ខេត្តបាត់ដំបង ៖ បន្ទាប់ពីកម្លាំងស្នងការខេត្តចុះបង្ក្រាបទីតាំងកត់កន្ទុយលេខបានចំនួន ៤កន្លែង កាលពីរសៀលថ្ងៃទី២៩ កញ្ញានេះ នៅក្នុងស្រុកសំឡូត ស្រាប់តែបែកធ្លាយព័ត៌មានជាហូហែរមកថា មេកន្ទុយលេខទាំង៤ទីតាំងនោះសុទ្ធសឹងជាកន្លែងដែលការពារយ៉ាងរឹងមាំដោយលោកកោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត តែលោកអធិការរូបនេះ បានបដិសេធចំពោះការ ចោទប្រកាន់នេះ ។
កម្លាំងកងអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋានខេត្ត ដែលទទួលបទបញ្ជាពីលោកស្នង ការខេត្ត ឲ្យចុះប្រតិបត្តិការបង្ក្រាបល្បែងកន្ទុយលេខនេះបានឲ្យដឹងថា កម្លាំងកងអន្តរាគនមន៍បង្ការបង្ក្រាបបានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខ (លក់ឆ្នោត) ចំនួន៤គោលដៅធំៗនៅក្នុងឃុំកំពង់ល្ពៅ ឃុំស៊ុង និងឃុំតាសាញ នៅស្រុកសំឡូត ។ មន្ត្រីដដែលបានប្រាប់ថា ទីតាំងកត់កន្ទុយលេខទាំងនេះ និងជាច្រើនកន្លែងទៀតដែលកំពុង ដំណើរការពាសពេញ ស្រុកសំឡូត សុទ្ធតែជ្រោកក្រោមស្លាកក្រុមហ៊ុន«ឆ្នោតខ្មែរ» ។
បើតាមរបាយការណ៍បានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានឃាត់ ខ្លួន មេកន្ទុយលេខចំនួន៤នាក់ មាន១-ឈ្មោះ មាស យីន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសុង១ ឃុំសុង ស្រុកសំឡូត ២-ឈ្មោះ ជួន សៀកហេង ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិអូរទទឹម ឃុំតាសាញ ស្រុកសំឡូត ដែលមានទីតាំងលក់កន្ទុយលេខ នៅក្នុងផ្សារ ៣-ឈ្មោះ ងឿន រីណា ភេទស្រី អាយុ២៩ឆ្នាំ និង៤-ឈ្មោះ គ្រី សុគុណ ភេទប្រុស អាយុ៣៩ឆ្នាំ ទាំង២នាក់ រស់នៅក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។ ក្រៅពីឃាត់ខ្លួនមេកន្ទុយលេខ ៤នាក់ សមត្ថកិច្ចក៏បានដកហូតនូវវត្តុតាងមួយចំនួនផងដែរដែលពាក់ព័ន្ធនឹងបទល្មើសនេះ ។
ជាមួយនឹងការបង្ក្រាបមេកន្ទុយលេខនៅស្រុកសំឡូតដែលមិនធ្លាប់មានពីមុនមកនេះ ស្រាប់តែបែកធ្លាយនូវរឿងអាស្រូវជាច្រើនរវាងមេកន្ទុយលេខ និងមន្ត្រីនគរបាល ។ ជាពិសេលោកអធិការស្រុកសំឡូតតែម្ដង ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធយ៉ាង កៀកបំផុតជាមួយនឹងល្បែងកន្ទុយលេខនេះ ។
ប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តមួយបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា បច្ចុប្បន្នទីតាំងកត់កន្ទុយលេខនៅក្នុងស្រុកសំឡូត មានស្ទើរគ្រប់ទីកន្លែង ទាំងអស់ នៅតាមបណ្ដាឃុំ និងនៅក្នុងផ្សារស្រុកសំឡូត ។ ទីតាំងទាំងនោះសុទ្ធ តែមានសមត្ថកិច្ច ធ្វើជាខ្នងបង្អែកយ៉ាងរឹងមាំទៀតផង ។ ប្រភពដដែលបានឲ្យដឹងថា ដំបូងឡើយ រាល់ទីតាំងកត់កន្ទុយលេខទាំងនោះត្រូវបង់សំណូកឲ្យលោកអធិការស្រុក ក្នុង១ខែ ចាប់ពី២០ដុល្លាររហូតដល់១០០ដុល្លារ តាមទីតាំងតូច ឬធំ ។ ប៉ុន្តែប្រហែល៣ ឬ៤ខែកន្លងទៅនេះ ត្រូវបានកែប្រែកម្មវិធីតាមបទបញ្ជាលោកកោ ស៊ុនកាំង អធិការស្រុកវិញ ។ មន្ត្រីមួយរូបក៏បានទម្លាយនូវរឿងប្រព្រឹត្តអំពើពុករលួយនេះ ស្រដៀងគ្នានឹងប្រភព ខាងលើដែរថា ប៉ុន្មានខែកន្លងទៅនេះ លោកកោ ស៊ុនកាំង អធិការស្រុកសំឡូត បានដាក់ផែនការ ឲ្យមេប៉ុស្តិ៍គ្រប់ឃុំកោះហៅមេកន្ទុយលេខដែលមាននៅក្នុងមូលដ្ឋានរបស់ ខ្លួនឲ្យចូលទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីប្រជុំពិភាក្សាគ្នាអំពីរឿងលក់កន្ទុយលេខ ។ មន្ត្រីរូបនេះបាននិយាយថា លោកស៊ុនកាំង បានណែនាំឲ្យលោកមេប៉ុស្តិ៍ទាំងអស់ត្រូវចាប់បង្ខំ តែបានដល់មេកន្ទុយលេខទាំងនោះដាច់ខាតត្រូវតែលក់ឡើងឲ្យមេឆ្នោតដ៏ធំមហិមាម្នាក់ ឈ្មោះប៊ុន ចាន់តូ ដែលប្រភពខ្លះថាមេឆ្នោតដ៏ធំនេះបាត់ដំបង និងខ្លះទៀតថា នៅខេត្តប៉ៃលិន តែបើអ្នកកត់កន្ទុយលេខណាមិនព្រមឡើងឲ្យមេធំឈ្មោះ ប៊ុន ចាន់តូ នោះទេ លោក អធិការដ៏មហិមានេះ នឹងបញ្ជាឲ្យបង្ក្រាបភ្លាមៗតែម្ដង ។ ព្រោះឈ្មោះ តូ នេះជាអ្នកម៉ៅផ្ដាច់ នៅក្នុងស្រុកសំឡូត ។
ប្រភពដដែលបានបញ្ជាក់ថា សព្វថ្ងៃមានទីតាំងកត់កន្ទុយលេខច្រើនស្អេកស្កះដែលកំពុងបើក ដំណើរយ៉ាងអាណាធិបតេយ្យពាសពេញស្រុកសំឡូតជ្រកក្រោមស្លាកក្រុមហ៊ុន«ឆ្នោតខ្មែរ» ដែលសកម្មភាពនេះហាក់ដូចជា រៀបចំឡើងដោយមានរចនាសម្ព័ន្ធត្រឹមត្រូវតែម្ដង ។ ប៉ុន្តែមិនមែនមានតែលោកអធិការមួយរូបទេ ដែលកំពុងស្ថិតនៅពីក្រោយល្បែង កន្ទុយលេខនេះ គឺនៅមានលោកអធិការរងដ៏ល្បីឈ្មោះមួយរូបទៀត ក៏កំពុងបែងចែក ទឹកដី ការពារល្បែងនេះយ៉ាងពេញទំហឹងនៅក្នុងស្រុកសំឡូតនេះដែរ ។ ជុំវិញការចោទប្រកាន់ពីប្រភពខាងលើនេះលោកកោ ស៊ុនកាំង អធិការស្រុកសំឡូត បានបំភ្លឺប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ ក្រោយពេលមានការបង្ក្រាបល្បែងនេះថា លោកមិនដែលទទួលបានលុយ៥ពាន់ ឬ១ម៉ឺនរៀលពីមេកន្ទុយលេខទាំងនោះទេ ហើយក៏មិនជាប់ពាក់ព័ន្ធនឹងមេកន្ទុយលេខទាំងនោះដែរ ។ លោកកោ ស៊ុនកាំង បានអ៊ួតថា «ខ្ញុំមិនងាយផ្ដេសផ្ដាសទេ» ។ លោកប្រាប់ថា មេឆ្នោតទាំងនោះសុទ្ធតែមាន អាជ្ញាប័ណ្ណ ឆ្នោតខ្មែរ ។ ប៉ុន្តែលោកទទូលស្គាល់ថា ទីតាំងកត់កន្ទុយលេខមួយចំនួនពិតជាមានលក់ឆ្នោតយួន ឬឆ្នោតសៀមមែន ជ្រកក្រោមស្លាកក្រុមហ៊ុន«ឆ្នោតខ្មែរ» ។
ផ្ទុយពីការបកស្រាយរបស់លោកកោ ស៊ុនកាំង ដែលបានអះអាងថា មិនផ្ដេសផ្ដាសជាមួយ នឹងល្បែងកន្ទុយលេខនេះ ។ មេកន្ទុយលេខម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានសារភាពថា«សព្វថ្ងៃខ្ញុំលក់ឆ្នោតយួន.. ខ្ញុំដឹងថា ខុសច្បាប់ដែរ តែដោយសារមានមេឆ្នោតធំឈ្មោះ ប៊ុន ចាន់តូ ជាអ្នកធានាខុសត្រូវទើបខ្ញុំហ៊ាន» ។ មេកន្ទុយលេខរូបនេះបានទម្លាយឲ្យដឹងថា ដំបូងមានលោកមេប៉ុស្តិ៍ម្នាក់បាននាំមេឆ្នោតធំឈ្មោះ ប៊ុន ចាន់តូ នេះទៅជួបខ្លួន ដល់ផ្ទះដោយនិយាយណែនាំឲ្យខ្លួនលក់ឡើងឲ្យគាត់ (ប៊ុនចាន់តូ) ។
ពេលនោះមេកន្ទុយលេខឈ្មោះ ប៊ុន ចាន់តូ បាននិយាយប្រាប់ខ្លួនថា «លក់ឡើងឲ្យខ្ញុំទៅ គ្មានអ្នកណាហ៊ានចាប់ទេ ព្រោះមានអាជ្ញាធរដែនដីជាអ្នកទទូលខុសត្រូវ គឺមានលោកមេប៉ុស្តិ៍.. និងលោកកាំង អធិការស្រុក» ។ បុរសនេះបានបញ្ជាក់ថា ដោយសារតែមានការធានាគ្រប់បែបយ៉ាងនេះហើយ ទើបខ្លួនហ៊ានលក់កន្ទុយលេខរហូតមក ដល់ពេលនេះ ។ ទោះជាយ៉ាងណាជុំវិញការបង្ក្រាបបទល្មើសល្បែងកន្ទុយលេខខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសន៍ថា ពេលនេះ មេកន្ទុយលេខត្រូវបានបញ្ជូនមកកាន់ស្នងការខេត្តហើយ ដើម្បីសួរនាំ ។ លោកបានបញ្ជាក់ថា រឿងការឃុំឃិតគ្នារវាងមេឆ្នោតជាមួយសមត្ថកិច្ចក្នុងដែនដីក្នុងការបើកល្បែងកន្ទុយលេខនោះ ពេលនេះ លោកស្នងការខេត្តកំពុងបញ្ជាឲ្យធ្វើការស្រាវជ្រាវហើយ ។
ដោយឡែកមេកន្ទុយលេខទាំង៤នាក់ ដែលត្រូវឃាត់ខ្លួននេះ បើតាមគោលការណ៍របស់លោកស្នងការខេត្ត គឺបញ្ជាឲ្យមន្ត្រីជំនាញសួរនាំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធីហើយ ។
សូមបញ្ជាក់ថា បើតាមការសង្កេតជាក់ស្ដែងក្នុងពេលនេះ ក្រុមអ្នកប្រព្រឹត្តល្បែងស៊ីសងនៅ ក្នុងខេត្តបាត់ដំបងហាក់កំពុងកម្រើកឡើងវិញ គួរឲ្យកត់សម្គាល់ដោយសារ តែសមត្ថកិច្ច ហាក់រំយាលបន្តិច ក្នុងការបង្ក្រាប ។ កន្លងមកកម្លាំងស្នងការខេត្តបាន បង្ហាញសកម្មភាព បំផុតក្នុងការចុះបង្ក្រាបមិនថា ល្បែងកន្ទុយលេខ ឬល្បែងប្រភេទណាទេ សូម្បីតែល្បែង ភ្នាក់កីឡាតាមហាងកាហ្វេក៏ត្រូវបង្ក្រាបដូចភ្លៀងរលឹមដែរ តែពេលនេះល្បែងទាំងនេះហាក់ កំពុងបង្កភាពរញ៉េរញ៉ៃបំផុត ។ ជាក់ស្ដែងការភ្នាល់កីឡាក្នុងហាងកាហ្វេមួយកន្លែងនៅស្រុកភ្នំព្រឹកកំពុងរងការ រិះគន់យ៉ាង ខ្លាំងពីមហាជន ។ ហាងកាហ្វេនោះមានថៅកែឈ្មោះទួ ដែលមានប្រវត្តិបើកល្បែងអាប៉ោង តែពេលនេះ ល្បែងអាប៉ោងត្រូវបានផ្អាក តែបើកល្បែងភ្នាល់កីឡាដែលមានអ្នកប្រព្រឹត្ត យ៉ាងកកកុញ ដោយគ្មានការទប់ស្កាត់ ឬបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួនរិះគន់អំពីភាពគ្មានសណ្ដាប់ធ្លាប់ នៃទីតាំងភ្នាល់កីឡាក្នុងហាងកាហ្វេមួយនេះ ។ ប្រជាពលរដ្ឋសំណូមពរសុំឲ្យលោកស្នងការខេត្តជួយអន្តរាគមន៍ទប់ស្កាត់អំពីភាពរញ៉េរញ៉ៃនៃហាងកាហ្វេរបស់លោកថៅកែទួនៅស្រុកភ្នំព្រឹកនេះផង ព្រោះបើសង្ឃឹមលើសមត្ថកិច្ចស្រុកនេះមិនខុសពីសង្ឃឹមផ្កាយលើមេឃនោះទេ ៕
ចែករំលែកព័តមាននេះ