ទីក្រុងហាណូយ ៖ ការនាំចេញទូរស័ព្ទដៃរបស់ក្រុមហ៊ុន Samsung ពីប្រទេសវៀតណាម គិតចាប់តាំងពីឆ្នាំ ២០០៩ សម្រេចបានកម្រិតដ៏គួរឱ្យកត់សម្គាល់រហូតដល់ ៥០០ ពាន់លានដុល្លារអាមេរិក។ នេះបើតាមប្រភពពីសារព័ត៌មាន Vietnam Express (VnExpress) ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។
លោក Roh Tae Moon នាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics បានថ្លែងក្នុងកិច្ចប្រជុំមួយជាមួយនាយករដ្ឋមន្ត្រីវៀតណាម Le Minh Hung កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា ទូរស័ព្ទដៃទាំងនោះ ត្រូវបានផលិតនៅរោងចក្រចំនួន ២ ភាគខាងជើងប្រទេសវៀតណាម គឺខេត្តបាក់និញ (Bac Ninh) និងខេត្តថាយ ង្វៀន (Thai Nguyen)។ ដ្បិតក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ គឺជាវិនិយោគិនបរទេសដ៏ធំបំផុតមួយក្នុងប្រទេសវៀតណាម ជាមួយនឹងទុនវិនិយោគចំនួន ២៤ ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំ ២០២៥។ លោកក៏បានអះអាងដែរថា ស្មាតហ្វូនម៉ូដែល Galaxy Fold 8 ដែលបានដាក់លក់កាលពីដើមខែសីហាកន្លងទៅថ្មីនេះ បានទទួលការឆ្លើយតបយ៉ាងវិជ្ជមាននៅក្នុងទីផ្សារពិភពលោក។
បើតាមការលើកឡើងរបស់លោក Roh Tae Moon ប្រទេសវៀតណាមកំពុងតែផ្លាស់ប្តូរវិធីសាស្ត្ររបស់ខ្លួននៅក្នុងការទាក់ទាញការវិនិយោគពីបរទេស ដោយផ្តល់អាទិភាពដល់គម្រោងបច្ចេកវិទ្យាកម្រិតខ្ពស់ដែលមានតម្លៃបន្ថែមខ្ពស់ និងសក្តានុពលក្នុងការបង្កើតទំនាក់ទំនង ក៏ដូចជាបង្កើតឥទ្ធិពលដល់អាជីវកម្មក្នុងស្រុក។ វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងលើវិស័យបច្ចេកវិទ្យានានា ដូចជា ឧបករណ៍ពាក់កណ្តាលសម្រេច (Semiconductor) បញ្ញាសិប្បនិម្មិត (AI) មជ្ឈមណ្ឌលទិន្នន័យ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការបង្កើតថ្មី និងការផ្លាស់ប្តូរឌីជីថលផងដែរ។
លោកក៏បានគូសបញ្ជាក់ថា ក្រុមហ៊ុន Samsung មិនចាត់ទុកវៀតណាមត្រឹមជាមជ្ឈមណ្ឌលផលិតកម្មនោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកម្រិតខ្ពស់ ដោយក្រុមហ៊ុនមានផែនការបង្កើនការវិនិយោគការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងគាំទ្រដល់ការបណ្តុះបណ្តាលកម្លាំងពលកម្មបច្ចេកវិទ្យាកម្រិតខ្ពស់នៅក្នុងប្រទេសវៀតណាម ហើយមជ្ឈមណ្ឌលការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ Samsung នៅទីក្រុងហាណូយក៏នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនានា បន្ថែមធនធានសម្រាប់ការបណ្តុះបណ្តាលកម្លាំងពលកម្ម និងពង្រឹងសមត្ថភាពបច្ចេកវិទ្យាផងដែរ៕



ចែករំលែកព័តមាននេះ