ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកបានចោទប្រកាន់តាមផ្លូវតុលាការទៅលើអតីតប្រធានាធិបតីគុយបា លោករ៉ាអ៊ូល កាស្ត្រូ ពីបទមនុស្សឃាត។ នេះជាការព្យាយាមដាក់សម្ពាធដ៏ធំពីសំណាក់ទីក្រុងវ៉ាស៊ីនតោនទៅលើប្រទេសដែនកោះដែលគ្រប់គ្រងតាមបែបកុម្មុយនិស្តមួយនេះ។ ការបើកសវនាកាត់ទោសលោកកាស្ត្រូនោះបង្ហាញអំពីទំនាក់ទំនងធ្លាក់ចុះខ្លាំងរវាងប្រទេសទាំង២។ ម៉្យាងទៀត ការកាត់ទោសនេះក៏កើតឡើងស្របពេលដែលលោកដូណាល់ត្រាំចង់ឃើញការផ្លាស់ប្ដូររបបដឹកនាំនៅគុយបាព្រោះចាប់តាំងពីមានចលនាបដិវត្តឆ្នាំ១៩៥៩មក គ្រួសារត្រកូលកាស្ត្រូ ឬអ្នកស្និទ្ធនឹងគ្រួសារនេះតែងតែគ្រប់គ្រងប្រទេសគុយបាផ្ដាច់មុខតែម្នាក់ឯងជារៀងរហូត។

ការចោទប្រកាន់ទៅលើលោករ៉ាអ៊ូល កាស្ត្រូ និងអ្នកបើកយន្តហោះ៥នាក់ទៀតផ្ដើមចេញពីឧបទ្ទវហេតុឆ្នាំ១៩៩៦។ កាលនោះ យន្តហោះគុយបាបាញ់ទម្លាក់យន្តហោះជាច្រើនគ្រឿងដែលដំណើរការដោយជនជាតិគុយបាននិរទេសខ្លួន។ លោករ៉ាអ៊ូល កាស្ត្រូសព្វថ្ងៃនេះមានអាយុ៩៤ឆ្នាំត្រូវបានចោទប្រកាន់មួយករណីពាក់ព័ន្ធនឹងការរួមគំនិតធ្វើឃាតជនជាតិអាមេរិកាំង, ៤ករណីពាក់ព័ន្ធនឹងអំពើមនុស្សឃាត និង២ករណីពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញយន្តហោះ។ លោកកាស្ត្រូបានបង្ហាញមុខជាសាធារណៈនៅប្រទេសគុយបាកាលពីដើមខែឧសភា។ គ្មានភស្តុតាងថាគាត់បានចាកចេញពីគុយបា ឬក៏គ្មានករណីធ្វើបត្យាប័នគាត់ទៅប្រទេសអាមេរិកនោះទេ។

វាជាករណីដ៏កម្រដែលអាមេរិកបើកសវនាការចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងមេដឹកនាំរដ្ឋបរទេស។ ការបើកសវនាការលើកនេះជាឧទាហរណ៍ថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកត្រាំដើម្បីពង្រីកឥទ្ធិពលរបស់អាមេរិកនៅអឌ្ឍគោលខាងលិច។ លោកត្រាំថ្លែងនៅឯពិធីមួយរៀបចំនៅរដ្ឋខណិចធីខាត់ថាចាប់ពីតំបន់មាត់សមុទ្រទីក្រុងឡាហាវ៉ានរហូតដល់ព្រែកជីកប៉ាណាម៉ា យើងនឹងជីកឫសគល់នៃការប្រើកម្លាំងទាំងខុសច្បាប់ និងបទឧក្រិដ្ឋ និងការទន្ទ្រានពីសំណាក់រដ្ឋបរទេសទៅលើតំបន់ទាំងនេះ។

នៅឯពិធីមួយរៀបចំឡើងដើម្បីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅក្នុងការវាយប្រហារកាលពីឆ្នាំ១៩៩៦នោះ អគ្គរដ្ឋអាជ្ញាស្ដីទីរបស់អាមេរិកត្រូវអ្នកសារព័ត៌មានសាកសួរថាតើនឹងចាប់ខ្លួនលោករ៉ាអ៊ូល កាស្ត្រូទៅកាត់ទោសនៅក្នុងតុលាការអាមេរិកដែរឬទេ។ លោកមិនបានឆ្លើយសំណួរនេះដោយត្រង់ៗនោះទេ។ លោកគ្រាន់តែសង្ឃឹមថាកាស្ត្រូថ្ងៃណាមួយនឹងទទួលរងការចោទប្រកាន់។ លោកថាមានដីកាចាប់ខ្លួននៅក្នុងដៃរួចហើយ។ ដូច្នេះ យើងរំពឹងថាគាត់នឹងបង្ហាញខ្លួននៅក្នុងតុលាការអាមេរិកដោយស្ម័គ្រចិត្ត ឬដោយវិធីណាផ្សេង។

ប្រតិកម្មចំពោះបញ្ហានេះ ប្រធានាធិបតីគុយបាលោកមីហ្គែល ឌីយ៉ាស់ ខានែល បានបង្ហោះសារនៅលើបណ្ដាញអ៊ិចថាប្រទេសគុយបាធ្វើសកម្មភាពបាញ់ទម្លាក់យន្តហោះនៅក្នុងគ្រានោះគឺធ្វើឡើងដោយស្របច្បាប់។ លោកថាការកាត់ទោសលោកកាស្ត្រូនោះគ្រាន់តែជាលេសដើម្បីបង្ហាញភាពសមហេតុផលរបស់អាមេរិកក្នុងការរៀបគម្រោងវាយប្រហារគុយបានាពេលអនាគត។ លោកថាបើពួកគេធ្វើដូច្នេះមែន វាគឺជាកំហុសឆ្គងដ៏ធំមួយ៕ ប្រភព៖ Reuters
ចែករំលែកព័តមាននេះ