ប្រទេសកាណាដា ៖ ប្រទេសកាណាដាបានប្រកាសពីផែនការសាងសង់បំពង់បង្ហូរប្រេងថ្មីមួយ ចេញពីខេត្តអាល់ប៊ឺតា (Alberta) ទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ដែលនឹងផ្តល់ឱ្យប្រទេសផលិតប្រេងធំបំផុតលំដាប់ទី ៤ ពិភពលោកមួយនេះ នូវសមត្ថភាពកាន់តែខ្លាំងក្នុងការនាំចេញទៅកាន់តំបន់អាស៊ី និងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។
តាមសារព័ត៌មាន Reuters កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានធ្វើការប្រកាសនេះក្នុងទីក្រុងកាល់ហ្គារី (Calgary) រួមជាមួយអភិបាលខេត្ត អាល់ប៊ឺតា លោកស្រី ដានីញែល ស្មីត (Danielle Smith) ដែលរដ្ឋបាលលោកស្រីបានថ្លែងថា ការសាងសង់បំពង់បង្ហូរប្រេងដែលមានសមត្ថភាពបង្ហូរប្រេង១លានបារ៉ែលក្នុង១ថ្ងៃនេះ នឹងចាប់ផ្តើមយ៉ាងឆាប់បំផុតនៅខែកញ្ញា ឆ្នាំ២០២៧។
បំពង់បង្ហូរប្រេងនេះ អាចធ្វើឱ្យកាណាដាក្លាយជាអ្នកផ្គត់ផ្គង់ថាមពលសកលដ៏សំខាន់មួយ ខណៈដែលបណ្តាប្រទេសនាំចូលឈានមុខគេនៅអាស៊ី កំពុងស្វែងរកទិញប្រេងពីប្រភពខាងក្រៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីមានជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់។
មិនទាន់មានការបញ្ចេញការប៉ាន់ប្រមាណអំពីតម្លៃនៃការសាងសង់បំពង់បង្ហូរប្រេងនេះនៅឡើយទេ ប៉ុន្តែគម្រោងនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនរដ្ឋ Trans Mountain Corp សហការជាមួយក្រុមហ៊ុន Pembina Pipeline Corp (PPL.TO) ដើម្បីដឹកជញ្ជូនប្រេងឆៅពីតំបន់វាលខ្សាច់កំណប់ប្រេងរបស់ខេត្តអាល់ប៊ឺតាទៅកាន់ភាពនិរតីខេត្តប្រ៊ីធីស កូឡុំប៊ី (British Columbia)។ រដ្ឋាភិបាលសហព័ន្ធតាមរយៈក្រុមហ៊ុន Trans Mountain និងរដ្ឋាភិបាលខេត្តអាល់ប៊ឺតា តាមរយៈសាជីវកម្មទីផ្សារប្រេង Alberta Petroleum Marketing Corporation នឹងក្លាយជាម្ចាស់ភាគហ៊ុនភាគច្រើននៃបំពង់បង្ហូរប្រេងនេះ។
លោកស្រី Smith បានប្រាប់បន្ថែមថា ព័ត៌មានលម្អិតពីការផ្តល់មូលនិធិសម្រាប់គម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលចរចានៅឡើយ។ ផែនការនេះ ត្រូវបានដាក់ជូនជាផ្លូវការដោយរដ្ឋាភិបាលខេត្ត ទៅកាន់ការិយាល័យគម្រោងធំៗរបស់ប្រទេសកាណាដា ដើម្បីស្នើសុំការពិនិត្យអនុម័តផ្នែកបទប្បញ្ញត្តិជាបន្ទាន់៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ