ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​បដិសេធ​ការ​អះ​អាង​របស់​រុស្ស៊ី​ដែល​ថា​ខ្លួន​ទើ​បតែ​វា.យ​យក​បាន​ទី​ក្រុង​មួយ​នៃ​​តំបន់​ដូញែត

11 ម៉ោង មុន

ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ចេញមុខបដិសេធថាគ្មានករណីដែលអ៊ុយក្រែន​បាត់​បង់​ទី​ក្រុង​ឈ្មោះ​កូស្ទី​យ៉ាន់​ទីនីវ​កា (Kostiantynivka) ដោយសារ​កង​ទ័ព​រុស្ស៊ី​វាយ​ដណ្ដើម​យក​បាន​នោះ​ទេ​។ នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​អ៊ុយ​ក្រែន​ក៏​ចេញ​មុខ​ច្រាន​ចោល​ការ​អះ​អាង​របស់​រុស្ស៊ី​ផង​ដែរ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​យោធា​រុស្ស៊ី​ជម្រាប​ជូន​លោក​ពូទីន​កាល​ពី​ថ្ងៃ​សុក្រ​ថា​ទី​ក្រុង​កូស្ទីយ៉ាន់​ទី​នីវ​កាវត្រូវ​ពួក​គេ​វាយ​យក​បាន​ហើយ​។ ទី​នេះ​ជា​គោល​ដៅ​ដែល​រុស្ស៊ី​ចិញ្ចឹម​ចិត្ត​វាយ​យក​មក​គ្រប់​គ្រង​តាំង​ពី​យូរ​មក​ហើយ​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​ខ្លួន​នៅ​តំបន់​ដូញែត​។

ប៉ុន្តែ​លោកហ្សេឡិន​ស្គី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិចថា «​នោះ​មិន​មែន​ជា​ការ​ពិត​ទេ,​ នោះ​គ្រាន់​តែ​ជា​ភាសា​ភូត​កុហក​មួយ​ទៀត​របស់​រុស្ស៊ី​តែ​ប៉ុណ្ណោះ​។ ប្រសិន​បើ​ទី​ក្រុង​កូស្ទី​យ៉ាន់​ទី​នីវ​កា​ត្រូវ​រុស្ស៊ី​ចូល​កាន់​កាប់​មែន ដូច្នេះ​លោក​ពូទីន​ប្រហែល​ជា​មិន​យល់​ទាស់​ទេ​ក្នុង​ការ​ជួប​គ្នា​នៅ​ទី​នោះ​ដើម្បី​ស្វែង​រក​មធ្យោ​បាយ​ការ​ទូត​ដោះ​ស្រាយ​បញ្ចប់​សង្គ្រាម​»។​ នាយអគ្គ​សេនា​ធិការ​កង​ទ័ព​អ៊ុយក្រែន​បញ្ជាក់​​ឡើង​វិញ​ថា​ទី​ក្រុង​នេះ​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អ៊ុយ​ក្រែន​ដដែល​ទេ​។

អ៊ុយ​ក្រែន​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​​វរ​សេនាធំ និង​អនុ​សេនា​ធំ​នៃ​កង​អង្គ​ភាព​ទី​១៩​នៅ​ស្លាប​ខាង​កើត​នៅ​តែ​បន្ត​ប្រតិ​បត្តិ​ការ​ការ​ពារ​ខ្សែ​ត្រៀម​មុខ​របស់​ខ្លួន​នៃ​ទី​ក្រុង​ខាង​លើ​នេះ​។ ទី​ក្រុង​នេះ​ស្ថិត​នៅចុង​ប៉ូច​ភាគ​ខាង​ជើង​នៃ​តំបន់​សំខាន់​ៗ​ទាំង​៤​ដែល​បង្កើត​ជា​ខ្សែ​ត្រៀម​ការ​ពារ​។ ទី​នេះ​ជា​ចំណុច​កណ្ដាល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ៊ុយ​ក្រែន​ដើម្បី​ការ​ពារ​តំបន់​ដូញែត​ដែល​សម្បូរ​ឧស្សាហ​កម្ម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។

ក្រុម​អ្នក​វិភាគ​ថ្លែង​ថា​ប្រសិន​បើ​រុស្ស៊ីវាយ​យក​បាន​ទី​ក្រុង​នេះមែន ពួក​គេ​ប្រាកដ​ជា​មាន​ប្រៀប​នៅ​លើ​សម​រភូមិ​។ ពួក​គេ​អាច​យក​ទីនោះ​ធ្វើ​ជា​ទី​តាំង​ឈរ​ជើង​ដ៏​រឹង​មាំមួយ​ដើម្បី​បន្ត​ដំណើរ​ទៅ​ភាគ​ខាង​ជើង​នៅ​តាម​បណ្ដោយ​ខ្សែ​ត្រៀម​ការ​ពារ​របស់​អ៊ុយ​ក្រែន​។ យោធា​រុស្ស៊ី​ពេល​ខ្លះ​ក្រៅ​ពី​និយាយ​ថា​បាន​វាយ​យក​​ទី​ក្រុង​នោះ​ទាំង​ស្រុង​​ ពួក​គេ​ក៏​ថ្លែង​ផង​ដែរ​​​ថា​វាយ​យក​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​​​។ ទី​ក្រុង​​នេះ​មាន​ប្រព័ន្ធ​ការ​ពារ​ដ៏​រឹង​មាំ​ ហើយ​រួម​គ្នា​ជា​មួយ​ទី​តាំង​រឹង​មាំ​មួយ​ចំនួន​ទៀត​បង្កើត​បាន​ជា​តំបន់​ខ្សែ​ក្រវាត់​​ការ​ពារ​នៃ​តំបន់​ដូញែត​៕ ប្រភព៖ Reuters​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>