រាជធានីភ្នំពេញ៖ គិតពីម៉ោង៦យប់ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រមួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា បានបណ្តាលឱ្យពលរដ្ឋកម្ពុជាជាច្រើនក្លាយជាជនភៀសសឹកក្រោមស្នាដៃនៃសកម្មភាពឈ្លានពានរបស់យោធាថៃ ដែលបានប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗ យន្តហោះចម្បាំងថែមទៀត ។
នេះគឺជាគូសបញ្ជាក់របស់លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅក្នុងការធ្វើសេចក្ដីសង្ខេបព័ត៌មានស្តីពីផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាទទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។
លោក ទូច សុឃៈ បានលើកឡើងថា សកម្មភាពឈ្លានពាននេះ បានបណ្តាលឱ្យពលរដ្ឋកម្ពុជាបាត់បង់ជីវិត រងរបួស ធ្វើឱ្យខូចខាតផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រាសាទបុរាណ ផ្សារ ផ្លូវថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដទៃទៀតជាច្រើន និងបានធ្វើឱ្យពលរដ្ឋកម្ពុជារងនូវទុក្ខវេទនាដោយសារតែសង្គ្រាមឈ្លានពានមួយនេះ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តថា តែទោះជាយ៉ាងណាក៏ដោយ ក៏វិធានការផ្នែកយោធា បូករួមជាមួយកងកម្លាំងនគរបាលការពារព្រំដែននៅតំបន់ដែលកំពុងទទួលរងការឈ្លានពានបានស្រាក់ដៃគ្នាជាធ្លុងមួយ ដើម្បីឈរជើងយ៉ាងរឹងមាំក្នុងការការពារនូវដែនអធិបតេយ្យភាពរបស់ខ្លួន ការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទៅ មិនថា តែពលរដ្ឋកម្ពុជានោះទេ ដើម្បីធានានូវសិទ្ធិរស់រានមានជីវិតរបស់ពួកគេជាទូទៅដែលស្ថិតនៅក្នុងស្ថានភាពដែលសង្គ្រាមកំពុងកើតឡើង ហើយថា រដ្ឋបាលខេត្តនីមួយៗដែលទទួលរងការឈ្លានពានរបស់ភាគីថៃនឹងបន្តសម្របសម្រួល និងជម្លៀសបងប្អូនចេញពីតំបន់រងការវាយប្រហារ ឬតំបន់ដែលអាចរងនូវការវាយប្រហារ ។
ទន្ទឹមនេះ បន្តយកចិត្តទុកដាក់គ្រប់គ្រង និងថែរក្សាជនភៀសសឹកនៅតាមជម្រកសុវត្ថិភាព ពង្រឹងការថែរក្សាសន្តិសុខផ្ទៃក្នុង និងការល្បាតនៅតាមភូមិឋានដែលបងប្អូនជម្លៀសដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូនដែលភៀសសឹក ។ បន្តតាមដានការវិវត្តន៍សភាពការណ៍ថ្មីៗ និងចាត់វិធានការឆ្លើយតបបន្ទាន់តាមសភាពជាក់ស្តែង។
ក្នុងឱកាសនោះ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា រហូតមកដល់ពេលនេះ គឺមានបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន១២១ ៣៧២គ្រួសារ កើនឡើងចំនួន៥៥៨គ្រួសារ ស្មើនឹង៤០៥ ៧៥៨នាក់ កើនឡើងចំនួន២១៥៧នាក់ ក្នុងនោះ មានស្រីចំនួន២០៨ ៣៥៥នាក់កើនឡើងចំនួន៧៩នាក់ ៕
ចែករំលែកព័តមាននេះ