អាជីវករលក់ដូរបេនដីក្រហមផ្សារដើមគរផ្ទុះការតវ៉ា បន្ទាប់ពីឱ្យពួកគាត់រុះរើចេញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អាជីវករលក់ដូរបេនដីក្រហមផ្សារដើមគរប្រមាណជាង ១០០នាក់ បានផ្ទុះការតវ៉ានិងទទួចស្នើសុំលក់បន្តរហូតដល់ឆ្នាំ២០៣១ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញក៍ដូចជារដ្ឋបាលខណ្ឌ តម្រូវហើយពួកគាត់រុះរើ គ្រែ តូប និងស្តង់ដែលលក់ដូរនៅលើដងផ្លូវ ចេញគោលបំណង ស្ថាបនា ប្រពន្ធលូនិងផ្លូវដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែប្រសើរឡើង។ ការតវ៉ានេះបានផ្ទុះឡើងតាំងពីព្រឹកនិងល្ងាចថ្ងៃទី០៤ខែកក្តដានិងបន្តនៅព្រឹកថ្ងៃទី០៥ខែកក្តដាឆ្នាំ២០២៦នេះ។
តាមព័ត៌មានបានឲ្យដឹងថា ទីតាំងបេនដីក្រហមខាងលើស្ថិតនៅតាមផ្លូវលេខ២៣៥កែងមហាវិថីព្រះមុនីរ៉េតសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌទួលគោកបានជូនដំណឹងអោយអាជីវកររុះរើគ្រែ តូប ស្តង់តាំងពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៦ ណែនាំឲ្យអាជីវកររើចេញនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៦។ជាជំហានដំបូងអាជ្ញាធរក៏បានណែនាំឲ្យអាជីវករនិងវាស់វែងឲ្យពួកគាត់លក់នៅតាមដងផ្លូវមុខស្នាក់ការផ្សារ បណ្ដោះអាសន្នតែអាជីករមួយចំនួនបានឯកភាពនិងមួយចំនួនទៀតមិនទាន់ឯកភាពនៅឡើយដោយទាមទាមសុំលក់បន្តរហូតឆ្នាំ២០៣១។
តាមព័ត៌មានបានឲ្យដឹងទៀតថា ការតវ៉ានេះបានផ្ទុះឡើងតាំងពីព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៦ហើយនៅវេលាម៉ោងប្រមាណ ៤រសៀល អាជីវករក៏បានផ្ទុះការតវ៉ាជាថ្មី រារាំងអាជ្ញាធរដែលដឹកលូយកមកទម្លាក់។ទន្ទឹមនឹងនោះអាជីវករក៏បានទទូចស្នើសុំដល់សម្តេចតេជោនិងសម្តេចមហាបវរធិបតី ឲ្យគាត់បានលក់បន្តរហូតដល់ឆ្នាំ២០៣១។
តាមអាជីវករបានឲ្យដឹងថា ពួកគាត់មិនជំទាស់នឹងការអភិវឌ្ឍរបស់រដ្ឋបាលរាជធានីភ្នំពេញនោះទេតែសូមឱ្យអាជ្ញាធររកទីកន្លែងឲ្យពួកគាត់លក់ដូរសិនទើបអាចរុះរើអភិវឌ្ឍន៍បាន។
នៅល្ងាចនោះដែរគេឃើញលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញនិងលោក សាំង សុភៈវិចិត្រ នាយករងរាជធានីភ្នំពេញនិងលោកជា ពិសីអភិបាលខណ្ឌទួលគោកបានចុះទៅសម្របសម្រួលអាជីវករ និងបានរៀបចំរកទីតាំងថ្មីអោយអាជីវករលក់ដូរនៅកន្លែងថ្មីហើយអាជីវករមួយចំនួនបានឯកភាពនិងមួយចំនួនទៀតមិនទាន់ឯកភាពនៅឡើយ។ព្រោះទីតាំងថ្មីនោះមានលក្ខណៈតូចចង្អៀតនិងពុំអាចឲ្យអាជីវករបានលក់ គ្រប់ៗគ្នានោះឡើយ។ទោះបីជាយ៉ាងណាទីតាំងថ្មី គីលើដងផ្លូវ ដដែលនិងជាកន្លែងដែលអាជីវករមួយចំនួនលក់នៅពេលយប់ទៀត។
តាមព័ត៌មានបានអោយដឹងថា ជាជំហានដំបូងរដ្ឋបាលរាជនីភ្នំពេញបានរៀបចំរុះរើបេនដីក្រហមនេះក្នុងគោលបំណងដើម្បីរៀបចំដាក់ប្រព័ន្ធលូ ធ្វើផ្លូវ ពេលធ្វើផ្លូវរួចណែនាំ អោយអាជីវករ មកលក់នៅបេនដីក្រហម ខាងកើត ហើយបន្ទាប់មក ធានីភ្នំពេញនិងរៀបចំរុះរើគ្រែ តូប ស្តង់នៅលើដងផ្លូវ នៅផ្នែកខាងជើងបន្តទៀត។
គួរបញ្ជាក់ថា បេនដីក្រហមដើមឡើយជាចំណតរថយន្តដីក្រហម ដែលមានការវិនិយោគត្រឹមត្រូវ។លុះក្រោយមកក៏បានរៀបចំទៅជាតូបនិងស្តង់ លក់ ទៅឱ្យអាជីវករតាំងពីជំនាន់អតីតប្រធានផ្សារចាស់។ទន្ទឹមនឹងនោះដងផ្លូវនិងចិញ្ចើមផ្លូវបានក្លាយទៅជាកម្មសិទ្ធិឯកជន និងបានទិញលក់តៗគ្នារហូតដល់បច្ចុប្បន្នដែលតូប ស្តង់ ខ្លះតម្លៃ ២ទៅ ៣ម៉ឺនដុល្លារ។នៅក្នុងការទិញលក់ទៀតសោតអាជីវករបានអះអាងថា ដោយមានប្រធានផ្សារ ដឹងឮទៀតផង។កាលពីជំនាន់កូវីដបេនដីក្រហមនេះក៏ដូចទីតាំងលក់ដូរ តាមផ្លូវលេខ២៣៥(ខាងកើតផ្សារដើមគ)ទាំងមូលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌទួលគោករុះរើចេញម្ដងមកហើយក្នុងគោលបំណងដើម្បីរៀបចំសណ្ដាប់ធ្នាប់និងបញ្ជៀសការឆ្លងរីករាដាលនូវ ជំងឺកូវីដ។លុះក្រោយមកក៏មានការរៀបចំវាស់វែង កាត់ជាកង់ៗដើម្បីឲ្យអាជីវករលក់ដូរនៅលើដងផ្លូវដដែល។
ការរៀបចំឲ្យអាជីវករលក់ដូរនៅលើដងផ្លូវនេះត្រូវគេដឹងថា ដើម្បី ផលប្រយោជន៍តែប៉ុណ្ណោះ។ការបង្កើតឲ្យមានផ្សារលក់ដូរលើដងផ្លូវ ក្រៅច្បាប់ បែបនេះបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់នៅតាមដងផ្លូវនិងបង្កឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលធ្វើដំណើរជាពិសេសគឺអាជីវករ រាប់ពាន់នាក់តែបានទិញ ជួល ស្តង់និងតូបលក់ដូរនៅក្នុងផ្សារដើមគ ស្របច្បាប់បានខឹងសប្បារ ព្រោះបានធ្វើឲ្យពួកគាត់បាត់បង់ម៉ូយ និង លក់ដូរនៅក្នុងផ្សារមិនសូវដាច់។ការរៀបចំដេញអាជីវករលក់ដូរនៅលើដងផ្លូវនេះ ទទួលនូវការគាំទ្រពីប្រជាពលរដ្ឋនិងអាជីវករនៅក្នុង ផ្សារដើមគផងដែរ។អ្វីដែលទឹកភ្នែកនោះគីអាជីវករលក់ដូរនៅតាមដងផ្លូវដែលរកស៊ីព្រឹកខ្វះល្ងាចហើយត្រូវបានគេរុះរើនិងអោយទៅលក់ប្រជ្រៀតគ្នាលើដងផ្លូវ និងដណ្តើមទីតាំងគ្នាលក់បែបនេះ ។ ទោះបីជាយ៉ាងណា លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញថ្លែងថា តើទុកដូចស្ថានភាពសព្វ ថ្ងៃនេះឬគួរល្មមដល់ពេលរៀបចំជួសជុល ថែទាំដែរទេ?
អ្នកនាំពាក្យក៍បានបញ្ជាក់ថា បន្ទាប់ពីដោះស្រាយរួច រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំ ៖
១-ជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់ ០.២០ម៉ែត្រ នៅផ្លូវលេខ ៣៤៦ (ចាប់ពីផ្លូវ ២៤៥ ដល់ផ្លូវ ២៣៥) ប្រវែង ១៥០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងដាក់លូទំហំ ០.៨ម៉ែត្រផ្នែកខាងជើង ប្រវែង ១៦០ម៉ែត្រ។
២-ជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់០.២០ម៉ែត្រ នៅផ្លូវលេខ ២៣៥ (ចាប់ពីផ្លូវ ៣៣៦ ដល់ផ្លូវ ២១៧) ប្រវែង ១៧៦ម៉ែត្រ ទទឹង ១២ម៉ែត្រ និងដាក់លូទំហំ ០.៨ម៉ែត្រ ផ្នែកខាងកើត ប្រវែង ៨៣ម៉ែត្រ។
៣-រៀបខឿនចិញ្ចើមផ្លូវទាំងពីរខ្សែ ប្រវែង ៦៥២ម៉ែត្រ ។ លោកស្រីអ្នកនាំពាក្យក៍បានអោយដឹងទៀតថា គិតត្រឹមវេលាថ្ងៃត្រង់ទី០៥ខែកក្តដាឆ្នាំ២០២៦នេះអាជីវករដែលនៅសេសសល់ក៍បានយល់ព្រមហើយទទួលយកនូវការដោះស្រាយហើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕







<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ