ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្មេញ​ថ្គាមទាល់ ៖ លក្ខខណ្ឌ​៧​យ៉ាង​ដែល​តម្រូវ​ឱ្យ​វះកាត់​ចេញ និង​វិធី​ព្យាបាល​ដែល​មាន​សុវត្ថិភាព

1 ម៉ោង មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ ធ្មេញ​ថ្គាមទាល់ ឬ​ធ្មេញ​ថ្គាម​ធំ​ទី​៣ ជា​ធ្មេញ​ដែល​ដុះ​ក្រោយ​គេ ស្ថិត​នៅ​ក្នុង​ចន្លោះ​អាយុ​ពី​១៨ ទៅ​២០​ឆ្នាំ ។ ធ្មេញ​ថ្គាមទាល់…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ ធ្មេញ​ថ្គាមទាល់ ឬ​ធ្មេញ​ថ្គាម​ធំ​ទី​៣ ជា​ធ្មេញ​ដែល​ដុះ​ក្រោយ​គេ ស្ថិត​នៅ​ក្នុង​ចន្លោះ​អាយុ​ពី​១៨ ទៅ​២០​ឆ្នាំ ។ ធ្មេញ​ថ្គាមទាល់ មាន​ចំនួន​៤ គឺ​ខាងលើ​២ និង​ខាងក្រោម​២ ហើយ​ជា​ញឹកញាប់ យើង​សង្កេត​ឃើញ​ថា ធ្មេញ​ថ្គាមទាល់​ខាងក្រោម​ភាគច្រើន​ដុះ​ផ្អៀង ឬ​កប់​មួយ​ផ្នែក ឬ​កប់​ទាំងមូល​នៅ​ក្នុង​ឆ្អឹង ដែល​ប្រឈម​នឹង​ការ​វះកាត់​យក​ចេញ​។

១) ហេតុ​អ្វី​ត្រូវ​ធ្វើការ​វះកាត់​ថ្គាមទាល់?

តាម​រយៈ NICE guideline (National Institute For Health and Clinical Excellence) ការ​វះកាត់​ថ្គាមទាល់​ធ្វើ​ឡើង​ក្នុង​ករណី​ដូច​ខាងក្រោម​៖

– ការ​រលាក​អញ្ចាញ ឬ​ហើម​សាច់​ដែល​គ្រប​លើ​ធ្មេញ​ថ្គាមទាល់​ញឹកញាប់

– ធ្មេញ​ថ្គាមទាល់​ដែល​ពុក​ផុយ​មិន​អាច​ប៉ះ​បាន

– ធ្មេញ​ថ្គាមទាល់​ដែល​បង្ក​រោគ​នៅ​ចុង​រឹសធ្មេញ

– ធ្មេញ​ថ្គាមទាល់​ដែល​ធ្វើ​អោយ​ថ្គាម​ធំ​ទី​២​ពុក ឬ​បង្ក​ជំងឺ​រលាក​ជាលិការ​ជុំវិញ​ធ្មេញ​ដែល​មាន​ជំរៅ​លើស​ពី ៥​ម​.​ម

– ធ្មេញ​ថ្គាមទាល់​ដែល​បង្ក​ជា​គីស​ធ្មេញ ឬ​ដុំ​សាច់​ផ្សេង​ៗ

– មុន​ពេល​ពត់​តម្រង់​ធ្មេញ ឬ​វះកាត់​កែតម្រូវ​ឆ្អឹងថ្គាម

– ធ្មេញ​ថ្គាមទាល់​ដែល​ស្ថិត​នៅ​តំបន់​ឆ្អឹង​បាក់បែក

– ការ​វះកាត់​ថ្គាមទាល់​ចេញ​មុន​ពេល​អ្នកជំងឺ​ព្យាបាល​សុខភាព​មួយ​ចំនួន​ដូច​ជាៈ

  • មុន​ពេល​បាញ់​កាំរស្មី​ដើម្បី​ព្យាបាល​ជំងឺមហារីក​តំបន់​ក និង​ក្បាល
  • មុន​ពេល​វះកាត់​ផ្លាស់​ប្តូរ​សរីរាង្គ
  • មុន​ពេល​ព្យាបាល​ដោយ​ថ្នាំ​គីមី
  • មុន​ពេល​ការ​ព្យាបាល​ដោយ​ថ្នាំ Biphosphonate

២) តើ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​បានការ​វះកាត់​ថ្គាមទាល់​អោយ​មាន​សុវត្ថិភាព0x017d7

ត្រូវ​ធ្វើការ​ប្រឹក្សា​ជាមួយ​ទន្ត​បណ្ឌិត​ដែល​មាន​ជំនាញ​ច្បាស់ ព្រោះ​គ្រូពេទ្យ​ធ្មេញ​អាច​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ទៅ​តាម​ស្ថានភាព​អ្នកជំងឺ​ដោយ​ពឹងផ្អែក​លើ

– ការ​ដឹង​ពី​ប្រវត្តិ​សុខភាព​ទូទៅ​របស់​អ្នកជំងឺ

– ការ​ពិនិត្យ​លើ​សុខភាព​មាត់​ធ្មេញ​ទូទៅ

– ការ​ពិនិត្យ​ក្រៅ​មាត់ លើ​ផ្ទៃមុខ

– ការ​ពិនិត្យ​ក្នុង​មាត់

– ការ​ថត​ឆ្លុះ​ជាមួយ​បច្ចេកវិទ្យា​ទំនើប ដូច​ជា Panoramic X-ray, CBCT ឬ CT Scan ជាដើម ក្នុង​ករណី​ស្មុគស្មាញ

– បច្ចេកទេស​ក្នុង​ការ​វះកាត់​ដ៏​ត្រឹមត្រូវ និង​ឧបករណ៍​មាន​អនាម័យ

– ការ​ប្រើប្រាស់​ថ្នាំ​ក្រោយ​ការ​វះកាត់

– ការ​គ្រប់គ្រង​ផលវិបាក​ផ្សេង​ៗ មុន កំឡុង​ពេល និង​ក្រោយ​ការ​វះកាត់

៣) តើ​ពេល​ណា​គួរតែ​ធ្វើការ​វះកាត់​ថ្គាមទាល់?

ជា​ទូទៅ ប្រសិនបើ​ទន្ត​បណ្ឌិត​ពិនិត្យ​ឃើញ​ថា ធ្មេញ​ថ្គាមទាល់​ត្រូវការ​វះកាត់​យក​ចេញ ពេលវេលា​ដ៏​សាក​សម​បំផុត គឺ​ពេល​អ្នកជំងឺ​នៅ​វ័យក្មេង ព្រោះថា

– ងាយស្រួល​យក​ចេញ ព្រោះ​មនុស្ស​ចាស់​មាន​កំហាប់​ឆ្អឹង​ក្រាស់

– ឆាប់​ជា​សះស្បើយ និង​ជួប​នូវ​គុណវិបត្តិ​តិចតួច

– ដើម្បី​ជៀសវាង​ផលវិបាក​ផ្សេង​ៗ បង្ក​ឡើង​ដោយ​ថ្គាមទាល់

៤) តើ​ក្នុង​ករណី​អ្នកជំងឺ​មានការ​ភ័យ​ខ្លាច​ខ្លាំង តើ​គួរ​ធ្វើ​ដូច​ម្តេច?

ជាមួយ​បច្ចេកទេស​រីក​ចំរើន យើង​អាច​ធ្វើការ​ដាក់​ថ្នាំ​សណ្តំ (​អោយ​ដឹងខ្លួន ឬ​មិន​អោយ​ដឹងខ្លួន​) មុន​ពេល​វះកាត់ ហើយ​អាច​យក​ធ្មេញ​ថ្គាមទាល់​ចេញ​ទាំងអស់ (៤​ធ្មេញ​) ក្នុង​ពេល​តែ​មួយ​បាន ក្នុង​ពេល​វះកាត់​តែ​មួយ​លើក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ