ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីក្លែងលិខិតសាធារណៈ ដោយបុគ្គលឈ្មោះ ហ៊ុន បូណា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bona Hun ។
រដ្ឋបាលខេត្តកំពង់ចាម បង្ហាញឲ្យដឹងថា ថ្មីៗនេះ បុគ្គលឈ្មោះ ហ៊ុន បូណា បានធ្វើការបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ឈ្មោះ Bona Hun ដោយការបង្ហោះនេះ បានទាញភ្ជាប់ (Mentioned) ជូនគណនី/ទំព័រហ្វេសប៊ុករបស់ ថ្នាក់ដឹកនាំស្ថាប័នជាតិមួយចំនួន ព្រមទាំងទំព័រហ្វេសប៊ុក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយបានភ្ជាប់នូវលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូនថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងន័យ បញ្ជាក់ថា “រដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ យកដីចំនួន ១០០ម៉ែត្រ គុណនិង ១០០ម៉ែត្រ នៅទន្លេអុំ ដើម្បីសាងសង់ជាគេហដ្ឋានខេត្តកំពង់ចាម”។ លិខិតនេះ ចុះហត្ថលេខាដោយ រដ្ឋមន្ត្រី ហ៊ុន បូណា ។
ការបង្ហោះនេះ ពេលខ្លះក៏មានភ្ជាប់រូបភាព ដែលម្ចាស់គណនីហ្វេសប៊ុក Bona Hun បានផ្ញើសន្លឹកប្លង់ដី និងលិខិតទីស្តីការគណៈរដ្ឋមន្ត្រីខាងលើ ចូលប្រអប់សារហ្វេសប៊ុករបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផងដែរ ។
ឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានពិនិត្យឃើញថា លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានបង្ហោះផ្សាយខាងលើនេះ គឺជាលិខិតក្លែងក្លាយ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានធ្វើការកោះហៅបុគ្គលឈ្មោះ ហ៊ុន បូណា ដែលមានអាស័យដ្ឋាននៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មកសាកសួរតាមនីតិវិធី និងអាចឈានទៅដល់ការអនុវត្តច្បាប់លើបុគ្គលឈ្មោះ ហ៊ុន បូណា ពីបទក្លែងបន្លំលិខិតសាធារណៈ ។
រដ្ឋបាលខេត្តកំពង់ចាម ក៏សូមអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាប និងចូលរួមទប់ស្កាត់កុំឲ្យមានការភ័ន្តច្រឡំ ក្នុងស្រទាប់មហាជន លើករណីនេះ ៕


ចែករំលែកព័តមាននេះ