រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ព្រះកាយ ច័ន្ទ បានគូសបញ្ជាក់ពីតម្លៃ និងអត្ថប្រយោជន៍នៃការហាត់រៀនរបាំបុរាណខ្មែរ ខណៈពេលដែលនាងចាត់ទុកសាលាសិល្បៈ គឺជាផ្ទះទី២ ដែលបង្រៀនកូនខ្មែរឲ្យចេះគោរព និងស្រលាញ់វប្បធម៌ជាតិ🇰🇭 ព្រោះវប្បធម៌រស់បាន ដោយសារមានកូនខ្មែរជំនាន់ក្រោយបន្តវេន និងចូលរួមថែរក្សា ។

ក្នុងនាម ជាគ្រូបង្ហាត់បង្រៀនលើផ្នែករបាំខ្មែរម្នាក់ ព្រះកាយ ច័ន្ទ បានលើកឡើងថា តើប៉ាម៉ាក់ជឿដែរឬទេថា របាំបុរាណមិនត្រឹមតែបង្ហាត់កូនលោកអ្នកឲ្យចេះរាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកែប្រែអត្តចរិត និងចិត្តគំនិតរបស់កូនលោកអ្នកឲ្យកាន់តែប្រសើរឡើងផងដែរ ។ នាងបន្តថា ក្មេងដែលមិនសូវមានការអត់ធ្មត់ ពេលហាត់របាំបុរាណជារៀងរាល់ថ្ងៃ នោះគេនឹងចេះទប់អារម្មណ៍ ចេះរងចាំ ចេះព្យាយាម និងងាយនៅក្នុងការអប់រំ ហើយក្មេងដែលរឹងរោះក៏ងាកមកចេះស្តាប់គ្រូ ចាស់ទុំ និងចេះគោរពវិន័យនៅក្នុងថ្នាក់ ។
នាងបន្ថែមថា ការបត់បែន បត់ដៃបត់ជើង និងការដើរ ការអង្គុយ ឬការគ្រប់គ្រងកាយវិកាសុទ្ធតែជួយឲ្យកុមារមានកាយសម្បទាល្អ ឥរិយាបថសមរម្យ និងទន់ភ្លន់ ថ្លៃថ្នូរល្អគួរឲ្យស្រឡាញ់ ។

នាងបញ្ជាក់ថា លើសពីនេះ របាំបុរាណក៏ជួយបង្រៀនឲ្យកូនស្គាល់ពីតម្លៃនៃវប្បធម៌ជាតិ ស្គាល់ការគោរព ការរួបរួម និងការទទួលខុសត្រូវ ក្នុងពេលក្មេងដែលធ្លាប់មានអារម្មណ៍រវើរវាយ មិនសូវមានទំនុកចិត្តចំពោះខ្លួនឯង ក៏ក្លាយទៅជាក្មេងដ៏ក្លាហាន និងមានភាពជឿជាក់ និងហ៊ានបង្ហាញសមត្ថភាពរបស់ខ្លួននៅចំពោះមនុស្សជាច្រើន ។
ព្រះកាយ ច័ន្ទ បានលើកឡើងបន្ថែមទៀតថា សិល្បៈរបាំបុរាណមិនត្រឹមតែថែរក្សាវប្បធម៌ជាតិទេ ប៉ុន្តែវាជួយកសាងមនុស្សល្អសម្រាប់គ្រួសារ និងសង្គមជាតិផងដែរ ហើយសិល្បៈមួយនេះមិនត្រឹមជាការរាំនោះទេ ប៉ុន្តែជាការអប់រំផ្លូវចិត្ត និងបណ្តុះនូវគុណធម៌ឲ្យកូនក្លាយទៅជាមនុស្សល្អ ក្នុងសង្គម ។

នាងបញ្ជាក់ថា ពេលខ្លះ សិល្បៈមានឥទ្ធិលពលជាងការស្តីបន្ទោសទៀត ហើយមនុស្សខ្លះគិតថា របាំបុរាណគ្រាន់តែជាការរាំធម្មតា ប៉ុន្តែសម្រាប់អ្នកដែលស្គាល់និងឲ្យតម្លៃវាពិតប្រាកដនោះគឺគេយល់ថា វាគឺជាក្រឡាជីវិតមួយដែលបង្រៀនឲ្យក្មេងចេះធ្វើជាមនុស្សល្អ មានសុជីវធម៌ សីលធម៌ មានវិន័យ និងអនាគតដ៏ល្អប្រសើរ ។
បើតាមតារាសម្តែង ព្រះកាយ ច័ន្ទ សិល្បៈមួយនេះ គឺជាមរតកដ៏មានតម្លៃរបស់ជាតិ ដែលអាចចូលរួមកសាងទាំងសមត្ថភាព និងចរិកលក្ខណះរបស់កូនឲ្យលូតលាស់បានយ៉ាងល្អប្រសើរ ហើយកូនដែលធំឡើងជាមួយនឹងសិល្បៈ គឺមិនត្រឹមតែមានទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបេះដូងល្អ និងចេះរស់នៅក្នុងសង្គមដោយភាពថ្លៃថ្នូរផងដែរ ។






ចែករំលែកព័តមាននេះ