ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​មាន​សុវត្ថិភាព​មិន​ផ្ញើ​ យក​ម៉ូតូ​ទៅ​ទុក​ចោល​ ត្រូវ​លោក​ចោរលួច​ផ្អើល​អ្នកផ្សារ​ខ្នាចរមាស​ទាំង​ព្រឹក

21 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បើ​ទោះជា​មាន​កម្លាំង​សន្តិសុខ ឬមាន​មន្ត្រី​នគរបាល​មូ​លដ្ឋា​ន ចុះ​ជួយ​ការពារ​ជា​ប្រចាំ តាម​បណ្ដា​ទីប្រជុំជន ឬ តាម​ទីផ្សារ​នានា​ក្ដី មិន​ប្រា​ក​ដថា មន្ត្រី​ទាំងនេះ​អាច​រក្សា​ការពារ​សន្តិសុខ ឬ​គ្រប់គ្រង​បទល្មើស​ដែល​បំរុង​នឹង​កើតឡើង​បាន​គ្រប់​ម៉ោង គ្រប់ពេលវេលា​នោះ​ទេ ប្រសិនបើ​ម្ចាស់ទ្រព្យ ឬ​ម្ចាស់​យានយន្ត​មានការ​ធ្វេសប្រហែស​មិន​ចេះ​គិតគូរ ជួយ​ថែរក្សា​ដោយ​ខ្លួន​ឯង​ផង​នោះ​ ។

ជាក់ស្ដែង​ នៅ​ម៉ោង​៥​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ កក្កដា នៅ​«​ផ្សារ​ខ្នាចរមាស​» ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល មានការ​ភ្ញាក់​ផ្ទើ​ល​ឆោឡោ​ទាំង​ព្រលឹម​អុរ ដោយសារ​តែ​ស្ត្រី​ម្នាក់​ស្រែក​ឡាំប៉ា​ថា ម៉ូតូ​របស់​គាត់​ទុក​នៅ​ទី​នេះ ត្រូវ​លោក​ចោរលួច​យក​ម៉ូតូ​បាត់​ហើយ ។ គាត់​មិន​បាន​ជិះ​ម៉ូតូ​យក​ទៅ​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ទេ ដែល​មាន​អ្នក​ទ​ទូល​បញ្ញើរ​ត្រឹ​ម​ត្រូវ​ទេ ទំនង​ខ្លាច​អស់ប្រាក់​ថ្លៃ​ផ្ញើ​ ។

គាត់​បែរជា​ជិះ​ចូល​ផ្សារ ហើយ​យក​ម៉ូតូ​ទៅ​ទុក​នៅ​កន្លែង​ស្ងាត់ ​ក្បែរ​ច្រក​ចង្អៀត​មួយ​នៅ​ក្នុង​ផ្សារ​ដែល​ពុំ​មាន​អ្នក​ទ​ទូល​ខុស​ត្រូវ​។ ហើយ​ពេល​គាត់​ដើរ​ចេញ​ផុត​បន្តិច​ពី​ម៉ូតូ ក៏​ត្រូវ​លោក​ចោរ ដែល​ទំនង​អង្គុយ​រង់ចាំ​មុន​ជា​ស្រេច កាច់​សោ​​.​ក​ទាញ​ជិះ​ចេញ​ទៅ​បាត់​​ដោយ​សុវត្ថិភាព​។ លុះ​ម្ចាស់​ចេញពី​ផ្សារ​មិនឃើញ​ម៉ូតូ​ក៏​ស្រែក​ឡាំ​ប៉ាផ្អើល​ពេញ​អ្នកផ្សារ​ខ្នាចរមាស​តែ​ម្ដង​។

នេះ​បើ​តាម​របាយ​ការ​ណ៍ខ្លី​របស់​សមត្ថកិច្ច និង​យោង​លើ​ប្រភព​នានា ពី​អ្នក​អាជីវករ​ខ្នាចរមាស​ផង ដែល​បាន​ប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​ ។ ម៉ូតូ​ដែល​ត្រូវ​លោក​ចោរលួច​យក​ទៅ​បាត់​ស្ងាត់ជ្រៀប​នោះ​ម៉ាក ហុងដា​ឌ្រី​ម ព​ណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ បាត់ដំបង 1AR-4905 របស់​ឈ្មោះ សារី សា​វឿ​ត ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​ ។

អាជីវ​ករ​នៅ​ផ្សារ​ខ្នាចរមាស លោក រ៉ា​ល់ មុនី បាន​និយាយ​ថា នៅ​ផ្សារ​ខ្នាចរមាស មាន​មន្ត្រី​នគរបាល​ប៉ុ​ស្តិ៍ និង​កម្លាំង​សន្តិសុខ​មួយ​ចំនួន​ទៀត​ប្រចាំការ ការពារ​សន្តិសុខ ហើយ​មាន​ទីតាំង​សម្រាប់​ផ្ញើ​ម៉ូតូ ឬ​កង់​ពី​០២ ​ទៅ​០៣​កន្លែង ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ខ្លាច​អស់ប្រាក់​បន្តិច​ប​ន្តួ​ច គាត់​មិន​ព្រមយក​ម៉ូតូ ឬ​កង់​ទៅ​ផ្ញើ​គេ​ទេ សុខចិត្ត​ជិះ​យក​ទៅ​ទុក​កន្លែង​ស្ងាត់ កន្លែង​គ្មាន​អ្នក​
ទ​ទូល​ខុស​ត្រូវ នៅ​ក្រោយ​ៗ​តូប​ ឬ​ផ្ទះ​គេ លុះ​ត្រូវ​ចោរលួច​បាត់​តាំង​បន្ទោស​សមត្ថកិច្ច​ថា មិន​ជួយ​មើល​ចោរ ​។

លោក​បាន​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​អំពើ​ចោរកម្ម​កើតឡើង​នៅ​ក្នុង​ផ្សារ​ខ្នាចរមាស គឺ​បាន​កើតឡើង​ញឹក​ញាប់​ណាស់ ដែល​ភាគច្រើន​កើតឡើង​ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ទ្រព្យ ឬ​ម្ចាស់​យានយន្ត​ខ្លួនឯង​តែ​ម្ដង​។ កន្លែង​មាន​ផ្ញើ​មិន​យក​ទៅ​ផ្ញើ​ទេ សុខចិត្ត​យក​ទៅ​ទុក​តាម​ក្រោយ​តូប ឬ​ក្រោយ​ផ្ទះ​គេ ដល់​តែ​ចោរលួច​បាត់ ​តាំង​ស្រែក​ឡាំប៉ា​ថា សមត្ថកិច្ច​មិន​ជួយ​មើល​…!

ជាមួយ​គ្នា​នេះ ក្នុង​នាម​​លោក​ជា​ប្រជាពលរដ្ឋ និង​ជា​អាជីវករ​លក់ដូរ នៅ​ក្បែរ​ផ្សារ​ខ្នាចរមាស​ផង លោក​សំណូម ដ៏​ទទូច​សុំ​ឲ្យ​អាជីវករ​ក្ដី ប្រជាពលរដ្ឋ​ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​ក្ដី បើ​មាន​ម៉ូតូ​ឬ​កង់ សូម​មេត្តា​យក​ទៅ​ផ្ញើ​នៅ​ទីតាំង​ណាមួយ ដែល​មាន​អ្នក​
ទ​ទូល​ខុស​ត្រូវ សុម​កុំ​សោកស្ដាយ​ថ្លៃ​ផ្ញើ​បន្តិច​ន្តួ​ច ព្រោះ​តំលៃ​ផ្ញើ​ម៉ូតូ​០១​គ្រឿង មិន​ថ្លៃ​ដូច​ទិញ​ម៉ូតូ​០១​គ្រឿង​នោះ​ទេ​ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>