លួចទូរស័ព្ទមិត្តភក្តិលក់ គេចខ្លួនបានមួយរយៈ ទីបំផុតមកអង្គុយផឹកស៊ីជិតផ្សារអូរឡាំពិក ត្រូវម្ចាស់គេទាន់ចាប់ប្រគល់ឱ្យប៉ូលិស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមទាន់មិត្តចោរ ដែលធ្លាប់បានលួចទូរស័ព្ទខ្លួន យកទៅលក់ និងគេចខ្លួនបាត់មួយរយ: ប្រគល់ជូនសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ទីតាំងកើតហេតុ ស្ថិតនៅចំណុចខាងកើតផ្សារអូរឡាំពិក ស្ថិតក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យធ្លាប់ជាមិត្តរាប់អានគ្នា ថ្ងៃមួយផឹកស៊ីជាមួយគ្នា ជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទ រួចគេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីរត់គេចខ្លួនបាត់អស់មួយរយ: គាត់ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងអង្គុយផឹកស៊ីនៅចំណុចខាងកើតផ្សារអូរឡាំពិក ក៏បានទៅសួរនាំរកទូរស័ព្ទ ទើបជនសង្ស័យឆ្លើយថា ខ្លួនយកទៅលក់បានតម្លៃ៦០ដុល្លារ ដោយសន្យាថានឹងរកលុយសងវិញ ។
ដោយសារតែធ្លាប់ចាញ់បោកម្តងហើយ ពេលនេះជនរងគ្រោះបានទាក់ទងទៅកាន់សមត្ថកិច្ចដើម្បីសុំការអន្តរាគមន៍ លុះសមត្ថកិច្ចមកដល់ ក៏បាននាំជនរងគ្រោះ និងជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឡាំពិក ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ