រាជធានីភ្នំពេញ ៖ ឯកឧត្តម សនសៃវ៉ាន់ ណាសៃ (sonnexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងខិតខំជំរុញ កិច្ចសហប្រតិបត្តិការទំនាក់ទំនង នៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) ឲ្យកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ឲ្យមានការអភិវឌ្ឍរីកចម្រើន បន្ថែមទៀត ពិសេសជំរុញការវិនិយោគ ទេសចរណ៍ និងធ្វើឲ្យទំនាក់ទំនងប្រជាពលរដ្ឋទាំងពីរនៅតាមព្រំដែន កម្ពុជា-ឡាវ មានទំនាក់ទំនងគ្នាកាន់តែល្អ រកស៊ីជាមួយគ្នាឲ្យកាន់តែមានភាពស្និទ្ធស្នាល ។
ការលើកឡើងរបស់ឯកឧត្តម សនសៃវ៉ាន់ ណាសៃ បានធ្វើឡើងនារសៀលថ្ងៃទី២០ ឧសភាឆ្នាំ២០២៦នេះ ខណៈជួបសម្តែងការគួរសម ជាមួយ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម សនសៃវ៉ាន់ ណាសៃ បានមានប្រសាសន៍ លើកឡើងទៀតថា រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានអគារថ្មីៗខ្ពស់ខ្ពស់ជាច្រើន និងមានប្រពៃណីទំនៀមទម្លាប់ សិល្បៈស្រដៀងគ្នា និងប្រទេសឡាវ ហើយមុខមាត់ប្រជាជន ក៏មានភាពប្រហាក់ប្រហែលគ្នាផងដែរ ។ ប្រទេសកម្ពុជា មានសេដ្ឋកិច្ចនឹងនរ បើទោះបីមានឥទ្ធិពលពីសង្គ្រាមនៅបរទេសក៏ដោយ អត្រាប្រាក់រៀល ក៏នៅតែរក្សាបាន មួយដុល្លារ ៤០០០រៀល ។
ឯកឧត្ដម បន្តថា កម្ពុជាមានថ្នាក់ដឹកនាំល្អ ទើបបានធ្វើឲ្យប្រជាពលរដ្ឋអាចរកស៊ីមានបានធូរធារ។ កម្ពុជានិងឡាវ មានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ជាមួយគ្នាជាបងប្អូនជាយូរលង់ណាស់មកហើយ។ ហើយកម្ពុជា ក៏ជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសឡាវ ផងដែរ ។
ជាការឆ្លើយតប លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្តែងការគួសមនោះ ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចម្រើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងការរីកចម្រើននេះ លោក ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ ដូចជាបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាស្ទះលូ ជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងដោះស្រាយបានជាបន្តបន្ទាប់ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា កម្ពុជានិងឡាវ មានវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងមុខមាត់ក៏ប្រហាក់ប្រហែលគ្នា។ ប្រទេសឡាវគឺជាប្រទេស មានទន្លេ តភ្ជាប់ជាមួយនឹងកម្ពុជា។ ក្រោយពីកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោ រួចរាល់ ប្រទេសឡាវអាចដឹកទំនិញតាមរយៈផ្លូវទឹក ចូលទៅកាន់កំពង់ផែទឹកជ្រៅរបស់កម្ពុជា ដើម្បីបន្តដឹកជញ្ជូនទៅបណ្ដាលប្រទេសផ្សេងទៀត លើពិភពលោក ដែលវានឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសឡាវ និងប្រទេសកម្ពុជា មានភាពល្អប្រសើរមួយកម្រិតថែមទៀត ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ប្រទេសឡាវ និងប្រទេសកម្ពុជា មិនដែលមានការរំលោភបំពានលើគ្នាសោះឡើយ តាំងពីអតីតកាលមកដល់បច្ចុប្បន្ននេះ ដែលអាចឲ្យក្មេងជំនាន់ក្រោយ ជឿទុកចិត្តបាន មិនដូចប្រទេសជិតខាងខ្លះ តែងតែរំលោភបំពានបូរណភាពទឹកដីរបស់គេឡើយ។ កម្ពុជានិងឡាវ នឹងពង្រឹងទំនាក់ទំនងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើន ៕





ចែករំលែកព័តមាននេះ