រត់មិនរួច! ប្លន់ម៉ូតូបាន ៤ថ្ងៃ សមត្ថកិច្ចអង្គស្នួល សហការជាមួយពោធិ៍សែនជ័យ ចាប់ខ្លួនបានដល់បន្ទប់ជួល
- កណ្តាល
ខេត្តកណ្ដាល៖ ចោរស្ទាវ១ក្រុមមានគ្នាចំនួន៥នាក់ បានធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿងពីស្ត្រីម្នាក់បានសម្រេច បន្ទាប់មកបាននាំគ្នាគេចខ្លួនបាត់អស់ ប៉ុន្តែរយៈពេល៤ថ្ងៃក្រោយមក ក៏ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល ។ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់បានចំនួន៤នាក់ និងដកហូតយកបានម៉ូតូប្រគល់ជូនម្ចាស់វិញហើយ រីឯម្នាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ ។
សកម្មភាពប្លន់ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវលំ ស្ថិតនៅក្នុងភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
ចោរប្លន់ដែលត្រូវនគរបាលឃាត់ខ្លួននោះរួមមាន១-ឈ្មោះ បូរ ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ។ ២-ឈ្មោះ វរ: សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ។ ៣-ឈ្មោះ យ៉ុង ផាត់យុទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ។ ៤-ឈ្មោះ សេង សាន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រេីង ឃុំម្កាក់ ស្រុកអង្គស្នួល ។ និងទី៥-ឈ្មោះ សាន ឧត្ដម ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួលកំពុងរត់គេចខ្លួន ។
ក្រោយពេលចាប់ខ្លួនចោរស្ទាវខាងលើ កម្លាំងនគរបាលដកហូតបានម៉ូតូម៉ាកSUZUKI NEX ពណ៌ខៀវលាយស ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខលេខ កណ្តាល 1AW-9088 ១គ្រឿងជារបស់ជនសង្ស័យ ។ ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1LX-8120 ១គ្រឿងជារបស់ជនសង្ស័យ ។ និងម៉ូតូម៉ាក HONDA SCOOPY ផលិតឆ្នាំ២០២៤ ពណ៌សលាយផ្កាឈូក បាត់ស្លាកលេខ១គ្រឿង ជារបស់ជនរងគ្រោះ ។
ដោយឡែកស្ត្រីរងគ្រោះឈ្មោះ ជួប ចាន់នី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ កែវ វាសនា ភេទប្រុស ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូរបស់ខ្លួន០១គ្រឿងម៉ាកHonda Scoopy ស៊េរីឆ្នាំ២០២៤ ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ កណ្ដាល 1AT-4651 ទៅលេងសង្សារនៅការដ្ឋានបកអាចម៌ដី ស្ថិតនៅក្នុងភូមិស្ដុកប្រនួត ឃុំឈ្វាំង ស្រុកពញាឮ ហើយបានអង្គុយលេងផឹកស្រាជាមួយគ្នាមួយសន្ទុះធំ ។ ក្រោយមកយុវជនដែលសង្សារបានខ្ចីម៉ូតូរបស់នាងដើម្បីឲ្យប្អូនប្រុសឈ្មោះ កែវ វាសនា ជិះយកបំពង់ខ្យល់(អ៊ែរឡានដឹកដី) ទៅបាញ់ខ្យល់ផ្លុំធូលីដីចេញនៅក្នុងភូមិព្រៃផ្ចឹក ឃុំឈ្វាំង ស្រុកពញាឮ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា លុះដល់ពេលកើតហេតុយុវជនឈ្មោះ កែវ វាសនា បានខលប្រាប់នាងជួប ចាន់នី និងបងប្រុសរបស់ខ្លួនថា ចោរប្លន់ម៉ូតូជិះចេញទៅបាត់ហើយ ភ្លាមៗនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយសង្សាររបស់នាង បានទូរស័ព្ទរាយការណ៍ជូនកម្លាំងប៉ុស្ដិ៍នគបាលរដ្ឋបាលរដ្ឋបាលម្កាក់ ។ ក្រោយពីបានទទួលព័ត៌នោះហើយ កម្លាំងនគរបាលប៉ុស្តិ៍ខាងលើ និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកអង្គស្នួល បានចុះទៅកាន់កន្លែងកើតហេតុនិងទទួលពាក្យបណ្ដឹងជនរងគ្រោះ ព្រមទាំងធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាជនសង្ស័យ ។
នគរបាលខាងលើបានប្រាប់បន្ថែមថា រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២ និង១០នាទី ថ្ងៃត្រង់ ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌខេត្ត និងមានការសម្របសម្រួលពីឯកឧត្ដម គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអបសាលាដំបូងខេត្តកណ្ដាល ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកអង្គស្នួល បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ត្រពាំងក្រសាំង អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួមទាំងវត្ថុតាងនៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រួចនាទៅសាកសួរអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។
នគរបាលបានបញ្ជាក់ប្រាប់ថា ខណៈនោះជនសង្ស័យឈ្មោះ បូរ ភារុណ និងឈ្មោះ វរៈ សុខហេង បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខ្លួនទាំង២នាក់ និងជនសង្ស័យឈ្មោះ សាន ឧត្តមដែលកំពុងរត់គេចខ្លួន បានធ្វើសកម្មភាពស្ទាត់ប្លន់យកម៉ូតូរបស់ជនរងគ្រោះ ។ លុះពេលប្លន់បានសម្រេចហើយក៏ជិះយកទៅផ្លុងចោសនៅម្តុំវត្តភ្នំរាប (តំបន់ទេសចរភ្នំប្រសិទ្ធិ) ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ លុះដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៥ល្ងាច ទើបពួកខ្លួន( ឈ្មោះ បូរ ភារុណ និងឈ្មោះ វរៈ សុខហេង ) បានទូរសព្ទទៅបក្ខពួកឈ្មោះ យ៉ុង ផាត់យុទ្ធ និងឈ្មោះ សេង សាន ឲ្យទៅជួយរុញម៉ូតូដែលធ្វើសកម្មភាពប្លន់យកបានពីជនរងគ្រោះយកទៅធ្វើសោនៅម្តុំផ្សារកំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ លុះពេលធ្វើរួចក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ហើយម៉ូតូដែលប្លន់បានពីជនរងគ្រោះនោះ បានសម្រេចប្រគល់ឲ្យឈ្មោះ បូរ ភារុណ និងជនសង្ស័យឈ្មោះ វរៈ សុខហេង ជាអ្នកកាន់កាប់និងជិះ ៕

















ចែករំលែកព័តមាននេះ