រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ចូលរួមក្នុងឱកាសនោះដែរមាន លោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក សេង គន្ធ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ផងដែរ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អ ទាំងការបំរើសេវាជូនពួកគាត់ ដឹងសុខទុក្ខពួកគាត់ និងមើលថែទាំ ជួសជុលរចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានឱ្យបានល្អ ជាមួយនឹងការដឹកជញ្ជូនសំរាមផងដែរ ដូចជាលូ ផ្លូវជាដើម ។
លោក ឃួង ស្រេង បន្តថា ក្នុងនាមមន្ត្រីបក្សនៅថ្នាក់សង្កាត់ ត្រូវក្តាប់ព័ត៌មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីយើងអាចជួយប្រជាពលរដ្ឋរបស់យើង នៅក្នុងមូលដ្ឋានបានលឿន និងទាន់ពេលវេលា។ ចំពោះអ្វី ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ហើយនៅថ្នាក់សង្កាត់ដោះស្រាយមិនបានត្រូវប្រញ៉ាប់ រាយការណ៍មកថ្នាក់ខណ្ឌ ឬថ្នាក់រាជធានីភ្នំពេញភ្លាម ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានឱ្យលោកប្រធានភូមិទាំង៩ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ លើកពីចំណុចខ្លាំង ខ្សោយ និងទិសដៅខាងមុខនៅតាមភូមិនីមួយៗ សំដៅធ្វើយ៉ាងណា យកជ័យជំនៈ ក្នុងការបោះឆ្នោត នៅឆ្នាំ២០២៧-២០២៨ ឱ្យបាន ។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ទើបយើងអាចរក្សាសន្តិភាព និងរក្សាបូរណៈភាពទឹកដីពីចោរឈ្លានពានបាន ។
លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត រហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះ ក្នុងការបោះឆ្នោតរហូតមក ។
លោក ឃួង ស្រេង បានបន្តទៀតថា ៖ យើងមានថ្នាក់ដឹកនាំយើងល្អ ពិតជាសំណាងយើងណាស់ ។ ស្របពេលនេះ យើងមានបញ្ហាព្រំដែនជាមួយថៃ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចហើយ ឱ្យតែរាជរដ្ឋាភិបាលដាក់បទបញ្ជា ឱ្យទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃ មកស្រុកកំណើត យើងនឹងអនុវត្តតាមបទបញ្ជាភ្លាមៗ ។ នេះជាការគិតគូពីសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់យើង មិនដូចជនអគតិមួយចំនួននោះទេ ៕










ចែករំលែកព័តមាននេះ