ខេត្តកណ្ដាល ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានចេញល្បាតទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ហើយបានប្រះឃើញជនបុរសម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារកន្លងមកកំពុងអង្គុយនៅតាមផ្លូវក្នុងភូមិ។ ដោយមានការសង្ស័យ នគរបាលខាងលើក៏ឃាត់ខ្លួនសាកសួរ ទើបដឹងថា ជាក្រុមជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន រួចក៏បញ្ជូនខ្លួនទៅសួរនាំនៅអធិការដ្ឋានស្រុក ទើបឈានដល់ការឃាត់ខ្លួនបក្ខពួកបានចំនួន២នាក់ទៀត ជាបន្តបន្ទាប់ រីឯម្នាក់ទៀតកំពុងរត់គេចខ្លួនបាត់ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ជនសង្ស័យទាំងនោះ គឺជាបុរសទាំងអស់រួមមាន ៖
១.ឈ្មោះ ចេង រតនៈ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ជាអ្នករក្សាទុក និងប្រើប្រាស់គ្រឿងញៀនរយៈពេលប្រមាន១០ឆ្នាំមកហើយ និងធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវ ០១ដង រយៈពេល ០២ឆ្នាំកន្លះ ពីបទ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
២.ឈ្មោះ កាន់ កុសល អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករអនាម័យ ជននេះជួញដូរ និងប្រើប្រាស់គ្រឿងញៀនរយៈពេលប្រមាណ៣ឆ្នាំមកហើយ ។
៣.ឈ្មោះ សាំង ណែត អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករអនាម័យ ជាអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនរយៈពេលប្រមាណ៤ឆ្នាំមកហើយ ។
៤.ឈ្មោះ វង រតនៈ ហៅខៃ អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ ជាអ្នកជួញដូរ គ្រឿងញៀន (កំពុងរត់គេចខ្លួន) ហើយអ្នកទាំង៤នាក់នេះស្នាក់នៅបន្ទប់ជួល ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានចេញល្បាតពួនស្ទាក់ និងទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន។ លុះពេលទៅដល់ត្រង់ចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល បានប្រទះជនសង្ស័យឈ្មោះ ចេង រតនៈ កំពុងអង្គុយ នៅតាមផ្លូវ។ ខណៈនោះដោយមានការសង្ស័យ នគរបាលក៏សុំធ្វើការត្រួតពិនិត្យហើយបានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក ០១កញ្ចប់តូច និងសម្ភារប្រើប្រាស់គ្រឿងញៀន មួយចំនួន លាក់ទុកនៅក្នុងកញ្ចប់បារី ទើបធ្វើការឃាត់ខ្លួនតែម្ដង ។
សមត្ថកិច្ច បានប្រាប់បន្តថា បន្ទាប់មកក៏បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ធ្វើការសាកសួរ ហើយជនសង្ស័យ ឈ្មោះ ចេង រតនៈ នេះបានឆ្លើយសារភាពថា ថ្នាំញៀន ប្រភេទម៉ាទឹកកក ១កញ្ចប់តូចនេះ ពិតជារបស់ខ្លួន មែន ដោយបានទិញពីឈ្មោះ កាន់ កុសល ក្នុងតម្លៃ២ម៉ឺនរៀល។ មិនតែប៉ុណ្ណោះ កន្លងមក ខ្លួនក៏ធ្លាប់ទិញពីឈ្មោះ សាំង ណែត ដើម្បីយកទៅប្រើប្រាស់ផងដែរ បន្ទាប់មកនៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ។ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានបន្តទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កាន់ កុសល និងឈ្មោះ សាំង ណែត បានជាបន្តបន្ទាប់ទៀត ។
សមត្ថកិច្ច បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពេលសាកសួរ ជនសង្ស័យ ឈ្មោះ កាន់ កុសល បានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរគ្រឿងញៀនមែន ដោយបានទិញថ្នាំញៀនប្រភេទម៉ាទឹកកក ពីជនមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយក៏ធ្លាប់បានទិញពីឈ្មោះ សាំង ណែត យកមកលក់បន្ត និងប្រើប្រាស់ផងដែរ ។ ដោយឡែកជនសង្ស័យឈ្មោះ សាំង ណែត បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនប្រភេទម៉ាទឹកកក ពីឈ្មោះ វង រតនៈ ហៅខៃ ដែលកំពុងរត់គេចខ្លួន ដើម្បីយកមកលក់បន្តផង និងប្រើប្រាស់ផង ។
ក្រោយពេលទទួលបានចម្លើយសារភាពពីជនសង្ស័យទាំង៣នាក់ខាងលើរួចហើយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូង ខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ