ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ជ្រើសរើស​យក​ផ្លូវ​ថ្មើរជើង​ចតុមុខ រៀបចំ​ពិធី​អបអរសាទរ ដើម្បី​រំលឹក​ខួប​លើក​ទី​២៥០​នៃ​ទិវា​ឯករាជ្យ​ជាតិ

12 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជ្រើសរើស​យក​ផ្លូវ​ថ្មើរជើង​ចតុមុខ ក្នុង​ខណ្ឌដូនពេញ បាន​រៀបចំ​ពិធី​អបអរសាទរ ដើម្បី​រំលឹក​ខួប​លើក​ទី២៥០ នៃ​ទិវា​ឯករាជ្យ​ជាតិ​សហរដ្ឋអាមេរិក ជាមួយ​និង​ការ​រៀបចំ​តាំងពិព័រណ៍​ម្ហូបអាហារ និង​ផលិតផល​អា​មេ​រិ​ក ដែល​បើក​ជា​សាធារណៈ​នា​ល្ងាច​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៦​នេះ​ ។

ពិធី​នេះ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ និង​លោកស្រី Aleksandra Zittle ភារធារី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មានការ​ដើរ​ទស្សនា​ស្តង់​ និង​ភ្លក់​អាហារ​របស់​អា​មេ​រិ​ក​ផង​ដែរ​ ។

ព្រឹត្តិការណ៍​នេះ​ បាន​គូសបញ្ជាក់​អំពី​ស្មារតី​យូរអង្វែង​របស់​អា​មេ​រិ​ក លើ​ភាព​ច្នៃប្រឌិត និង​នយោបាយ​ការទូត ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ កាន់តែ​ល្អ​បករ​សើរ​ថែម​ទៀត ​។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ការ​រៀបចំ​ពិធី​ដើម្បី​អបអរសាទរ រំលឹក​ខួប​លើក​ទី ២៥០ នៃ​ទិវា​ឯករាជ្យ​ជាតិ​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ គឺ​ក្រោយ​ពេល​៥​ថ្ងៃ ​នៃ​ខួប​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា ​និង​សហរដ្ឋអាមេរិក​ គម្រប់​៧៦​ឆ្នាំ នា​ថ្ងៃ​ទី​២៩ ​មិថុនា ​១៩៥០​។ ​កិច្ច​សហប្រតិបត្តិការ​ណ៍រ​វាង​កម្ពុជា ​និង​សហរដ្ឋអាមេរិក​ បាន​និង​កំពុង​ឈាន​ទៅ​រក​ភាពល្អ​ប្រសើរ ខណៈ​ដែល​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ពេញលេញ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន អតីត​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បន្ត​ដឹកនាំ​ដោយ​សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ហើយក៏​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ការទូត ​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ថែម​ទៀត​ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា​ តាម​រយៈ​ទំនាក់ទំនង​ការទូត​ នៃ​ប្រទេស​ទាំង​ពីរ​នេះ បាន​ធ្វើ​ឱ្យ​វិស័យ​ពា​ណិ​ជ្ជ​កម្ម វិនិយោគ អប់រំ​ និង​ការ​ដោះ​មីន​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ ជាមួយ​និង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​ថែរក្សា​សន្តិសុខ​ជាស​កល ​។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចូលរួម​ជាមួយ​ស្ថានទូត​សហរដ្ឋអាមេរិក ដោយ​បាន​ផ្តល់​ទីតាំង ផ្លូវ​ថ្មើរជើង​ចតុមុខ ខណៈ​ដែល​ទីតាំង​នេះ​ជាទី​តាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ទាំង​រដ្ឋ​ និង​ឯកជន​ ដ៏​ធំ​មួយ​នៅ​ភ្នំពេញ ជា​តំបន់​ទេសចរណ៍ ​ដែល​ទទួល​បានការ​សាទរ និង​គាំទ្រ​យ៉ាង​ផុសផុល​ពី​សំណាក់​បងប្អូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។

លោកស្រី Aleksandra Zittle ភារធារី ​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក ក្នុង​ឱកាស​នោះ​ក៏​បាន​មាន​ប្រសាសន៍​ថា​ ឆ្នាំ​២០២៦ នេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី២៥០ នៃ​ការ​កកើត​សហរដ្ឋអាមេរិក ដែល​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ ដែល​យើង​មិន​ត្រឹមតែ​អបអរសាទរ ក្នុង​នាម​ជា​ប្រជាជន​អា​មេ​រិ​ក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បាន​អបអរសាទរ​រួម​គ្នា ជាមួយ​មិត្តភក្តិ​ខ្មែរ​របស់​យើង​ពេញ​មួយ​ឆ្នាំ​នេះ​ផង​ដែរ ​។

លោកស្រី បាន​ប្ត​ថា​ តន្ត្រី Pacific Brass ដែល​មាន​វត្ត​មាននៅ​ពេល​នេះ គឺជា​ភាសា​សកល ដែល​មិន​ត្រូវការ​ការ​បកប្រែ​នោះ​ឡើយ​។ វា​អាច​ឆ្លងកាត់​ព្រំដែន ផ្សារ​ភ្ជាប់​វប្បធម៌ និង​ជះ​ឥទ្ធិពល​ផ្ទាល់​ទៅ​កាន់​បេះដូង​មនុស្ស​គ្រប់​រូប ហើយ​នៅ​រាត្រី​នេះ តន្ត្រី​ បាន​នាំ​ពួក​យើង​មក​ជួបជុំ​គ្នា នៅ​លើ​វិ​ថី​ថ្មើរជើង​នេះ ដើម្បី​អបអរសាទរ​ខួបកំណើត​លើក​ទី ២៥០ របស់សហរដ្ឋ​អាមេរិក​។ វង់​តន្ត្រី Pacific Brass ពិតជា​បាន​ឆ្លងកាត់​មួ​យស​ប្តា​ហ៍​ដ៏​អស្ចារ្យ និង​គួរ​ឱ្យ​ចង​ចាំ​នៅ​ទី​នេះ ក្នុង​ប្រទេស​កម្ពុជា​។ គំនិត​ផ្តួចផ្តើម​កម្មវិធី​នេះ បាន​ស្តែង​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង និង​ចំណងមិត្តភាព​ដ៏​រឹង​មាំ រវាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​របស់​យើង​។ ខណៈ​ពេល ​ដែល​យើង​កំពុង​ប្រារព្ធ​ពិធី​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​វិសេសវិសាល និង​ជា​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក​នេះ សូម​យើង​រួម​គ្នា​អបអរសាទរ​ផង​ដែរ នូវ​អ្វី​ដែល​យើង​បាន​កសាង​រួម​គ្នា​កន្លង​មក ដែល​ជា​ចំណងមិត្តភាព​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ទំនាក់ទំនង​ដ៏​យូរអង្វែង និង​ចក្ខុវិស័យ​រួម​គ្នា​មួយ សម្រាប់​អនាគត​ដ៏​មាន​សន្តិភាព និង​វិបុលភាព​ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×