ដំណាំពោត២០ហិកតា ជិតប្រមូលផល រងការជន់លិចដោយទឹកជំនន់ទន្លេមេគង្គ ខណៈអភិបាលខេត្តចុះពិនិត្យ និងត្រៀមស្ដារជីវភាពពលរដ្ឋ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ គ្រោះទឹកជំនន់ទន្លេមេគង្គក្នុងរដូវវស្សាបានធ្វើឲ្យដំណាំរបស់កសិកររាប់រយហិកតា ត្រូវបានលិចលង់។ដោយមើលឃើញពីការលំបាកបែបនេះឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត ព្រមទាំងសហការីជាច្រើននាក់បានចុះពិនិត្យនិងសួរសុខទុក្ខកសិករនៅចំណុចភូមិកោះទន្សាយឃុំកោះទន្ទឹម ស្រុកកំពង់សៀម នារសៀលថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៦ ជាមួយនោះអាជ្ញាធរខេត្តបានណែនាំឲ្យអ្នកនៅមូលដ្ឋានស្រង់ស្ថិតិពីការខូចខាតដើម្បីត្រៀមចែកស្រូវពូជ ជូនដល់ពលរដ្ឋដើម្បីស្ដារជីវភាពឡើងវិញនៅរដូវទឹកសម្រកខាងមុខ។
អ្នកស្រីសោម ធា អាយុ៤៥ឆ្នាំ នៅភូមិកោះប្រាក់ក្នុង ឃុំកោះទន្ទឹម បានរៀបរាប់ឱ្យដឹងថា: គាត់នឹងប្ដីបានជួលដីពីអ្នកភូមិនៅចំណុចកោះទន្សាយ ដែលបានដាំពោតលើផ្ទៃដីទំហំប្រមាណ២០ ហិកតា ក្រោយពីដាំដុះបានរយៈពេល២ ខែកន្លះ ពោតបានចេញផ្លែមិនទាន់នឹងបានបេះផង ស្រាប់តែទឹកទន្លេបានឡើងមកលិចដំណាំពោតរបស់គាត់អស់រលីង។ធ្វើឲ្យផ្លែពោតដែលបានចេញផលនោះត្រូវនៅក្នុងទឹកទន្លេជាច្រើនថ្ងៃបណ្ដាលឲ្យស្អុយខាតបង់អស់ជាច្រើន។
អ្នកស្រីសោម ធា បានបន្តឲ្យដឹងទៀតថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះរួមទាំងនៅថ្ងៃទី២៩សីហា គាត់បានជួលអ្នកភូមិឲ្យអ៊ំទូកកាច់ពោតនៅក្នុងទឹក បានមួយចំនួនតូច តែផ្លែត្រាំក្នុងទឹកយូរថ្ងៃឡើងធំក្លិនស្អុយ បើព្រលះជាគ្រាប់លក់ឱ្យគេអាចបានមួយគីឡូ៥០០រៀល មិនស្រួលគេអត់ទិញទៀត។ ចាប់តាំងពីពេលដែលគាត់បានដាំពោតនៅចំណុចកោះទន្សាយនេះបានរយៈពេល៥ឆ្នាំមកហើយ កាលពី៤ឆ្នាំកន្លងទៅ ទិន្នផលពោតដែលប្រមូលបានលក់ឱ្យឈ្មួញកណ្ដាលទូទាត់ទៅបានចំណេញប្រាក់ខ្លះគ្រាន់នឹងដោះស្រាយជីវភាពគ្រួសារ។តែមកដល់ឆ្នាំ២០២៦ទឹកទន្លេឡើងមកលិចពោតច្រើនថ្ងៃមិនស្រកធ្វើឲ្យគាត់ជួបការលំបាកមិនអាចប្រមូលផលបានដោយគិតទំហំពីការខូចខាតទឹកប្រាក់សរុបប្រមាណ៥០លានរៀល។
ចំណែកលោកសូណាវណ្ណ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម វិញបានឲ្យដឹងដែរថា ជាមួយនឹងការអញ្ជើញពិនិត្យផ្ទាល់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តនៅកោះទន្សាយ ក្នុងនោះប្រជាពលរដ្ឋជាង២០០គ្រួសារដែលបានដាំដុះដំណាំផ្សេងៗក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ហើយដំណាំពោតជាង៣០០ហិកតា ត្រូវបានលិចលង់ ។
ដោយបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានស្រង់ស្ថិតិដើម្បីធ្វើសំណើទៅគណៈកម្មការគ្រោះមហន្តរាយថ្នាក់ជាតិដើម្បីសុំស្បៀងចែកជូនដល់ពួកគាត់។
សូមបញ្ជាក់ថាក្នុងរដូវទឹកជំនន់ឆ្នាំ២០២៦នេះបណ្ដាលឱ្យដំណាំរបស់ប្រជាកសិកររងការខូចខាតមាននៅស្រុកស្ទឹងត្រង់ កំពង់សៀម ស្រីសន្ធរនិង កោះសូទិន ដោយដំណាំស្រូវប៉ះពាល់ទំហំ១១០ហិកតានិងដំណាំផ្សេងៗប៉ះពាល់៣៨៩ហិកតា៕
















ចែករំលែកព័តមាននេះ