រាជធានីភ្នំពេញ ៖ បុរសមានវិបត្តិម្នាក់ បានជិះម៉ូតូទៅលោតទឹកពីលើជ្រោយចង្វារ ហើយហែលទៅតោងកំផែងស្ពាន ត្រូវបានទូកអ្នកនេសាទ ចេញទៅជួយស្រង់ សង្គ្រោះទាន់ ។
ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅលើស្ពានជ្រោយចង្វារ ស្ថិត នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បុរសដែលគិតខ្លីរូបនោះ ពុំបានប្រាប់ឲ្យស្គាល់អត្តសញ្ញាណឡើយ មានអាយុ ២០ឆ្នាំ មានលំនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១MF-៧៨១៥ ធ្វើដំណើរឡើងលើសស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត។ នៅពេលឡើងហួសកណ្ដាលស្ពានបន្តិចក៏បានឈប់ម៉ូតូ រួចលោតទំនាក់ខ្លួនទៅក្នុងទន្លេ តែម្តង ។
តាមសាក្សី បានឱ្យដឹងទៀតថា នៅពេលលោតចុះទៅក្នុងទន្លេ បុរសរូបនោះ បានហែលទឹកទៅតោងកំផែងជើងសសរស្ពាន ហើយត្រូវបានទូកអ្នកនេសាទ បានចេញទៅជួយស្រង់សង្គ្រោះ រួចនាំឡើងច្រាំង រួចប្រគល់អោយមន្ត្រីប៉ុស្តិ៍ នាំទៅទីស្នាក់ការ ដើម្បីទាក់ទងទៅក្រុមគ្រួសារនាំយកត្រឡប់ទៅផ្ទះវិញ ។
នៅចំពោះមុខសមត្ថកិច្ច បុរសរូបនោះកុំបាននិយាយច្រើននោះទេ ដោយគ្រាន់តែអះអាងថា ខ្លួនមានវិបត្តិគ្រួសារ ទើបជិះម៉ូតូចេញពីផ្ទះ មកលោតទឹក តែពុំស្លាប់ ត្រូវបានទូកនេសាទចេញទៅជួយសង្គ្រោះទាន់ ៕


ចែករំលែកព័តមាននេះ