លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាព្រឹកថ្ងៃទី០៥ ខែកក្កដានេះថា ៖ ភ្លៀងធ្លាក់ជាប់ៗគ្នានៅខេត្តភាគពាយ័ព្យ បណ្តាលឲ្យខ្សែផ្លូវ ស្ពាន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រងការជន់លិចរយៈពេលខ្លី រំខានខ្លះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។

លោក ផនរឹម បានបន្តថា តាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ពោធិ៍សាត់ និងបាត់ដំបង បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ពេលនេះទឹកបានស្រក ខណៈដែលភ្លៀងនៅបន្តរលឹមឥតដាច់គ្រាប់ ។

រដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង បានប្រកាសថា ទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ទើបតែឡើងតិចតួចនៅឡើយ ។
រដ្ឋបាលស្រុកសំឡូត កាលពីថ្ងៃទី៤ ខែកក្កដា បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងស្រុកសំឡូត ដែលរស់នៅតាមដងស្ទឹង អូរប្រឡាយ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារ:ផ្សេងៗ ព្រោះស្ថានភាពមេឃនៅតែបន្តភ្លៀងធ្លាក់មិនទាន់ឈប់ ។
មន្ទីរសាធារណការ និងដឹកជញ្ជូន នៅខេត្តភាគពាយ័ព្យបន្តតាមដានស្ថានភាពទឹក និងត្រៀមខ្លួនជានិច្ចអន្តរាគមន៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ៕





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ