ជំនន់ទឹកភ្លៀងកំពុងហក់ឡើងតាមដងអូរ ខណៈស្ពានឆ្លងមួយចំនួនអាចនឹងរងផលប៉ះពាល់នៅស្រុកសំឡូត
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ភ្លៀងនៅតែបន្តធ្លាក់មិនថមថយ នៅក្នុងទឹកដីស្រុកសំឡូត ធ្វើឲ្យកំពស់ទឹកបានហក់ឡើងយ៉ាងខ្លាំងនៅតាមដងអូរនានា ហូរឆ្ពោះទៅកាន់ដងស្ទឹងគ្រញូង រីឯស្ពានឆ្លងកាត់អូរមួយចំនួនអាចនឹងរងផលប៉ះពាល់ជាអន្លើរៗហើយ បើគិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី ០៤ កក្កដា ដែលនាំឲ្យប្រជាពលរដ្ខមួយចំនួនកំពុងជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ ។ នេះបើតាមសេចក្ដីរាយកាណ៍ពីមន្ត្រីមូលដ្ឋាន ។

មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋបានផ្ដល់ដំណឹងនេះ ប្រហាក់ប្រហែលគ្នាថា ក្នុងទឹកដីស្រុកសំឡូត មានភ្លៀងធ្លាក់តិចច្រើនៗ ជាប់ៗគ្នាប៉ុន្មានថ្ងៃមកហើយ ដែលធ្វើឲ្យមានជំនន់ទឹកភ្លៀងហក់ឡើងខ្លាំងនៅតាមដងអូរនានា ។ បើតាមសេចក្ដីរាយការណ៍
ដដែល៖ គេសង្កេតឃើញជំនន់ទឹកភ្លៀង ដែលហក់ឡើងខ្លាំងតាមដងអូរនានា មាននៅក្នុងភូមិសាស្ត្រ ឃុំតាសាញ ឃុំសំឡូត និងឃុំតាតោក ។ នៅតាមដងអូរមួយចំនួនហក់ឡើងខ្លាំង រីឯស្ពានចាស់ទ្រុឌទ្រមមួយចំនួននៅតាមដងអូរទាំងនោះ ក៏កំពុងរងការយាយីដោយជំនន់ទឹកភ្លៀងលើកដំបូងនេះដែរ ។

ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ស្ពានចាស់ទ្រុឌទ្រមទាំងនោះ ហាក់កំពុងជួបការលំបាក និងព្រួយបារម្ភ ព្រោះខ្លាចក្រែងកម្លាំងទឹកវាយប្រហារផ្ដាច់ ប្រសិនបើភ្លៀងមិនព្រមស្រាកស្រាន្តខ្លះ ។ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានប្រកាសជូនដំណឹងអំពី«ព្រឹត្តិបត្រព្យាករណ៏អាកាសធាតុ» ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី ០៤ កក្កដា នេះ ដោយបានជូនដំណឹងថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ កក្កដា ខេត្តបាត់ដំបង បានទទូលរងនូវឥទ្ធិពលពីជ្រលងនៃកូនព្យុះលើកទី១០ ឈ្មោះ «ម៉ៃស័ក»។

ឥទ្ធិពលកូនព្យុះនេះ បានធ្វើឲ្យមានខ្យល់កន្ត្រាក់ ក្នុងល្បឿន ៧-១១ ម៉ែត្រ/វិនាទី និងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតខ្យោយ។ យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងនេះ គេមិនទាន់ឃើញមានរបាយការណ៏ពីតាមបណ្ដាស្រុកផ្សេងៗ រាយការណីអំពីជំនន់ទឹកភ្លៀងនេះនៅឡើយទេ ក្រៅតែជំនន់លិចអូរ លិចស្ពាន នៅស្រុកសំឡូត។

បើតាមប្រភពព័ត៌មានពីស្រុកសំឡូត គិតត្រឹម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៤ កក្កដា នេះ អាកាសធាតុកំពុងអួរអ័ព្វគ្របដណ្ដប់ស្ទើរគ្រប់កន្លែងនៃខេត្តបាត់ដំបង។ តំបន់ខ្លះកំពុងមានភ្លៀងធ្លាក់ រីឯតំបន់ខ្លះផ្ទៃមេឃងងិត លើកលេងតែនៅតំបន់ស្រុកសំឡូតទេ ដែលភ្លៀងនៅតែធ្លាក់ស្ទើរគ្រប់កន្លែង ហើយជំនន់ទឹកក្នុងតាមដងអូរ កំពុងហូរនាំសំណាត់គ្រប់បែបយ៉ាង ឆ្ពោះទៅកាន់ដងស្ទឹងគ្រញូង និងដងស្ទឹងបរឡាង ឬដងស្ទឹងសង្កែ ៕



ចែករំលែកព័តមាននេះ