ប្រទេសរុស្ស៊ី ៖ តុលាការទីក្រុងមូស្គូ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសថា ធនាគារកណ្តាលរុស្ស៊ីបានដាក់ពាក្យបណ្តឹងទាមទារសំណងចំនួន ២២៩,៣៦ពាន់លានដុល្លារអាមេរិកពីក្រុមហ៊ុនផ្តល់សេវាប្រតិបត្តិការហិរញ្ញវត្ថុ Euroclear ដែលមានមូលដ្ឋាននៅក្នុងប្រទេសបែលហ្ស៊ិក។ ដ្បិត Euroclear បច្ចុប្បន្នកំពុងកាន់កាប់ទ្រព្យសម្បត្តិភាគច្រើន ដែលត្រូវបានបង្កកដោយសហភាពអឺរ៉ុប បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមសកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ។
បណ្តឹងរបស់ធនាគារកណ្តាលរុស្ស៊ី គឺជាការឆ្លើយតបទៅនឹងផែនការរបស់សហភាពអឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់ខ្លួន សម្រាប់ផ្តល់ជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែន។ តុលាការទីក្រុងមូស្គូត្រូវបានរំពឹងទុកថានឹងចេញសេចក្តីសម្រេចយ៉ាងឆាប់រហ័ស ដើម្បីគាំទ្រធនាគារកណ្តាលរុស្ស៊ី ដើម្បីអាចបន្តការអនុវត្តរបស់ខ្លួន នៅក្នុងដែនសមត្ថកិច្ច ឬផ្លូវច្បាប់ផ្សេងទៀត។
រដ្ឋាភិបាលសហភាពអឺរ៉ុបបានយល់ព្រមនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ី ស្ថិតក្រោមការកាន់កាប់នៅអឺរ៉ុបដោយគ្មានកំណត់ ដោយលុបបំបាត់ឧបសគ្គដ៏ធំមួយនៅក្នុងប្រើប្រាស់សាច់ប្រាក់ ដើម្បីជួយដល់អ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ី។
ធនាគារកណ្តាលរុស្ស៊ីនៅថ្ងៃដដែលនោះ បានប្រកាសថា ផែនការរបស់សហភាពអឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីគឺជារឿងខុសច្បាប់ ហើយខ្លួនរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយដែលមានទាំងអស់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន៕

ចែករំលែកព័តមាននេះ