ខេត្តបាត់ដំបង ៖ ក្រុមការងាររដ្ឋបាលស្រុកភ្នំព្រឹក ដែលដឹកនាំដោយអភិបាលស្រុក លោក សុង សុភ័ក្រ នៅព្រឹកថ្ងៃទី១៥ ធ្នូ នេះ បានចុះសួរសុខទុក្ខផ្ដល់ជូនថវិកា និង ស្បៀងអាហារខ្លះៗ ដល់វរជនកងទ័ពម្នាក់ ដែលទើបចេញពីមន្ទីរពេទ្យ ដោយសាររងរបួសនៅសមរភូមិមុខ«អូរស្មាច់» ខេត្តឧត្តមានជ័យ ។

អភិបាលស្រុកភ្នំព្រឹក លោក សុង សុភ័ក្រ បានប្រាប់ថា យុទ្ធជនដែលរងរបួសក្នុងសមរភូមិជួរមុខនោះឈ្មោះ អ៊ិន វិច្ឆិកា ភេទប្រុស រស់នៅភូមិកូនភ្នំ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។ វរកងទ័ពរូបនេះ រងរបួសជើង និងផ្សែងពុលរបស់សត្រូវឈ្លាន នៃពួកទាហានថៃ នៅសមរភូមិមុខ «អូរស្មាច់» ខេត្តឧត្តមានជ័យ ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ក្រោយរងរបួស វរកងទ័ពរូបនេះ ត្រូវបានអង្គភាពបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។ លុះបានធូរស្បើយ ទើបបញ្ជូនគាត់មកព្យាបាលបន្តនៅផ្ទះ ហើយលោកនិងមន្ត្រីរដ្ឋបាលស្រុក ក៏បានចុះទៅទៅសួរសុខទុក្ខដល់លំនៅឋានគាត់ ជាមួយនឹងថវិកាបន្តិចបន្ទូច រួមជាមួយស្បៀងអាហារមួយចំនួនផង ជូនដល់គ្រួសារគាត់ ។

បើតាមរបាយការណ៍ លោកអភិបាលស្រុកភ្នំព្រឹក អំណោយដែលបានឧបត្ថម្ភជូនវរកងទ័ពដែលរងរបួសលោកអ៊ិន វិច្ឆិកា រួមមាន«ថវិកាចំនួន១លានរៀល អង្ករ ទឹកត្រី ទឹកសីអីវ សាច់ក្រក ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគ» មួយចំនួនទៀត ។

ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារនៃគណៈបញ្ជាការកងឯកភាពស្រុកភ្នំព្រឹក ដែលដឹកនាំដោយលោកសុង សុភ័ក្រ អភិបាលស្រុកនេះ បាននាំយកអំណោយទៅចែកជូន ឬឧបត្ថម្ភដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដែលរត់ភៀសសឹកពីស្រុកភ្នំព្រឹក និងតាមបណ្ដាស្រុកនានា ជាប់ព្រំដែនខ្មែរ-ថៃ ទៅជ្រកកោននៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងស្រុកបរវេល ។ អំណោយទាំងនោះមានដូចជា ស្បៀងអាហារ ទឹកសុទ្ធ បន្លែ ផ្លែឈើ ។

បើតាមលោកអភិបាលស្រុកភ្នំព្រឹកស្បៀងអាហារទាំងនេះ មួយចំនួនផ្ដល់ដោយរដ្ឋបាលខេត្ត រីឯមួយចំនួនទៀត ជាជួយឧបត្ថម្ភពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ដូចជាបន្លែសុវត្ថិភាព និងផ្លែឈើជាដើម ។ ពេលនេះ រដ្ឋបាលស្រុកភ្នំព្រឹក បាននិងកំពុងរៀបចំ ស្បៀងអាហារ ឬសម្ភារៈផ្សេងៗ ដើម្បីជួយឧត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹកជាបន្តបន្តាប់ទៀត ដែលពួកគេកំពុងខ្វះខាត នៅតាមមណ្ឌលសុវត្ថិភាពនានា ក្នុងស្រុកបវេល និង ស្រុកថ្មគោល៕



ចែករំលែកព័តមាននេះ