រាជធានីភ្នំពេញ ៖ ទីតាំងទិញលក់ម៉ូតូនៅសង្កាត់ទឹកល្អក់ទី៣ ដែលរងការចោទប្រកាន់ថា ជាកន្លែងទទួលផលចោរកម្មនោះ ត្រូវបានម្ចាស់អះអាងថា មិនមែនជាការពិតនោះទេ គឺកូនប្រុសម្ចាស់ម៉ូតូយកទៅបញ្ចាំដោយ មានអត្តសញ្ញាណប័ណ្ណ និងបង្ហាញប័ណ្ណរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ហើយស្រាប់តែឪពុកមកលោះនិងបានថតបង្ហោះចោទថាជាកន្លែងទទួលចោរកម្ម។ គួររំលឹកថា ក្រោយផ្សព្វផ្សាយរឿង«ទទួលផលចោរកម្ម» អាជ្ញាធរខណ្ឌទួលគោក ចុះផ្អាកអាជីវកម្មបញ្ចាំម៉ូតូ១កន្លែង នៅសង្កាត់ទឹកល្អក់ទី៣
ទីតាំងដែលរងការចោទប្រកាន់និងត្រូវបានអាជ្ញាធរខណ្ឌទួលគោកចុះទៅត្រួតពិនិត្យនោះស្ថិតនៅផ្ទះលេខ៥០B ផ្លូវលេខ១៩២ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោក សេង គឹមលី អាយុ៣១ឆ្នាំ ជាម្ចាស់ទីតាំងទិញលក់ម៉ូតូដែលរងការចោទប្រកាន់ បានអោយដឹងថា រឿងនេះមិនមែនជាការពិតនោះទេ គឺកូនម្ចាស់ម៉ូតូបានយកម៉ូតូទៅបញ្ចាំហើយស្រាប់តែឪពុកមកលោះហើយបង្ហោះចោទប្រកាន់ថាទីតាំងរបស់គាត់ជាកន្លែងទទួលផលចោរកម្មនិងបានបង្ហោះនៅតាមព័ត៌មាននិងបណ្ដាញសង្គមបង្កឲ្យមានការយល់ច្រឡំ។
ម្ចាស់ទីតាំងទិញលក់ម៉ូតូរូបនោះបានឱ្យដឹងទៀតថា កាលពីថ្ងៃទី៦ខែឧសភាឆ្នាំ ២០២៦ឈ្មោះ ជា វិនឡុង បានយកម៉ូតូមួយគ្រឿងម៉ាកZoomerxពាក់ស្លាកលេខ ភ្នំពេញ ១IW-៦៧៧៣ យកមកបញ្ចាំក្នុងតម្លៃ៣០០ដុល្លារដោយសារតែកន្លងមក ឈ្មោះ ជា វិនឡុង ធ្លាប់យកម៉ូតមកបញ្ចាំ៤ទៅ៥ដងមកហើយគាត់ក៍បានទទួលបញ្ចាំ ដោយយកការ៣០ដុល្លារក្នុង១ខែ។នៅក្នុងការទទួលបញ្ចាំនោះម្ចាស់បានបង្ហាញអត្តសញ្ញាណប័ណ្ណ និងប័ណ្ណកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំនិងបានថតរូប ដោយប្រាប់ថា កាតគ្រីគ្រាម៉ូតូនៅបន្ទាយទើបគាត់ក៏បានទទួលយក។ លុះនៅថ្ងៃទី១៣ ខែឧសភាឈ្មោះ ជា វិនឡុង និងឪពុកឈ្មោះ ជា លីហៀង បាននាំគ្នាទៅលោះម៉ូតូនោះវិញតែដោយសារថ្ងៃនោះគាត់មិនស្រួលខ្លួនក៏បានត្រឡប់ទៅវិញហើយនៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៦ឪពុកមកលោះម៉ូតូទាំងដើមទាំងការចំនួន៣៣០ដុល្លារ។នៅពេលបណ្ដើរម៉ូតូចេញ ស្រាប់តែមានគ្នីគ្នាចាំថតនៅខាងក្រៅហើយបង្ហោះនៅក្នុងបណ្ដាញសង្គមនិងសារព័ត៌មានចោទប្រកាន់ថា ទីតាំងរបស់គាត់ជាកន្លែងទទួលផលចោរកម្មដោយទទួលបញ្ចាំពីចោរលួចម៉ូតូ។
លោក សេង គឹមលី ក៏បានបដិសេធ ទាំងស្រុងចំពោះការចោទប្រកាន់នេះមិនមែនការពិតនោះទេ តាមពិត កូនជាអ្នកយកមកបញ្ចាំតែឪពុកបង្ហោះចោទថា គាត់ជាអ្នកទទួលផលចោរកម្ម។ម្យ៉ាងទៀតនៅក្នុងការទទួលបញ្ចាំទៀតសោត មុនទទួលម៉ូតូ គាត់បានថតរូបនិងប្រមូលអត្តសញ្ញាណពីអ្នកយកមកបញ្ចាំត្រឹមត្រូវទៀតផង។
គួរបញ្ជាក់ថា បន្ទាប់ពីមាន ផសាយព័ត៌មានមានការបង្ហោះនៅក្នុងបណ្ដាញសង្គមនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាលសាលាខណ្ឌទួលគោក បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងទិញ-លក់ម៉ូតូ មួយកន្លែងស្ថិតនៅផ្ទះលេខ៥០B ផ្លូវលេខ១៩២ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពីត្រួតពិនិត្យរួចរាល់ក្រុមការងារយើងបានសម្រេចឲ្យម្ចាស់ទីតាំងឈ្មោះ សេង គឹមលី ភេទប្រុស អាយុ៣១ឆ្នាំ ផ្អាកការទទួលបញ្ចាំយានយន្តចាប់ពីថ្ងៃនេះតទៅ រហូតដល់មានច្បាប់អនុញ្ញាតអាជីវកម្មទើបបើកអាជីវកម្មបាន និងបានណែនាំ ឲ្យម្ចាស់ទីតាំងធ្វើច្បាប់ទទួលបញ្ចាំ (មុននិងទទួលសម្ភារ: ឫមធ្យោបាយផ្សេងៗយកមកបញ្ចាំ) ៕






ចែករំលែកព័តមាននេះ