ្ជាក់​ថា ក្រុម​ប្រព្រឹត្ត​ល្បែង​កន្ទុយលេខ​ខាងលើ​នេះ ត្រូវ​បាន​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​កង​អន្តរា​គម​ន៍​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​ខេត្ត ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ​កញ្ញា​ កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​ធ្វើ​ឡើង​លើ​ទីតាំង​ចំនួន​៤​កន្លែង ក្នុង​ឃុំ​កំពង់​ល្ពៅ ឃុំ​ស៊ុ​ង និង​ឃុំ​តា​សាញ ស្រុក​សំឡូត​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា នៅ​មាន​ទីតាំង​កត់​កន្ទុយលេខ​រាប់​សិប​កន្លែង​ទៀត ដែល​កំពុង​​បើក​ដំណើរការ​ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ «​ឆ្នោត​ខ្មែរ​» ដែល​រៀបចំ​ដោយ​លោក​​ កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត និង​មេខ្លោង​ល្បែង​ឆ្នោត​ឈ្មោះ​ប៊ុ​ន ចាន់​តូ​។

ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ល្បែងស៊ីសង​នៅ​ក្នុងស្រុក​សំឡូត​នេះ មន្ត្រី​ស្រុក​សំឡូត​ម្នាក់​បាន​​ផ្ដល់​ព័​ត៌​មាន​មក​ថា បន្ទាប់​ពី​កម្លាំង​ស្នងការ​ខេត្ត​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​មេ​កន្ទុយ​លេខ​៤​នាក់​ញាត់​គុក​រួច​មក កាលពី​រសៀល​ថ្ងៃ​ទី​០២ ​តុលា លោក​លឹ​ម សា​ម៉េ​ត អភិ​បាលស្​រុក​សំឡូត បាន​កោះ​ប្រជុំ​គណៈកម្មការ​កងឯកភាព​ស្រុក​ភ្លាម​ៗ ដើម្បី​ពិភាក្សា​អំពី​​ល្បែងស៊ីសង​នេះ​។

បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​នោះ មាន​លោក​មេឃុំ​មួយ​រូប​បាន​ឡើង​ព្រលះ​យ៉ាង​ចាស់ដៃ​នៅ​ចំពោះ​លោក​អធិការ​និង​លោក​ចៅហ្វាយស្រុក ស្ដី​ពី​ការ​កើនឡើង​នៃ​បន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន ហើយ​គ្មាន​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​។

លោក​មេឃុំ​រូប​នោះ​បាន​លើក​ឡើង​ចំ​ៗ ហើយ​ថែម​ទាំង​បាន​ព្រមាន​ដូច្នេះ​ថា​ «​ខ្ញុំ​បាន​ស្នើ​ម្ដង​​ហើយ ម្ដងទៀត​ទៅ​លោក​អធិការ​និង​លោក​ចៅហ្វាយស្រុក សុំ​ឲ្យ​ជួយ​បង្ក្រាប​ល្បែង​ស៊ីសង​ (​អាប៉ោង​ និង​មាន់​ជល់​) ដែល​កំពុង​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​ឃុំ​របស់​ខ្ញុំ តែ​គ្មាន​អស់លោក​ណា​ខ្វល់ខ្វាយ​ទេ​។ ប៉ុន្តែ​ខ្ញុំ​សុំ​ម្ដងនេះ​ទៀត តែបើ​គ្មាន​ការ​បង្ក្រាប​ទេ ខ្ញុំ​ និង​ឡើង​ទៅ​ប្ដឹង​លោក​អភិបាលខេត្ត និង​លោកស្នងការ​ខេត្ត​ហើយ​»​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា លោក​អធិការ និង​លោក​ចៅហ្វាយស្រុក​សំឡូត ដែល​មហាជន​និយាយ​ត​ៗ​គ្នា​ថា ​«​កំពុង​រលួយ​វ៉​ល់​នោះ​» មាន​វិធានការ​បែប​ណា​នៅឡើយ​ទេ៕

គួររំលឹកថា ៖ កក្រើក​ម្តងទៀត​! ច្រើន​ស្អេកស្កះ​ពាសពេញស្រុក​សំឡូត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ