ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ប្រកាស​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ គ្រប់គ្រង​ប្រេង​បម្រុង​ជាង​៦៥​ពាន់​លាន​បារ៉ែល​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា

1 ម៉ោង មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​) បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​សម្រេច​បាន​កិច្ចព្រមព្រៀង​គ្រប់គ្រង​ប្រេង​បម្រុង​ជាង ៦៥​ពាន់​លាន​បារ៉ែល​របស់​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ដោយ​លោក​បាន​ប្រសិទ្ធ​នាម​ថា «​កិច្ចព្រមព្រៀង​ប្រេង​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​»​។ នេះ​បើ​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៦​។

ប្រធានាធិបតី​ទី ៤៧ របស់​សហរដ្ឋអាមេរិក វ័យ​៨០​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ក្នុង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើ​ឱ្យ​ទុនបម្រុង​ប្រេង​របស់​សហរដ្ឋអាមេរិក​កើនឡើង​ជាង​ទ្វេ​ដង និង​ជួយ​បញ្ចុះតម្លៃ​ប្រេងសាំង​យ៉ាងច្រើន​សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក​ទាំងអស់​ផង​ដែរ​។ ជាមួយ​គ្នា​នោះ ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា លោកស្រី ដែល​ស៊ី រ៉ូ​ឌ្រី​ហ្គេ​ស (Delcy Rodríguez) បាន​សរសើរ​ថា កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​ជួយ​ដល់​ការ​ងើបឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​។

ថ្មី​ៗ​នេះ លោក​ប្រធានាធិបតី ត្រាំ កំពុង​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ស្រុកលើ​ការ​ទប់ស្កាត់​តម្លៃ​ប្រេងឥន្ធនៈ ដែល​បាន​ហក់​ឡើង​ខ្ពស់​ដោយសារ​តែ​សង្គ្រាម​ជាមួយ​អ៊ី​រ៉​ង់​។ ទោះ​យ៉ាងណា លោក​បាន​ប្តេជ្ញា​រុករក​ប្រេង​បម្រុង​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ដែល​ប្រទេស​មាន​ប្រេង​បម្រុង​ច្រើន​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ចាប់ខ្លួន​អតីត​ប្រធានាធិបតី លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolás Maduro) កាលពី​ខែមករា​កន្លង​ទៅ ក្រោម​ហេតុផល​នាំ​ខ្លួន​មក​កាត់ទោស​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ពី​បទចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​។

លោកស្រី រ៉ូ​ឌ្រី​ហ្គេ​ស បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កិច្ចព្រមព្រៀង​នេះ តម្រូវ​ឱ្យ​មានការ​អភិវឌ្ឍ​ទីតាំង​ប្រេង​យុទ្ធសាស្ត្រ​ចំនួន ១៧ ដែល​ត្រូវ​បាន​បញ្ជាក់​ថា​មាន​ប្រេង​បម្រុង​ចំនួន ៦៥ ពាន់​លាន​បារ៉ែល ជាមួយ​ការ​វិនិយោគ​លើស​ពី ១០០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ចំណូល​ពន្ធ​ជាង ២០៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ផង​ដែរ​។ ការ​វិនិយោគ​ទាំងនេះ នឹង​មិន​ត្រឹមតែ​រួមចំណែក​ដល់​ការ​ងើបឡើង​វិញ ក៏​ដូច​ជា​ការ​ធ្វើ​ទំនើប​កម្ម​ឧស្សាហកម្ម​ប្រេង​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ សន្តិសុខ​ថាមពល និង​តុល្យភាព​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ដោយ​លោកស្រី​បន្ថែម​ថា កិច្ចព្រមព្រៀង​នេះ នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​រស់​ឡើង​វិញ​នៃ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​។

យ៉ាងណាមិញ ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​នេះ​ដំណើរការ​ទៅ​បាន លុះត្រាតែ​ត្រូវ​ឆ្លង​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​សិន​។ គេ​ក៏​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​កិច្ចព្រមព្រៀង​នេះ អាច​នឹង​ប្រឈម​មុខ​នឹង​ការ​តវ៉ា​ផ្នែក​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ក្នុង​ប្រទេស​អា​មេ​រិ​ក​ខាងត្បូង​មួយ​នេះ​ដែរ​ឬទេ?