ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ ខណៈដែលផ្ទៃមេឃ បានធ្លាក់ភ្លៀងអស់រយៈពេលជាច្រើនម៉ោង ពោលគឺភ្លៀងចាប់តាំងពីរសៀលថ្ងៃទី០៣ ខែកក្កដា មកដល់រសៀលថ្ងៃនេះ បណ្តាលឱ្យទឹកស្ទឺងបយ៉ាខា ស្ទុះហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យប្រជាពលរដ្ឋមានទីលំនៅតាមដងស្ទឹង មានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាស្រេច បើក្នុងករណីភ្លៀងនៅបន្តធ្លាក់បែបនេះ អាចនឹងធ្វើឱ្យរងផលប៉ះពាល់ដល់លំនៅឋានរបស់គាត់ជាក់ជាមិនខាន ។
បើតាមប្រភពព័ត៌មានពីលោក ញ៉ៅ សាគុន ម្ចាស់រមណីដ្ឋានម្លប់សាវម៉ាវ ដែលរស់នៅក្បែរមាត់ស្ទឹង បានរៀបរាប់ឱ្យដឹងថា៖ រយៈពេល២ថ្ងៃជាប់ៗ គ្នានេះ គេសង្កេតឃើញផ្ទៃមេឃខ្មៅអួរអាប់នៅទិសខាងលិច ហើយក៏បានធ្លាក់ភ្លៀងតិចច្រើនៗជាហេតុធ្វើឱ្យស្ទឹងបយ៉ាខា និងស្ទឹងប៉ៃលិន ស្ទុះហក់ឡើងខ្លាំង ជាហេតុធ្វើឱ្យទឹកស្ទឹងហូរកួចត្របាញ់ រួចហៀរទៅដល់រមណីដ្ឋានរបស់ខ្លួនអស់រយៈពេលច្រើនម៉ោង លុះក្រោយពេលមេឃរាំងភ្លៀងបន្តិច ស្រាប់តែទឹកស្ទឹងក៏បានស្រកចុះទៅវិញបន្តិច មិនហៀរហូរឡើងដល់លំនៅឋាន និងរមណីយដ្ឋានរបស់ខ្លួនទៀតឡើយ ។
លោកបន្តទៀតថា កាលពីប៉ុន្មានឆ្នាំមុន ជំនន់ទឹកភ្លៀងធ្លាប់ហក់ឡើងខ្ពស់ ហើយអូសទាញយករោងខ្យុសរបស់គាត់ ដែលសង់សម្រាប់ឱ្យភ្ញៀវអង្គុយលេង និងខ្យុសរបស់អាជីវករមួយចំនួនទៀត នៅក្បែរមាត់ស្ទឹងយកទៅអស់ស្ទើរតែគ្មានសល់។ តែនៅឆ្នាំ២០២៦នេះ មិនទាន់មានបញ្ហាជំនន់ទឹកភ្លៀងធំ បង្កឱ្យខូចខាតដល់កន្លែងរបស់ខ្លួន និងអ្នកដែលនៅក្បែរលោកនៅឡើយទេ ។
ចំណែកលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តប៉ៃលិន បានឱ្យដឹងដែរថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ធ្វើឱ្យទឹកស្ទឹងឡើងខ្ពស់ខុសពីធម្មតា ពោលគឺឡើងលើសពីមាត់ច្រាំងស្ទឹង រួចហូរចូលទៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗ មាត់ស្ទឹង។ លោកបន្តទៀតថា ទោះបីជាយ៉ាងណា ក៏ដោយរហូតមកដល់ម៉ោង៣ និង៣០នាទីរសៀលនេះ ទឹកស្ទឹងប៉ៃលិន មានការស្រកចុះវិញបន្តិច ប៉ុន្តែខាងលោកក៏បានប្រកាសអាសន្នឱ្យប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែងក្បែរមាត់អូរ ឬស្ទឹង ត្រូវតែត្រៀមខ្លួនជាស្រេច បើសិនជាមេឃមិនរាំងភ្លៀងទេ ហើយបន្តធ្លាក់ចុះពីខាងលើ ជាពិសេសនៅស្រុកសំឡូតខេត្តបាត់ដំបង អាចនឹងហូរធ្លាក់ចុះមកក្នុងស្ទឹងខេត្តប៉ៃលិន ហើយស្របពេលដែលមានទឹកភ្លៀងធ្លាក់មកពីលើមេឃបន្ថែមទៀត អាចនឹងបង្កទៅជាទឹកជំនន់ លិចលង់ដល់លំនៅឋានថែមទៀត។ ដូច្នេះ មានតែការប្រុងប្រយ័ត្ន និងត្រៀមខ្លួនទុកជាមុន ក្នុងករណីទឹកជំនន់ណាមួយកើតឡើងនាពេលយប់ គឺអាចជន្លៀសខ្លួន និងអាចស្វែងរកទីទួលមានសុវត្ថិភាពទាន់ពេលវេលា ៕














<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ