ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​សុទ្ធ​! David Beckham រកបាន​ជាង​២៣​លាន​ដុល្លារ​ពី​វគ្គ​សម្រាក​ផឹកទឹក​នៅ World Cup ឆ្នាំ​២០២៦

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ Sir David Beckham ត្រូវ​បាន​រាយការណ៍​ថា អាច​រក​ចំណូល​បាន​ជាង ២៣​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ការ​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី​ពាណិជ្ជកម្ម អំឡុង​ពេល​វគ្គ​សម្រាក​ផឹកទឹក (Hydration Break) នៅ​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ ២០២៦​។

នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ អាជ្ញាកណ្តាល​នឹង​ផ្អាក​ការ​ប្រកួត​នៅ​នាទី​ទី ២២ នៃ​វគ្គ​នីមួយ​ៗ ហើយ​អំឡុង​ពេល​សម្រាក​ដែល​បាន​កំណត់​ទាំងនេះ កីឡាករ​នៃ​ក្រុម​ទាំង​សងខាង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទីលាន​រយៈពេល ៣ នាទី ដើម្បី​បំពេញ​ជាតិ​ទឹក​។ បទបញ្ជា​ថ្មី​នេះ​ត្រូវ​បាន​អនុវត្ត​ចំពោះ​ការ​ប្រកួត​ទាំង ១០៤ លើក ដោយ​មិន​គិត​ពី​លក្ខខណ្ឌ​អាកាសធាតុ ឬ​សីតុណ្ហភាព​ឡើយ​។

ខណៈ​ពេល​ដែល​ការ​សម្រាក​នេះ​ធ្វើ​ឱ្យ​ទស្សនិកជន​មួយ​ចំនួន​មានការ​ខកចិត្ត វា​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ផល​ចំណេញ​យ៉ាងច្រើន​សម្រាប់​មនុស្ស​មួយ​ចំនួន​តូច ភាគច្រើន​គឺ​អតីត​កីឡាករ​ឆ្នើម​ក្រុម​ជម្រើសជាតិ​អង់គ្លេស David Beckham​។ អំឡុង​ពេល​ការ​ប្រកួត​នីមួយ​ៗ នៅ​ពេល​ដែល​ប៉ុស្តិ៍​ទូរទស្សន៍​ផ្លាស់​ប្តូរ​ទៅ​ចាក​ផ្សាយពាណិជ្ជកម្ម​នៅ​ក្នុង​ម៉ោង​សម្រាក​បញ្ចប់​វគ្គ​ទី​១ ឬ​អំឡុង​ពេល​សម្រាក​ផឹកទឹក​ទាំង​២​លើក​នោះ Beckham អាច​បង្ហាញខ្លួន​នៅ​ក្នុង​ពាណិជ្ជកម្ម​ខុស​ៗ​គ្នា​រហូត​ដល់​ទៅ ៣​។ លោក​គឺជា​តំណាង​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​សម្រាប់​ម៉ាក​យីហោ​លំដាប់​ពិភពលោក​ធំ​ៗ រួម​មាន Home Depot, McDonald’s, Stella Artois, Verizon, Adidas, Bank of America, Pepsi និង Lay’s​។

តាម​សារព័ត៌មាន Globo យ៉ាង​ហោច​ណាស់​មាន​ម៉ាក​យីហោ​ចំនួន ៨ បាន​ប្រើប្រាស់​រូបភាព​របស់​អតីត​ខ្សែបម្រើ​ឆ្នើម​ជំនាញ​ទាត់​បាល់​ហ្វ្រី​ឃី​ក​វ័យ​៥១​ឆ្នាំ​រូប​នេះ​ក្នុង​ការ​ផ្សាយពាណិជ្ជកម្ម​លើ​ទូរទស្សន៍​របស់​សហរដ្ឋអាមេរិក​។ សារព័ត៌មាន​ប្រេ​ស៊ី​ល​មួយ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា កិច្ចសន្យា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​រក​ចំណូល​បាន​ច្រើន​ទាំងនេះ បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ឱ្យ Beckham ប្រហែល ២៣ លាន​ដុល្លារ​អា​មេ​រិ​ក​។ អ្នកវិភាគ​ខ្លះ​បាន​លើក​ឡើង​ថា ប្រាក់​ចំណូល​នោះ​ថែម​ទាំង​អាច​ឡើង​ដល់​ប្រហែល ២៥ លាន​ដុល្លារ​ទៀត​ផង​។

យោង​តាម​សារព័ត៌មាន The Telegraph បានឱ្យ​ដឹង​ថា ឥទ្ធិពល​ពាណិជ្ជកម្ម​ដ៏​ខ្លាំងក្លា​នេះ ជា​ភស្តុ​តាង​នៃ​ឥទ្ធិពល​ដ៏​ធំធេង​ដែល Beckham បាន​បង្កើត​ឡើង​នៅ​ទឹកដី​សហរដ្ឋអាមេរិក ចាប់តាំងពី​បាន​ចូលរួម​ជាមួយ​ក្លិប LA Galaxy ក្នុង​ឆ្នាំ ២០០៧​។ បើ​ទោះបីជា​បាន​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​នៅ​ក្នុង​ឆ្នាំ ២០១៣ ក៏​ដោយ ក៏​លោក​នៅ​តែ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ជោគជ័យ​បំផុត​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​វិស័យ​កីឡា​នេះ​។ ដោយសារ​តែ​ឧស្សាហកម្ម​ផ្សាយពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​មានការ​ចំណាយ​ប្រាក់​ខ្ពស់​លើ​ការ​ផ្សាយពាណិជ្ជកម្ម​តាម​ទូរទស្សន៍​ដែល​មាន​ទម្រង់​លេចធ្លោ​នោះ Beckham ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ហាញ​ម៉ាក​យីហោ​ទៅ​កាន់​ទស្សនិកជន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើ​ពិភពលោក​។

នៅ​ក្នុង World Cup ឆ្នាំ​២០២៦ លោក Beckham មិន​បាន​ធ្វើការ​ជា​អ្នក​អត្ថាធិប្បាយ ហើយ​ក៏​គ្មាន​កិច្ចសន្យាផ្លូវការ​ណាមួយ​ជាមួយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA នោះ​ទេ​។ មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់ FIFA បញ្ជាក់​ថា ស្ថាប័ន​បាល់ទាត់​ពិភពលោក​គ្មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​លោក​ឡើយ បើ​ទោះបីជា​លោក​មាន​វត្ត​មាននៅ​ក្នុង​ការ​ផ្សាយ​របស់​សហរដ្ឋអាមេរិក​យ៉ាងណា​ក៏​ដោយ​។

គួរ​បញ្ជាក់​ថា កាលពី​ពាក់កណ្តាល​ខែឧសភា​កន្លង​ទៅ Sir David Beckham បាន​ឈាន​ដល់​ការ​សម្រេច​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ ដោយ​បាន​ក្លាយជា​អត្ត​ព​លិ​ក ឬ​អតីត​អត្ត​ព​លិ​ក​ជនជាតិ​អង់គ្លេស​ដំបូង​គេ​បង្អស់ ដែល​មានទ្រព្យ​សម្បត្តិ​សុទ្ធ​កើន​លើស ១ ពាន់​លាន​ផោន ឬ ១,៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​តាម​បញ្ជី​របស់​កាសែត The Sunday Times ៕ ប្រភព ៖ VnExpress

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×