រាជធានីភ្នំពេញ ៖ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក ប្រជាជនកម្ពុជា និងជប៉ុន បានរួមគ្នាដាក់ដាំកូនឈើប្រមាណមួយម៉ឺនដើម នៅក្នុងសួនឧទ្យានធម្មជាតិអង្គរ អ៊ីអន ជាង២០ប្រភេទ ។
ថ្លែងពិធីដាំកូនឈើនេះ រៀបចំឡើងដោយមូនិធិបរិស្ថានអ៊ីអន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងមានការចូលរួមពីជនជាតិខ្មែរ និងជប៉ុន ចំនួន៨០០នាក់ ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា ព្រឹត្តិការណ៍ដាំកូនឈើលើកទី២នេះ ជាសក្ខីភាពបន្ថែមអំពីគំរូ នៃវិស័យឯកជនជាមួយស្ថាប័នរាជរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកផ្ទៃដីបៃតងរបស់រមណីយដ្ឋានអង្គរ ដែលឆ្លើយតបទាំងស្រុងទៅនឹងគោលការណ៍អាទិភាព នៃកិច្ចការអភិរក្សអង្គរ ដែលក្នុងនោះ ការបន្តដាំកូនឈើថ្មី ថែរក្សាព្រៃឈើចាស់ គឺជាអភិក្រមការងាររបស់យើងខ្ញុំ។
លោកជំទាវរដ្ឋមន្ត្រី បានបន្តថា ក្រៅពីការងារអភិរក្ស និងជួសជុលប្រាសាទបុរាណរាប់រយនៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព ការស្តារ និងលើកតម្លៃប្រព័ន្ធធារាសាស្ត្របុរាណ ធនធានធម្មជាតិ ដើម្បីជាអត្ថប្រយោជន៍ដល់ការអភិរក្សប្រាសាទបុរាណ និងប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ផងដែរ ។
លោកជំទាវបន្ថែមថា មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានបណ្តុះដាំកូនឈើចម្រុះ ក្នុងឧទ្យានអង្គរ និងចែកចាយជូនសាធារណជន ដោយឥតគិតថ្លៃ បានប្រមាណ៣លានដើម ក្នុងនោះរាប់បញ្ចូលទាំងកិច្ចសហការស្តារគម្របព្រៃឈើឡើងវិញ ជាមួយក្រុមហ៊ុន AEON កាលពីពេលកន្លងទៅ និងថ្ងៃនេះផងដែរ ។
លោកជំទាវ បានលើកថា នៅក្នុងតំបន់អង្គរនេះ ដើមឈើក្រៅពីតួនាទីក្នុងការទាក់ទាញទឹកភ្លៀង រក្សាប្រភពទឹកក្រោមដី ស្របឧស្ម័នកាបូនិចបំប្លែងចេញជាឧស្ម័នអុកស៊ីសែន និងផ្តល់ជាម្លប់ ជាប្រយោជន៍ សម្រាប់ប្រជាសហគមន៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើមឈើក៏បានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចការពារ ប្រាសាទបុរាណផងដែរ ដោយសារប្រាសាទបុរាណខ្មែរសាងសង់លើគ្រឹះដែលជាដីខ្សាច់ ត្រូវការចាំបាច់នូវប្រភពទឹកក្រោមដី និងទឹកភ្លៀង សម្រាប់រក្សា និងបញ្ចូលទឹកក្នុងប្រឡាយ ស្រះ បារាយណ៍ កសិន្ទុបុរាណដែលព័ទ្ធជុំវិញ ដើម្បីចិញ្ចឹមគ្រឹះប្រាសាទឱ្យមានសំណើម មានលំនឹង ចៀសវាង ការបាក់ដួលរលំ។ដើមឈើក៏ជួយជារនាំងការពារក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការរីករួមពុកផុយនៃថ្មប្រាសាទ និងគ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ជាដើម។ ដើមឈើ និងផ្ទៃបៃតង គឺជាតម្លៃនៃទេសភាពវប្បធម៌ ជាធាតុផ្សំដែលមិនអាចកាត់ផ្តាច់បានពីតម្លៃលេចធ្លោជាសកលរបស់អង្គរ។
លោក ម៉ូតូយ៉ា អូកាដា ប្រធានមូលនិធិបរិស្ថានអ៊ីអន បានលើកឡើងថា គម្រោងដាំកូនឈើនេះអនុវត្តគម្រោង រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៥ ក្នុងគោលបំណងការពារបេតិកភណ្ឌពិភពលោក ពីផលប៉ះពាល់នៃខ្យល់ និងភ្លៀង ព្រមទាំងអភិរក្សជីវចម្រុះ។លោកថា ការដាំកូនឈើលើកទី១នៅឆ្នាំ២០២៥ មានអ្នកចូលរួមជាង៨០០ នាក់ មកពីប្រទេសជប៉ុន និងកម្ពុជា និងលើកទី២ មានចំនួន១០,០០០ដើមនេះ មានអ្នកចូលរួមចំនួន៨០០នាក់។
លោកបន្ដថា មូលនិធិនេះ នឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារបរិស្ថាន រួមទាំងសកម្មភាពដាំកូនឈើ ដើម្បីបន្តថែរក្សា បរិស្ថានធម្មជាតិដ៏សម្បូរបែប ដល់មនុស្សជំនាន់ក្រោយ។ ការដាំដើមឈើជាមួយអ្នកស្ម័គ្រចិត្តនេះ ក៏មាននៅតាមតំបន់ផ្សេងៗគ្នាទៀតនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២មក រួមមាននៅប្រាសាទចៅស្រីវិបុល និងតាមបណ្តោយផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ព្រមទាំងនៅឧទ្យានព្រៃឈើក្នុងក្រុងសៀមរាប សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងនៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ខេត្តតាកែវ និងនៅទីតាំងផ្សេងៗទៀត។ មូលនិធិបរិស្ថានអ៊ីអនដែលបានបង្កើតឡើងតាំងពី៣៦ឆ្នាំមុនផ្តោតលើការការពារបរិស្ថាន ដោយបានដាំកូនឈើលើសពី១២,៨៧ លានដើម នៅទូទាំងពិភពលោក ដើម្បីការពារបរិស្ថាន ស្ដារព្រៃឈើឡើងវិញ និងអភិរក្សជីវចម្រុះ ។ជាមួយគ្នានេះ មូលនិធិអ៊ីអន មានការគាំទ្រមណ្ឌល អវយវៈសិប្បនិម្មិត នៅខេត្តបាត់ដំបង ការផ្តល់សាលារៀន ១៥១ខ្នង ការបរិច្ចាគសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ និង យុទ្ធនាការយុទ្ធនាការទឹកស្អាត៕
























<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ