រាជធានីភ្នំពេញ៖ កម្មកររោងចក្រ២នាក់ប្ដីប្រពន្ធ ខណៈត្រឡប់មកពីធ្វើការវិញ បានទុកម៉ូតូរបស់ខ្លួន១គ្រឿង ដែលទើបនិងទិញបានរយៈពេលប្រមាណជាង២ខែប៉ុណ្ណោះនៅចំណតម៉ូតូខាងក្រោម ។ ក្រោយពេលចាក់សោ ក ម៉ូតូរួចរាល់ ពួកគាត់ក៏បាននាំគ្នាឡើងទៅហូបបាយនៅក្នុងបន្ទប់ជួលជាន់ខាងលើ ប៉ុន្តែ(ពុំបានបញ្ជាក់ថា នៅជាន់ទីប៉ុន្មាននោះទេ) ។ លុះក្រោយពេលហូបបាយរួច បាននាំគ្នាចុះក្រោមដើម្បីយកម៉ូតូជិះទៅធ្វើការវិញ ស្រាប់តែចោរលួចបាត់ ទើបមានការភ្ញាក់ផ្អើល រួចក៏បានទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១១និង១៩នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួលស្ថិតនៅក្បែរស្ពានអាកាសមហាវិថីស៊ី ជីនពីង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នេះបើយោងតាមម៉ោងនៅក្នុងកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅកន្លែងកើតហេតុនោះ ។
ម៉ូតូខាងលើម៉ាក Honda Dream C125 (នៅក្នុងកាតគ្រីC123,94CC )ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1MD-9160 ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះអេន ឡុង មានទីលំនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។
យោងតាមរូបភាពដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យម្នាក់រាងខ្ពស់ស្រឡះ ស្លៀកខោខូវប៊យជើងវែងពណ៍ផ្ទៃមេឃ ពាក់អាវដៃវែងពណ៍ប្រផេះ អាវក្នុងពណ៍ខ្មៅ ពាក់មួកសុវត្ថិភាពពណ៍ខ្មៅ និងពាក់ស្បែកជើងផ្ទាត់ពណ៍ខ្មៅ បានដើរចូលទៅទីតាំងចំណតម៉ូតូផ្ទះជួលនោះ ។ បន្ទាប់មកបានលូកយកឧបករណ៍សម្រាប់កាច់សោ កម៉ូតូពីក្នុងហោប៉ៅខោខាងស្ដាំ រួចធ្វើសកម្មភាពកាច់សោ ក ម៉ូតូខាងលើនោះ២ដង ហើយតែមួយភ្លែតប៉ុណ្ណោះក៏កាច់បានសម្រេច រួចក៏ប្រញាប់ប្រញាល់ជិះចេញ គេចខ្លួនទៅបាត់ដោយសុវត្ថិភាពតែម្ដង ។
បើតាមបុរសម្នាក់ដែលជាអ្នកស្គាល់គ្នាជាមួយម្ចាស់ម៉ូតូរូបនោះបានប្រាប់ថា នៅមុនពេលកើតហេតុ បុរសរងគ្រោះនិងប្រពន្ធបានជិះម៉ូតូរបស់ខ្លួនដែលទើបនិងទិញបានរយៈពេលប្រមាណជាង២ខែប៉ុណ្ណោះ ចេញពីធ្វើការរោងចក្រទៅហូបបាយថ្ងៃត្រង់នៅក្នុងបន្ទប់ផ្ទះជួល ។ ខណៈនោះពួកគាត់បានទុកម៉ូតូនៅចំណតម៉ូតូខាងក្រោម ហើយបានចាក់សោ ក ត្រឹមត្រូវរួចរាល់ ក៏នាំគ្នាឡើងទៅហូបបាយនៅជាន់ខាងលើ ប៉ុន្តែ(ពុំបានបញ្ជាក់ថា នៅជាន់ទីប៉ុន្មាននោះទេ) ។
បុរសនោះបានប្រាប់ឲ្យដឹងបន្តទៀតថា លុះក្រោយពេលហូបបាយរួចនាំប្ដីប្រពន្ធចុះក្រោមដើម្បីយកម៉ូតូជិះត្រលប់ទៅធ្វើការរោងចក្រវិញ ក៏ស្រាប់តែបាត់មិនឃើញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើង ។ បន្ទាប់មកក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ និងឆែកមើលកាមេរ៉ាសុវត្ថិភាព បានឃើញជនសង្ស័យដូចមានភិនភាគខាងលើជាអ្នកលួចម៉ូតូរបស់គាត់យកទៅ ដូច្នេះបើមហាជនបានប្រទះឃើញម៉ូតូខាងលើសូមជួយរាយការណ៍ជូនសមត្ថកិច្ចផង ៕


ចែករំលែកព័តមាននេះ