រាជធានីភ្នំពេញ ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, គណបក្សនយោបាយទាំងអស់ដែលជាសមាជិកសម្ព័ន្ធ បានគាំទ្រនូវជំហររាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ជា ធីរិទ្ធ បានថ្លែងបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាម្ចាស់ផ្ទះដឹកនាំជំនួបនៃកិច្ចប្រជុំនេះ បានថ្លែងកោតសរសើរចំពោះគណបក្សសម្ព័ន្ធភាពទាំង២៩ ដែលបានរួមគ្នាក្នុងបុព្វហេតុនៃការការពារបូរណភាពទឹកដី ក្នុងកំឡុងពេលដែលថៃឈ្លានពានទឹកដី និងបានកោតសរសើរចំពោះការរួបរួមសាមគ្គីគ្នា និងចេញសេចក្តីថ្លែងការណ៍ ក៏ដូចជាការថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ កាលពីឆ្នាំ២០២៥កន្លងទៅនេះ។
ជាមួយគ្នានោះដែរ នៅកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាពនេះដែរ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ដូចនេះថា «គណបក្សសម្ព័ន្ធភាពបានបង្ហាញការគាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិទាំងឡាយដែលគណបក្សសម្ព័ន្ធតែងតែគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល»។
ឯកឧត្តម ជា ធីរិទ្ធ ក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំសម្ព័ន្ធភាពរបស់គណបក្សនយោបាយ ដោយសម្តេចតេជោ ក្រៅពីបានថ្លែងពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងសម្ព័ន្ធភាពនេះ ក៏បានថ្លែងសង្គត់ធ្ងន់លើផ្ទៃក្នុងនៃសម្ព័ន្ធភាព ដើម្បីរក្សាសម្ព័ន្ធភាពនៃគណបក្សទាំង ២៩នេះ ឱ្យបាននូវស្ថិរស្ថេររឹងមាំបន្តទៀតផងដែរ។

ចំណែកឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតមេទ័ពជាយដែនរូបបានអះអាងថា ផ្អែកតាមបទពិសោធន៍របស់បណ្ដាប្រទេសជាច្រើននៅលើពិភពលោក ការដោះស្រាយបញ្ហាជម្លោះ គឺមិនអាចបញ្ចប់ទៅបានដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះឡើយ ពោលចុងបញ្ចប់ គឺសុទ្ធតែបញ្ចប់ដោយការចរចា ដោះស្រាយគ្នាដោយសន្ដិវិធី ។ សម្រាប់កម្ពុជា លោកក៏ជឿជាក់លើការដោះស្រាយបែបនេះដែរ ។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនៅតែជឿជាក់ថា ការដោះស្រាយជម្លោះនេះ បើយើងមើលទៅលើបទពិសោធន៍កន្លងមកនៅលើសកលលោក ច្រើនតែបញ្ចប់ទៅដោយកម្លាំងយោធាទេ គឺបញ្ចប់ដោយការចរចា ការដោះស្រាយគ្នាដោយសន្ដិវិធីគ្រប់កន្លែង។ យើងពេលនេះ គាំទ្រដល់ជំហររបស់រាជរដ្ឋាភិបាល គណបក្សក្នុងសម្ព័ន្ធភាពគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានការចង្អុលបង្ហាញពី សម្ដេចតេជោ ហ៊ុន សែន យើងគាំទ្រឲ្យមានការដោះស្រាយជាមួយភាគីថៃ ដោយសន្ដិវិធី»។
ឯកឧត្តមថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី តាមសន្ដិភាព ព្រោះការដោះស្រាយគ្នាដោយកម្លាំងយោធា ពិតណាស់មិនអាចដោះស្រាយចប់បានទេ។
ឯកឧត្តមមានជំនឿថា បើទោះបីយោធាថៃ វាយដណ្ដើមកាន់កាប់ទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែនជាច្រើនកន្លែង រហូតឈានទៅដាក់របងលួស កុងទឺន័រជាដើមនោះ គឺមិនអាចគ្រប់គ្រងទឹកដីកម្ពុជាបានរហូតនោះទេ ព្រោះនៅពេលដោះស្រាយបញ្ចប់ ការគ្រប់គ្រងនោះក៏នឹងត្រូវបញ្ចប់ដូចគ្នាដែរ។
ឯកឧត្តមក៏បានសន្និដ្ឋានបែបនេះ ដោយផ្អែកតាមបទពិសោធន៍របស់ឯកឧត្តម ដែលធ្លាប់ធ្វើជាកងទ័ពនៅជាយដែន ៕
ចែករំលែកព័តមាននេះ