រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ ។ ការវិវត្តជាវិជ្ជមាននេះ តម្រូវឱ្យមានការពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងទំហំការងារ និងនិរន្តរភាពជាតិ ជាក់ស្តែងសមិទ្ធផលអគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារត្រូវបានសាងសង់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីអាចគាំទ្រដល់ការប្រមូលចំណូលការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាលសារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបន្ថែមថា សមិទ្ធផលអគារនេះក៏ជាការចូលរួមចំណែកគាំទ្រដល់ការសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមរយៈពង្រឹងអភិបាលកិច្ច និងសមត្ថភាពរដ្ឋបាលសាធារណៈ, ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងចូលរួមគាំទ្រការកសាងរដ្ឋាភិបាលឌីជីថល (DigitalGovernment), ការធ្វើទំនើបកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការិយាល័យ នៃរដ្ឋបាលសារពើពន្ធកម្ពុជា ឱ្យមានលក្ខណៈស្ដង់ដារដូចប្រទេសអភិវឌ្ឍន៍មួយចំនួន និងគាំទ្រដល់ការលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ និងជានិមិត្តរូបនៃភាពរីកចម្រើន ជឿនលឿននៃរដ្ឋបាលសារពើពន្ធកម្ពុជា ក៏ដូចជា ការរីកចម្រើននៃប្រទេសកម្ពុជាទាំងមូល។
គួរបញ្ជាក់ថា មូលដ្ឋានគ្រឹះនៃសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ កម្ពុជាសម្រេចបានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ និងជាក់ស្តែងអគារទីស្នាក់ការកណ្តាលថ្មីអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលកំពុងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការពេលនេះ គឺតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលជារបៀបវារៈអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ដោយសម្លឹងឆ្ពោះទៅសម្រេច «ចក្ខុវិស័យឆ្នាំ២០៥០»៕
ចែករំលែកព័តមាននេះ