ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងការងារ ជម្រុញការបណ្តុះបណ្តាល ជំនាញ-បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីបន្ស៊ីជំនាញឱ្យស្របតាមទីផ្សារការងារ

3 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ​នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ…

រាជធានីភ្នំពេញ ៖ ​នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយវឌ្ឍនភាពការងារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការ​ចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តល់អនុសាសន៍ ដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពិភាក្សា និងដោះស្រាយលើរបៀបវារៈសំខាន់ៗ ដូចជាបញ្ហាភាពមិនស៊ីគ្នានៃជំនាញ និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ ការវាយតម្លៃ និងទទួលស្គាល់ជំនាញពីមុន (RPL) របស់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ការរៀបចំគន្លងអប់រំថ្មី ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងការពិនិត្យ និងរៀបចំរចនាសម្ព័ន្ធការងារមួយចំនួនឡើងវិញឱ្យស្របតាមបរិបទបច្ចុប្បន្ន ។

​ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យជំរុញ និងពង្រីកការផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គមរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅដល់គ្រប់ទិសទី ដើម្បីធានាថា បងប្អូនកម្មករនិយោជិត ក៏ដូចជាអ្នកស្វ័យនិយោជន៍ និងសមាជិកគ្រួសារ បានយល់ដឹងកាន់តែច្បាស់ អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃរបបសន្តិសុខសង្គម ទាំងផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន ។ ការណ៍នេះ គឺជាការបង្ខិតសេវាគាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យទៅកៀកនឹងប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខុមាលភាព ស្ថិរភាពជីវភាព និងកាត់បន្ថយភាពក្រីក្រជាអតិបរមា ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ លើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥ លាននាក់ ដោយត្រូវធានាធ្វើយ៉ាងណាឱ្យសិស្សទទួលបានជំនាញពិតប្រាកដ ស្របតាមតម្រូវការទីផ្សារ ពេលចប់ទៅមានការងារធ្វើ និងទទួលបានប្រាក់កម្រៃសមរម្យ ។ ឯកឧត្តមក៏បានជំរុញយន្តការបណ្តុះបណ្តាលចល័ត តាមរយៈរថយន្តចល័តចុះទៅដល់មូលដ្ឋានផ្ទាល់ ពោលគឺត្រូវអនុវត្តតាមទស្សនទានជំនាញបច្ចេកទេសរត់រកមនុស្ស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ។

បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ការណែនាំ ជំរុញធ្វើយ៉ាងណាបង្កើនការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវលេខទូរស័ព្ទ Hotline របស់ក្រសួង ដោយក្នុងនោះលេខ ១២៩៧ គឺសម្រាប់ជួយសម្របសម្រួល និងស្វែងរកការងារធ្វើ ចំណែកឯលេខ ១២៨៦ គឺសម្រាប់ជួយអន្តរាគមន៍ និងដោះស្រាយវិវាទការងារផ្សេងៗ។ ឯកឧត្តមបានរំលឹកផងដែរថា គ្រប់ការអនុវត្តការងារទាំងអស់ ត្រូវតែឈរលើគោលការណ៍សមភាព និងសមធម៌ជាចម្បង ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញ និងការបន្ស៊ីជំនាញឱ្យស្របទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ព្រមទាំងជំរុញការផ្តល់សេវាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឱ្យកាន់តែមានប្រសិទ្ធភាព ។ ទន្ទឹមនេះត្រូវបង្កើនការយកចិត្តទុកដាក់គិតគូរដល់បងប្អូនកម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់បងប្អូនឱ្យបានទាន់ពេលវេលា ។ ចំណែកការគាំពារដល់ពលករទេសន្តរប្រវេសន៍ ជាពិសេសអតីតពលករមកពីប្រទេសថៃ ក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតផងដែរ ។

ទោះជានាពេលកន្លងមកសម្រេចបានសមិទ្ធផលការងារ គួរជាទីមោទកក៏ដោយ ជាការឆ្លើយតបតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបំពេញភារកិច្ចការងារ ដោយខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពការងារ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ៕ អត្ថបទសហការ