កូនត្រីចម្រុះជាង ៧០ គីឡូ ត្រូវបានមន្ត្រីជលផលចា.ក់លែងចូលបឹងធម្មជាតិ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅស្រុកព្រះស្ដេច
- ព្រៃវែង
ខេត្តព្រៃវែង ៖ ដើម្បីការពារប្រភពធនធានធម្មជាតិឲ្យនៅគង់វង្ស ពិសេសក្នុងរដូវបិទឡូនេសាទនេះ មន្ត្រីជំនាញជលផលខេត្តព្រៃវែង បានសហការជាមួយនឹងអាជ្ញាធរស្រុកព្រះស្ដេច ចុះបង្ក្រាបបទល្មើសនេសាទប្រភេទស្បៃមុង នៅក្នុងភូមិសាស្ត្រឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ដោយបានដុតបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី 30 សីហា នៅចំណុចបឹងវាលប្រា ក្នុងភូមិស្នាយបាង ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ដោយមន្ត្រីជំនាញមានគ្នា 12 នាក់ ប្រើប្រាស់ទូកចំនួន 3 គ្រឿងបានចុះល្បាតនៅតាមវាលបឹងធម្មជាតិ ហើយបានប្រទះឃើញឧបករណ៍នេសាទប្រភេទស្បៃមុងជាច្រើន ត្រូវបានជនខិលខូចលួចដាក់នៅបឹងវាលប្រា ទើបធ្វើការបង្ក្រាបតែម្ដង។
លោក ហ៊ុន សាវី នាយរងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានឱ្យដឹងថា ជាលទ្ធផលក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញប្រមូលបានលូស្បៃមុងចំនួន ៤៣មាត់ របាំងព្រួលស្បៃមុងប្រវែង ២៧០០ម៉ែត្រ បង្គោលចម្រឹងចំនួន ៩៥០ដើម ឧបករណ៍ទាំងអស់នេះត្រូវបានដុតបំផ្លាញចោលភ្លាមៗនៅហ្នឹងកន្លែង ជាមួយគ្នានេះក៏បានចាក់ព្រលែងកូនត្រីចម្រុះចំនួន៧០គីឡូ ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ ៕








ចែករំលែកព័តមាននេះ