ទីក្រុងឌុយបៃ៖ អ៊ីរ៉ង់កំពុងពិនិត្យមើលផែនការសន្តិភាពចុងក្រោយបង្អស់ដែលអាមេរិកបានបញ្ជូនទៅឱ្យតាមរយៈក្រុមប្រទេសសម្របសម្រួល។ លោកត្រាំថ្លែងថាលោកអាចរង់ចាំបានពីរបីថ្ងៃទៀតដើម្បីទទួលនូវចម្លើយដ៏ប្រាកដប្រជាមួយពីរដ្ឋាភិបាលទីក្រុងតេអេរ៉ង់។ ប៉ុន្តែលោកក៏ឆ្លៀតព្រមានផងដែរថាបើអ៊ីរ៉ង់មិនព្រមទទួលយកសំណើនេះទេ លោកអាចនឹងវាយប្រហារជាថ្មី។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថាយើងបានទទួលរួចហើយនូវសំណើនោះ និងកំពុងពិនិត្យមើល។

ប្រទេសប៉ាគីស្ថានធ្វើជាម្ចាស់ផ្ទះរៀបចំការចរចាគ្នាដើម្បីដោះស្រាយបញ្ហានេះកាលពីខែមេសា ហើយឥឡូវនេះបន្តធ្វើជាអ្នកនាំសារពីភាគីម្ខាងទៅម្ខាងទៀត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានបានធ្វើដំណើរទៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ។ រយៈពេល៦សប្ដាហ៍ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន គេសង្កេតឃើញថាដំណើរការចរចាគ្នាហាក់ដូចជាមិនសូវរីកចម្រើនប៉ុន្មានទេ។ ចំណែកប្រេងឆៅចេះតែឡើងថ្លៃទៅៗដែលជាហេតុធ្វើឱ្យគេបារម្ភអំពីអតិផរណា និងការជះឥទ្ធិពលអាក្រក់ទៅលើសេដ្ឋកិច្ចពិភពលោក។

លោកត្រាំក៏កំពុងទទួលរងសម្ពាធមិនតិចដែរនៅក្នុងប្រទេសរបស់លោកផ្ទាល់ព្រោះការបោះឆ្នោតពាក់កណ្ដាលអាណត្តិ (បោះឆ្នោតសភា) នាខែវិច្ឆិកាក៏កាន់តែកៀកផងដែរ។ លទ្ធផលស្ទង់មតិបង្ហាញថាលោកទទួលបានការគាំទ្រសឹងតែស្មើនឹងកម្រិតទាបបំផុតចាប់តាំងពីលោកឡើងកាន់អំណាចជាថ្មីនៅសេតវិមាន។ បញ្ហាធំដោយសារប្រេងឡើងថ្លៃ។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថាសូមជឿជាក់ទៅលើរូបលោក ប្រសិនបើយើងមិនអាចទទួលបានចម្លើយដ៏ប្រាកដប្រជាទេ ការវាយប្រហារជាថ្មីនឹងចាប់ផ្ដើមយ៉ាងឆាប់រហ័ស។ យើងត្រៀមខ្លួនរួចហើយ។

លោកត្រាំបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់លោកមិនបណ្ដោយឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត។ យើងឈានដល់ដំណាក់កាលចុងក្រោយហើយពាក់ព័ន្ធនឹងបញ្ហាអ៊ីរ៉ង់។ យើងរង់ចាំអ៊ុតស្ថានការណ៍ទាំងអស់គ្នាថាតើនឹងមានអ្វីកើតឡើង។ យើងអាចនឹងមានកិច្ចព្រមព្រៀងជាមួយគ្នា ឬអាចនឹងចេញសកម្មភាពអ្វីផ្សេង។ លោកថាលោកមិនចង់ឃើញការស្លាប់ជីវិតមនុស្សទេ។ កាលពីមុននេះ ឆ្នាំបដិវត្តឥស្លាមព្រមានថាប្រសិនបើយោធាអាមេរិកវាយប្រហារជាថ្មី សង្គ្រាមនឹងផ្ទុះឡើងហួសពីព្រំដែននៃតំបន់មជ្ឈិមបូព៌ាទៅទៀត៕ ប្រភព៖ Reuters
ចែករំលែកព័តមាននេះ