ជិះម៉ូតូឌុបគ្នាទាំងមេឃកំពុងភ្លៀងធ្លាក់ បុករថយន្តធុនធំចំពីមុខស្លា.ប់ទាំង២នាក់ នៅលើផ្លូវជាតិលេខ៤
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ យុវជនចំនួន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូ១គ្រឿងឌុបគ្នាពេលមេឃកំពុងធ្លាក់ភ្លៀងឲ្យបានបុកជាមួយរថយន្តធុនធំ ចំពីមុខពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តធុនធំ បណ្តាលឱ្យមានមនុស្សស្លាប់២នាក់ បានកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៩៣-៩៤) ស្ថិតនៅក្នុងភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថានៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក EXCITER ពណ៌ក្រហមលាយខ្មៅ គ្មានផ្លាកលេខនោះទេ ដែលបើកបរដោយឈ្មោះ ម៉ុន វណ្ណដេត ភេទប្រុស អាយុ២២ឆ្នាំ ឌុបមនុស្ស១នាក់ឈ្មោះ ខុន លីថាវ ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ពីទិសខាងលិចទៅទិសខាងកើត នោះពេលធ្វើដំណើរមកដល់ចំណុចខាងលើ បានបុកជាមួយរថយន្ត១គ្រឿងធុនធំ ម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ3A-6919 សណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-6467 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានចតរថយន្តចោល រត់គេចខ្លួនក្រោយពេលកើតហេតុរួច) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យ យុវជនទាំង២នាក់បានស្លាប់ រណូករណែលលើផ្លូវជាតិលេខ៤តែម្តង ទាំងមេឃកំពុងធ្លាក់ភ្លៀង។
នគរបាលស្រុកភ្នំស្រួចបាននិយាយបន្តឲ្យដឹងទៀតថាក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងកន្លែងកើតហេតុសពយុវជនរងគ្រោះប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សម្ភារៈរងការខូចម៉ូតូ១គ្រឿងកំរិតធ្ងន់ និងរថយន្ត១គ្រឿងទៀតរងការខូចខាតកំរិតស្រាល។
ចំពោះវត្ថុតាងទាំង២គ្រឿង សមត្ថកិច្ចជំនាញបានយកទៅរក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបណ្ដោះអាសន្នសិន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ