រាជធានីភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ ។

គណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៩០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ២គម្រោង គឺរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ, សាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ, វិស័យកសិ-ឧស្សាហកម្មចំនួន ១គម្រោង គឺរោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់, ប្រេងសណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៤គម្រោង គឺអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ២០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព ៥០០មេហ្គាវ៉ាត់/១០០០មេហ្គាវ៉ាត់ម៉ោង (500 MW/1000 MWH), និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ។

សូមបញ្ជាក់ផងដែរថា គម្រោងវិនិយោគទាំង ៧ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តកំពង់ស្ពឺ, ស្ទឹងត្រែង និងខេត្តពោធិ៍សាត់ ៕
ចែករំលែកព័តមាននេះ