ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា នឹង​បោះបង្គោល​ព្រំដែន​គោក​ កម្ពុជា​-​ថៃ ​ប្រព្រឹត្ត​ដោយ​រលូន

13 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា បាន​មាន​ប្រសាសន៍​ខ្លី​ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា បាន​មាន​ប្រសាសន៍​ខ្លី​ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក ​កម្ពុជា​-​ថៃ (JBC) ថា​«​កិច្ចប្រជុំ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​»​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ឡាំ ជា មិន​បាន​ផ្តល់​អត្ថាធិប្បាយ​អ្វី​ច្រើន ​លើ​កិច្ចប្រជុំ​នេះ​ទេ​ ។ ភាគី​ទាំង​ពីរ ​បាន​កំណត់​ថ្ងៃ​ទី​១៥ មិថុនា ខាង​មុខ​ដើម្បី​បន្ត​កិច្ចប្រជុំ​ទៀត​ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) កម្ពុជា​-​ថៃ បាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ ។ មុន​កិច្ចប្រជុំ JBC គឺ​មាន​កិច្ចប្រជុំ​ចង្អៀត​រវាង​ភាគី​កម្ពុជា​-​ថៃ ដោយ​ភាគី​កម្ពុជា​ ដឹកនាំ​ដោយ​ឯកឧត្តម ឡាំ​ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន និង​ឯកឧត្តម ប្រា​សាស ប្រា​សាស​វិនិច្ឆ័យ តំណាង​ភាគី​ថៃ​ ។
បន្ទាប់​ពី​ចប់​កិច្ចប្រជុំ​ចង្អៀត​ភាគី​ទាំង​ពីរ បាន​ចូល​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) កម្ពុជា​-​ថៃ​។ កិច្ចប្រជុំ JBC បាន​ធ្វើ​ឡើង​ក្រោយ​ពី​ខក​ខានមិនបាន​ប្រជុំ​អស់​រយៈពេល ១២​ឆ្នាំ​។ កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​ថៃ (JBC) បាន​បញ្ចប់​នៅ​ម៉ោង​ជិត​៤​រសៀល ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​ភាគី​ទាំង​ពីរ ​បាន​ពិភាក្សា​ក្នុង​បរិយាកាស​ល្អ យោគយល់​គ្នា​ខ្ពស់​។ កិច្ចប្រជុំ​នឹង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥​ ។

គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ (JBC) បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​នៅ​ម៉ោង ១១:៤០ នាទី និង​មាន​កិច្ចប្រជុំ​ចង្អៀត​មួយ​រវាង​ភាគី​ទាំង​ពីរ​កម្ពុជា​-​ថៃ​។ សមាសភាព​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ថៃ (JBC) ដែល​ចូលរួម​ប្រជុំ​រួម​មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា ហើយរដ្ឋាភិបាល​ថៃ បាន​ចាត់តាំង លោក Prasas Prasasvinitchai ទីប្រឹក្សា​ក្រសួងការបរទេស ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ជា​ប្រធាន​គណៈប្រតិភូ ដើម្បី​ចរចា​ជាមួយ​កម្ពុជា ក្នុង​កិច្ចប្រជុំ JBC នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ សណ្ឋាគារ​សូ​ហ្វី​តែ​ល ​ភូ​គី​ត្រា​ភ្នំពេញ ​។

មិន​មាន​ប្រភព​ព័ត៌មាន​ណាមួយ ​បញ្ជាក់​ពី​របៀបវារៈ ​នៃ​កិច្ចប្រជុំ​ក៏​ដូច​ជា​លទ្ធផល ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ថ្ងៃនេះ​នៅឡើយ​ទេ​។ ភាគី​កម្ពុជា ​និង​ថៃ ​ស្ថិត​ក្នុង​កិច្ចចរចា ​ក៏​មិន​ផ្តល់​អត្ថាធិប្បាយ​អ្វី​ជូន​ដល់​អ្នក​សារព័ត៌មាន​ដែរ ​។

កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជូនដំណឹង​ដល់​សាធារណជន​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា ថ្ងៃ​សៅរ៍​ទី​១៤ មិថុនា ឆ្នាំ​២០២៥ ស្អែក​នេះ គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) កម្ពុជា​-​ថៃ និង​ជួប​ប្រជុំ​គ្នា​ក្រោយ​ពី​ខក​ខានមិនបាន​ប្រជុំ​អស់​រយៈពេល ១២​ឆ្នាំ​។ កម្ពុជា​បន្ត​សហការ​ជាមួយ​ភាគី​ថៃ​ដើម្បី​ជំរុញ​ការ​វាស់វែង ខ័​ណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេសសល់ (​ក្រៅពី​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​) ដោយ​ប្រើប្រាស់​យន្តការ​គណៈកម្មការ​ព្រំដែន​ចម្រុះ ​(JBC) ។

ជាមួយ​គ្នា​នេះ សម្តេច​ធិ​បតី​ បាន​គូសបញ្ជាក់​ថា​ជូន​ដល់​បងប្អូន​ជនរួមជាតិ​ឲ្យ​បាន​ជ្រាប​ថា បញ្ហា​ពីរ​ ដែល​នឹង​មិន​ត្រូវ​លើក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ JBC ថ្ងៃស្អែក​គឺ ៖

១. បញ្ហា​ព្រំដែន​ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី នឹង​មិន​ត្រូវ​លើកយក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ JBC នេះ​ទេ ព្រោះ​កម្ពុជា​បាន​សម្រេច​យក​បញ្ហា​ព្រំដែន​នៅ​តំបន់​ទាំង​បួន​ទៅ​ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ។ ភាគី​កម្ពុជា​នៅ​រង់ចាំ​ការ​បញ្ជាក់​ជំហរ​របស់​ភាគី​ថៃ ​ក្នុង​កិច្ចប្រជុំ JBC ស្អែក​នេះ​ថា តើ​ថៃ​ និង​ចូលរួម​ជាមួយ​កម្ពុជា ​ក្នុង​ការ​យក​បញ្ហា​នៅ​តំបន់​ទាំង​បួន​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ឬទេ ? ខ្ញុំ​សូម​បញ្ជាក់​ជូន​បងប្អូន​រួម​ជាតិ​សារជាតិ​ថ្មី​ថា បើ​ទោះជា​ភាគី​ថៃ​មិន​ព្រម ឬ​មិន​ផ្ដល់​ចម្លើយ កម្ពុជា​នឹង​ប្ដឹង​ជា​ឯកតោភាគី​ទៅ ICJ នៅ​តំបន់​ទាំង​បួន​នេះ ដោយ​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នឹង​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​ទី ១៥ មិថុនា ខានស្អែក​នេះ​។

២. បញ្ហា​ការ​បិទ​ព្រំដែន​ក៏​នឹង​មិន​ត្រូវ​ដាក់​ជា​កម្មវត្ថុ​ក្នុង​ការ​ពិភាក្សា ក្នុង​កិច្ចប្រជុំ JBC ស្អែក​នេះ​ដែរ ម្យ៉ាង​ដោយសារ​ការ​បិទ​ ឬ​បើក​ច្រកព្រំដែន​មិនមែន​ជា​សមត្ថកិច្ច​របស់ JBC ទេ​។ ម្យ៉ាងទៀត​ គឺបញ្ហា​ពាក់ព័ន្ធ​ជាមួយនឹង​ការ​បិទ​ច្រកព្រំដែន​នេះ គឺ​ងាយស្រួល​ដោះស្រាយ​ទេ បើសិនជា​កងទ័ព​ថៃ​ ដែល​បាន​ចាប់ផ្ដើម​ដាក់​វិធានការ​បិទ​ច្រកព្រំដែន​ជា​ឯកតោភាគី​ កាលពី​ថ្ងៃ​ទី​៧ មិថុនា ​កន្លង​ទៅ​នេះ ធ្វើការ​បើក​ព្រំដែន​ដូច​ស្ថានភាព​ដើម​ជា​ឯកតោភាគី​វិញ​នោះ​។ កម្ពុជា​មិន​មាន​បំណង​បង្ក​បញ្ហា ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ ឬ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រជាជន​ថៃ ​និង​កម្ពុជា ​តាម​ព្រំដែន​ទេ​។ ប៉ុន្តែ​កម្ពុជា​ក៏​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ដាក់​ចេញ​ នូវ​វិធានការ​នានា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង ​ឬ​ការ​ដាក់​សំពាធ​ពី​ខាងក្រៅ​ ។

«​ខ្ញុំ​សូម​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​អ្នក​ចាប់ផ្ដើម​បញ្ហា​នេះ​ទេ​។ ហេតុ​ដូច្នេះ​កម្ពុជា​ក៏​មិន​ត្រូវជា​អ្នក​ដែល​បញ្ចប់​បញ្ហា​នេះ​មុន​ដែរ​។ រឿង​ដែល​កើតឡើង​ដោយ​ឯកតោភាគី ត្រូវ​បញ្ចប់​វិញ​ដោយ​ឯកតោភាគី​។ មិន​មានការ​ចាំបាច់​ចរចា​គ្នា​នោះ​ទេ​។ អ្នក​ណា​ចាប់ផ្ដើម​មុន អ្នក​នោះ​បញ្ចប់​មុន​ទៅ​ជា​ការ​ស្រេច​»​។ នេះ​ជា​ការ​សង្កត់ធ្ងន់​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ