សោកស្តាយ! អគ្គីភ័យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ តាមមាត់ទន្លេ នៅសង្កាត់ស្វាយប៉ាក រងការខូចខាតអស់ជាង ២០ខ្នង
- ភ្នំពេញ
រាជធានីភ្នំពេញៈផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីសង់ជាប់ៗគ្នានៅមាត់ទន្លេសាបត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតអស់ចំនួន២១ ខ្នងដែលក្នុងនោះ២០ខ្នងរងការខូចខាតទាំងស្រុងនិង១ខ្នងឆេះរោលៗ។
ហេតុការណ៍គ្រោះ អគ្គីភ័យនេះបានកើតឡើងនៅវេលាមម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះនៅតាមមាត់ច្រាំងទន្លេសាប តាមផ្លូវជាតិលេខ៥ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាប់ឆេះចេញពីផ្ទះឈើមួយខ្នងនៅក្នុងចំណោមផ្ទះឈើជាច្រើនខ្នងដែលសង់ជាប់ៗគ្នានៅតំបន់មិនរៀបរយនៅតាមមាត់ទន្លេហើយភ្លើងបានឆាប់ចេះយ៉ាងសន្ធោសន្ធៅរាលដាយ៉ាងឆាប់រហ័សទៅផ្ទះជាច្រើនខ្នងទៀតនៅជាប់នោះ។
នៅក្នុងហេតុការណ៍នោះដែររថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងនៅ អង្គភាពនានានិងក្រុមហ៊ុន មួយចំនួនទៀតជាច្រើនគ្រឿង ក៏បានចេញទៅអន្តរាគមន៍បាញ់ពន្លត់។នៅក្នុងឱកាសនោះដែរគេឃើញលោកជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវបានដឹកនាំរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌ និងទូកពន្លត់អគ្គីភ័យទៅអន្តរាគមន៍ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃដដែរ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អគ្គីភ័យនេះបណ្ដាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន២១ ខ្នងបានរងការខូចខាតនៅក្នុងនោះមាន២០ខ្នងបានរងការខូចខាតទាំងស្រុងនិង១ខ្នងត្រូវភ្លើងឆេះរោលៗ។ទោះបីជាយ៉ាងណាពុំបណ្ដាឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ។
ការកើតមានអគ្គិភ័យនេះគេពុំទាន់ដឹងពីមូលហេតុអ្វីឡើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ៕


















<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ