ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​កាន់​មរណ​ទុក្ខ​អ៊ីរ៉ង់​យ៉ាង​ច្រើន​កុះ​ករ​ចូល​រួម​ពិធី​បុណ្យ​ស.ព​អតីត​មេ​ដឹក​នាំកំពូល​របស់​ខ្លួន​

17 ម៉ោង មុន

ទីក្រុង​តេ​អេ​រ៉ង់៖ ក្រុម​អ្នក​កាន់​មរណ​ទុក្ខ​ជន​ជាតិ​អ៊ីរ៉ង់​ជា​ច្រើន​នាក់​បាន​សម្រុក​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​គោរព​សក្ការៈ​នៃ​ទី​ក្រុង​តេអេរ៉ង់​នៅថ្ងៃ​នេះ​ដើម្បី​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អតីត​មេ​ដឹកនាំកំពូល​របស់​ខ្លួន​គឺលោក​អាយ៉ា​តូឡា​ អាលី ខា​មេនី (Ayatollah Ali Khamenei)។ ពិធី​នោះ​ចាប់​ផ្ដើម​ឡើង​ដោយ​ការ​ចាក់​បទ​ភ្លេង​គោរព​ទង់​ជាតិ​អ៊ីរ៉ង់​, ការ​សូត្រ​វិយោគ​កថា​ និង​ការ​ដក​ស្រង់​ពាក្យ​ពេចន៍​នៅ​ក្នុង​គម្ពី​កូរ៉ាន​។ របប​ដឹក​នាំ​របស់​លោក​អាលី ខាមេនី​​រយៈ​ពេល​៣៧​ឆ្នាំ​បាន​ឈាន​ដល់​ទី​បញ្ចប់​នៅ​ពេល​អាមេរិក និង​អ៊ីស្រា​អែល​ចាប់​ផ្ដើម​វាយ​ប្រហារ​ភូមិ​គ្រឹះ​របស់​គាត់​ និង​ធ្វើ​ឱ្យ​គាត់​បាត់​បង់​ជីវិត​តែ​ម្ដង​។​

រូប​វីឌីអូ​ដែល​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​អ៊ីរ៉ង់​បង្ហាញ​រូប​ក្ដារ​មឈូស​របស់​លោក​អាលី ខាមេនី ដែល​ស្រោប​ទង់​ជាតិ​អ៊ីរ៉ង់​ និង​ឈ្នួត​ក្បាល​ពណ៌​ខ្មៅ​។ នៅ​ក្បែរ​នោះ​គឺ​ក្ដារ​មឈូស​បួន​ទៀត​ដែល​តម្កល់​សព​ក្រុម​គ្រួសារ​របស់​គាត់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​នោះ​។ ក្រុមអ្នក​ចូល​រួម​មរណ​ទុក្ខ​កាន់​រូប​ថត​លោក​អាលី ខាមេនី និង​​ទង់​ជាតិ​​អ៊ីរ៉ង់​។ អ្នក​ខ្លះ​ស្រែក​ដាក់​ទំនាយ​អាមេរិក​ឱ្យ​រលំ​រលាយ​បាត់​រូប​ពី​ភព​ផែន​ដី​នេះ​​។

នៅ​ក្នុង​វីឌីអូ​ដែល​បង្ហោះ​នៅ​លើ​​គេហ​ទំព័រ​ជា​ផ្លូវ​រដ្ឋ​ គេ​ឃើញ​ក្រុមអ្នក​កាន់​មរណ​ទុក្ខ​ស្រែក​ខ្លាំង​ៗ​ថា​ «ពាក្យ​ស្លោក​របស់​យើង​មាន​តែ​មួយ​ទេ​គឺ​ត្រូវ​តែ​សង​សឹក​ឱ្យ​មេ​ដឹក​នាំ​របស់​យើង​។ យើង​ត្រូវ​សម្លាប់​អ្នក​ដែល​សម្លាប់​មេ​ដឹក​នាំ​របស់​យើង​»។​ គេ​បាន​បាញ់​ទឹក​ពី​លើ​ដើម្បី​ស្រោច​ស្រព​ក្រុមអ្នក​កាន់​មរណ​ទុក្ខ​ឱ្យ​ត្រជាក់​ខ្លួន​នៅ​ក្នុង​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​។ ក្ដារ​មឈូស​របស់​លោក​អាលី ខា​មេនី នឹង​បន្ត​រក្សា​ទុក​នៅ​ទី​តម្កល់​សព​រហូត​ដល់​យប់​ថ្ងៃ​អាទិត្យ​។ បន្ទាប់​មក​ គេ​នឹង​ដឹក​ក្ដារ​មឈូស​ទៅ​ទី​ក្រុង​កូម, ណា​ចាហ្វ និង​ខឺ​បាឡា​ដែល​ជា​ទី​តាំង​សម្បូរ​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ​ស៊ី​អាយ​រស់​នៅ​។

បន្ទាប់​ពី​នោះ គេ​នឹង​ដង្ហែ​សព​ទៅ​បញ្ចុះ​នៅ​ម៉ាសាត​ដែល​ជា​ទី​តាំង​ដ៏​ពិសិដ្ឋ​សម្រាប់​អ្នក​កាន់​និកាយ​នេះ​។ ​អាជ្ញា​ធរ​ត្រៀម​ប្រមូល​មនុស្ស​រាប់​លាន​នាក់​ដើម្បី​ចូល​រួម​ដង្ហែ​សព​។ ពួក​គេ​នឹង​ផ្ដល់​របស់​លើក​ទឹក​ចិត្ត​មួយ​ចំនួន​ដូច​ជា​ចំណី​អាហារ​ មធ្យោ​បាយ​ដឹក​ជញ្ជូន និង​កន្លែង​ស្នាក់​នៅ​។ ចាប់​តាំង​ពី​ឪ​ពុក​របស់​លោក​ស្លាប់​​កាល​​ពី​ចុង​ខែ​កុម្ភៈ​រហូត​មក​ដល់​ពេល​នេះ មេ​ដឹក​នាំកំពូល​ថ្មី​របស់​អ៊ីរ៉ង់​ លោក​ម៉ុច​តាបា​ ខា​មេនី​ ពុំ​ដែល​បង្ហាញ​មុខ​ជា​សា​ធារណៈ​ម្ដង​ណា​ទេ​​​៕ ប្រភព៖ Reuters​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>