ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ជា​ពលរដ្ឋ​ខ្មែរ​មក​ពី​ថៃ ទោះបី​មាន​ឬ​គ្មាន​ឯកសារ​ទទួល​យក​ទាំងអស់

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា​ទោះបីជា​អ្នក​ណា​ក៏​ដោយ​ឲ្យ​តែជា​ខ្មែរ​ទោះ​មានឬ​គ្មាន​ឯកសារ​រាជរដ្ឋា​ភិ​បាល​ទទួលយក​បាន​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​។ សម្តេច​តេ​ជោ​បាន​សរសេ​រលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥​ថា…

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា​ទោះបីជា​អ្នក​ណា​ក៏​ដោយ​ឲ្យ​តែជា​ខ្មែរ​ទោះ​មានឬ​គ្មាន​ឯកសារ​រាជរដ្ឋា​ភិ​បាល​ទទួលយក​បាន​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​។


សម្តេច​តេ​ជោ​បាន​សរសេ​រលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥​ថា មុន​នេះ​ នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​បាន​ចេញ​សារ​ទាក់ទង​ដល់​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ​។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ​នេះ​ជា​វិធានការ​គ្រប់​ជ្រុងជ្រោយ​ដែលជួយ​សម្រួល​ដល់​បងប្អូន​ដែល​វឹល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដើម្បី​រកការងារ​ធ្វើ​ឬ​បង្កើត​មុខរបរ​ថ្មី​។


តែ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា បងប្អូន​ខ្លះ​បាន​ចោទសួរ​ថា​មាន​បងប្អូន​នៅ​ថៃ​៣០​ឆ្នាំ​ហើយ​ចង់​មក​រស់នៅមើល​ម្តាយ​ដែល​មាន​អាយុ​៨០​ឆ្នាំ​តែ​គាត់​ពុំ​មាន​ឯកសារ​។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​៖ «ខ្ញុំ​អាច​ឆ្លើយ​បាន​ថា អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ជា​ខ្មែរ​ទោះ​មាន ឬ​គ្មាន​ឯកសារ​រាជរដ្ឋា​ភិបាល​ទទួលយក​បាន​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​។​សូម​បងប្អូន​ពលករ​វឹល​ត្រឡប់​មក​មាតុភូមិ​វិញ​មុន​ពេល​អាជ្ញាធរ​ថៃ​បណ្តេញចេញ​និង​ការ​ប្រមាថ​» ​។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖” ខ្ញុំ​និយាយ​បែប​នេះ​ព្រោះ​ខ្ញុំ​យល់​ច្បាស់​ថា​ជម្លោះព្រំដែន កម្ពុជា .​ថៃ​នឹង​អូស​បន្លាយពេល​យូរ​ពិសេស​នៅ​ពេល​កម្ពុជា​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការយុ​ត្តិ​ធ​ម៍​អន្តរជាតិ​ICJ​ពេល​នោះ​ពួកជ្រុលនិយម​ថៃ​និង​យោធា​ថៃ​មួយ​ចំនួននឹង​រករឿង​ធ្វើបាប​បងប្អូន​។ នេះ​ជា​រឿង​ពិត​ដែល​បាន​និង​កំពុង​កើតឡើង​និង​ត្រូវ​តែ​កើតឡើង​ដោយ​មិន​រួច​”​។
ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​ភ្ជាប់​នូវ​សារ​របស់​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​ដើម្បី​បងប្អូន​បាន​ជ្រាប​។

នេះ​ជា​សារ​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត ក្នុង​ករណី​មានការ​វិល​ត្រឡប់​ក្នុង​ទ្រង់ទ្រាយ​ធំ​ដោយ​មូលហេតុ​ណាមួយ របស់​បងប្អូន​ពលករ​ខ្មែរ​យើង​ពី​ប្រទេស​ថៃ រាជរដ្ឋាភិបាល​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ ÷ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំង​៧ ត្រៀម​សម្រប​សម្រួលការ​ឆ្លងកាត់​ព្រំដែន ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន ការ​ហូប​ចុក និង​ថែទាំ​ព្យាបាល​សុខភាព​បឋម ជូន​បងប្អូន​នៅ​តំបន់​ព្រំដែន​។

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលា​រាជធានី​ភ្នំពេញ ត្រៀម​រថយន្ត ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​ពី​ព្រំដែន ត្រឡប់​ទៅ​ស្រុក​កំណើត​។ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រៀម​ជួយ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ជូន​បងប្អូន​ដែល​ត្រលប់​មក​វិញ ដោយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​យើង​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជា​មធ្យម​រាប់​មុ​ឺ​ន​នាក់​។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀមលក្ខណៈ​ក្នុង​ការ​ជួយ​អន្តរាគមន៍ ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រូវ​ត្រឡប់​មក​វិញ​ក្នុង​ការ​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ តាម​រយៈ​កញ្ចប់​អន្តរាគមន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​មួយ​ចំនួន​។

ជាមួយ​គ្នា​នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​សមាគម​ធនាគារ​នៅ​កម្ពុជា និង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មក​ពី​ថៃ​វិញ ចំពោះ​អ្នក​ដែល​មាន​ជាប់ជំពាក់​បំណុល​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅ​តាម​លទ្ធភាព ឬ ក្នុង​មួយ​រយៈពេល​កំណត់​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន ។

ពេល​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ប្រឈម​នឹង​បញ្ហា ស្មារតី​សាមគ្គី​ឯកភាព​ជាតិ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​ចំណុចខ្លាំង​របស់​ប្រជាជាតិ​ខ្មែរ​យើង​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ