ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហ៊ុន ម៉ា​នី ៖ រាជរដ្ឋាភិបាល​លះបង់​គ្រប់​បែប​យ៉ាង​គឺ​ដើម្បី​តែ​សេចក្តីសុខ​របស់​ប្រជាពល​រដ្ឋ​តែ​ប៉ុណ្ណោះ

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ បាន​លើក​ឡើង​ថា ការ​លះបង់​គ្រប់​បែប​យ៉ាង​របស់​ថ្នាក់ដឹកនាំ​កំពូល​ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី…

ខេត្តកំពង់ស្ពឺ​៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ បាន​លើក​ឡើង​ថា ការ​លះបង់​គ្រប់​បែប​យ៉ាង​របស់​ថ្នាក់ដឹកនាំ​កំពូល​ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាត់​ទុក​ថា​ជា​កត្តា​ចម្បង​ក្នុង​ការ​នាំ​មក​នូវ​សេចក្តីសុខ​ក្សេមក្សាន្ត ការ​បង្រួបបង្រួម​ជាតិ និង​ការ​អភិវឌ្ឍ​។

ការ​លះបង់​ទាំងនោះ មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​ទូ​ទាំង​ប្រទេស​និង​ភាព​ក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​។ ការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិ​ផល​នានា​ក្នុង​វត្ត អង្គ្រង​មាន​ជ័យ​សេរី​ឧត្តម ហៅ​វត្ត​អង្គ្រង ស្ថិត​ក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម យឹ​ម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម លោក​ជំទាវ សមាជិក សមាជិកា ជា​ច្រើន​រូប​ទៀត​។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី លើក​ឡើង​ទៀត​ថា​ការ​សម្ពោធ​ឆ្លង​សមិទ្ធិ​ផល​ក្នុងថ្ងៃនេះ​គឺ​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​បាន​និង​កំពុង​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​ពី​ការ​ឆ្លងកាត់​វាល​ពិឃាត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​លោក​បាន​រំឭក​ពី​ប្រវត្តិ​ដ៏​ជូរ​ចត់​ដែល​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​និង​ប្រជាពលរដ្ឋ​បាន​ឆ្លងកាត់ នោះ​គឺ​របប​វាល​ពិឃាត​ក្រោម​ការ​ដឹកនាំ​រប​ស់ប៉ុល​ពត​។​សង្គ្រាម​បាន​បង្ក​នូវ​វិនាសកម្ម​និង​ការ​បំផ្លាញ​ដល់​ឬ​ស​គល់ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត និង​ធនធានមនុស្ស គឺ​កម្ពុជា​បាន​បាត់បង់​ស្ទើរ​ទាំងស្រុង​។​ហើយ​អ្វី​ដែល​រឹតតែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​នោះ គឺ​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​របប​ប្រល័យពូជសាសន៍ នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។​ក្នុង​កំឡុង​នោះ របប​កម្ពុជា​ប្រជាធិបតេយ្យ​(​ខ្មែរក្រហម​)​បាន​កាប់សម្លាប់​អាយុជីវិត​ប្រជាជន​ស្លូតត្រង់ និង​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​ឱ្យ​ស្លាប់​យ៉ាង​ឃោរឃៅ​ជាង​៣​លាន​នាក់​។

ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បន្ត​ថា ក្រោយ​ឆ្លងកាត់​សង្គ្រាម​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ប្រជាជន​ខ្មែរ​គឺ​ជោគ​ជាំ​ទៅ​ដោយ​ទុក្ខវេទនា​រាប់​មិន​អស់ ពួក​គាត់​ពិតជា​ស្អប់ខ្ពើម​សង្គ្រាម​ខ្លាំង​ណាស់ ហើយ​តែងតែ​ពោល​ពាក្យ​អរគុណ​សន្តិភាព​គ្រប់​ៗ​គ្នា ព្រោះ​សន្តិភាព​នេះ​ហើយ ដែល​បាន​នាំ​មក​នូវ​សេចក្តីសុខ​ក្សេមក្សាន្ត និង​បាន​បង្ក​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រកប​របរ​ចិញ្ចឹមជីវិត រស់នៅ​ក្នុង​ក្តី​សង្ឃឹម​សម្រាប់​អនាគត​កូនចៅ​ជំនាន់​ក្រោយ​ៗ​ទៀត​។ សព្វ​ថ្ងៃនេះ ប្រជាជន​កម្ពុជា​ដែល​បាន​រស់រាន​មានជីវិត​សល់​ពី​របប​ប៉ុ​ល​ពត នៅ​តែ​ចាំ​មិន​ភ្លេច ហើយ​ឈឺចាប់​នឹង​ទ​ង្វើ​ឃោរឃៅ​របស់​អង្គការ​ខ្មែរក្រហម ដែល​បាន​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ខ្លួនឯង​។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់​ដោយ​សង្កត់ធ្ងន់​ថា សន្តិភាព​ពិតជា​មាន​តម្លៃលើស​លុប ដែល​មិន​អាច​កាត់ថ្លៃ​បាន ប្រជាជន​កម្ពុជា​បាន​រស់នៅ​ក្នុង​សេចក្តីសុខ​សាន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក៏​ព្រោះតែ​ការ​បញ្ចប់​បាន​នូវ​សង្គ្រាម​ទាំងស្រុង និង​ការ​រក​ឃើញ​នូវ​ការ​ឯកភាព​ជាតិ​មួយ​ពេញលេញ​។​ជាមួយ​គ្នា​នេះ ដើម្បី​ឆ្លើយ​តប​នឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ របស់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ដែល​ស្រលាញ់​សន្តិភាព និង​ចង់​ថែរក្សា​សន្តិភាព​ឱ្យ​បាន​គង់វង្ស​យូរអង្វែង​តរៀង​ទៅ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បាន​និង​កំពុង​បន្ត​ដឹកនាំ ក៏​បាន​ប្តេជ្ញា​ខ្ពស់​មិន​ឱ្យ​ប្រទេស​ជាតិ​មួយ​នេះ​វិល​ទៅ​រក​ខ្មៅ​ងងឹត​ជា​ថ្មី​នោះ​ទេ ហើយ​ក្នុង​នោះ​ក៏​បាន​ធានា​បន្ត​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត​ផង​ដែរ​។

បន្ថែម​ពី​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ក៏​បាន​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​អ្នក​ខេត្តកំពង់ស្ពឺ​ឱ្យ​បន្ត​ខិតខំ​ធ្វើការ​ដើម្បី​ជីវភាព​គ្រួសារ រក្សា​អ្នក​វិនិយោគ​ដើម្បី​ធានា​ដល់​ការងារ​យូរអង្វែង ទន្ទឹម​នេះ​ត្រូវ​ដាក់​ការ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​ដឹកនាំ​និង​ស្វែងរក​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ ពិសេស​គឺ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​កំពុង​រង​ការ​ឈ្លានពាន​និង​គ្រប់គ្រង​ដោយ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ