ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ ​ប្រារព្ធ​ខួប​លើក​ទី​ ៩ ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​ ថ្ងៃ​២០ ឧសភា​ នៅ​ម​ជ្ឈ​មណ្ឌល​ប្រល័យពូជសាសន៍​ជើង​ឯក

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ខួប​លើក​ទី​៩​នៃ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​ថ្ងៃ​ទី​២០​ខែ​ឧសភា ឆ្នាំ​២០២៦​នេះ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៨៨​អង្គ បង្សុកូល​រាប់ បាត្រ​នៅ ម​ជ្ឍ​មណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ…

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ខួប​លើក​ទី​៩​នៃ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​ថ្ងៃ​ទី​២០​ខែ​ឧ
សភា ឆ្នាំ​២០២៦​នេះ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៨៨​អង្គ បង្សុកូល​រាប់ បាត្រ​នៅ ម​ជ្ឍ​មណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ដើម្បី​ឧ​ទិ្ទ​ស​កុសល​ជូន​វិញ្ញាណ​ខ​ន្ធ័​ជន​រង​គ្រោះ​ស្លូតត្រង់​ជាង​៣​លាន​នាក់​ដែល​ត្រូវ​បាន​ពួក​ប៉ុ​ល ពត កាប់សម្លាប់​យ៉ាង​រង្គៀល រហូត​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​គំនរ​ឆ្អឹង ស្ទឹង​ទឹកភ្នែក បន្សល់​ទុក ស្ត្រី​មេម៉ាយ​,​ក្មេង​កំព្រា និង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ជាតិ​ទាំងមូល​ត្រូវ​បាន​បំផ្លាញ​ដល់​ក្រោម​សូន្យ​។

ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតី​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង ឯកឧត្ដម​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។

ឯកឧត្ដម​ឃួ​ង ស្រេង បន្ត​ថា​៖​ប្រជាជន​កម្ពុជា​គ្រប់​រូប​នៅ​តែ​ចង​ចាំ​មិន​ភ្លេច​ចំពោះ​សោ​ដ​នា​កម្ម​របស់​ពួក​ឃា​ដករ អាវ​ខ្មៅ​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃនេះ​ឡើយ ទោះបី​ស្រមោល​អ​ន្ទ​កាល​នេះ​បាន​កន្លង​ផុត​ទៅ​ជាង​៤៧​ឆ្នាំទៅ​ហើយ​ក្តី​។

ក្នុង​សារលិខិត​របស់​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​ឧិ​កាស​ខួប​លើក​ទី​៩​នៃ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​នៅ​ថ្ងៃ​ទី​២០​ឧសភា​ឆ្នាំ​២០២៦ ដែល​អាន​ដោយ​ឯកឧត្ដម​ឃួ​ង ស្រេង បានឱ្យ​ដឹង​ថា​៖ ទិវា​ជាតិ​នៃ​ការ​ចង​ចាំ បង្កើត​ឡើង​ក្នុង​គោលបំណង​លើកតម្កើង​ការ​គោរព វិញ្ញាណក្ខន្ធ និង​ការ​ធ្វើបុណ្យ​ឧទ្ទិស​ដល់​ជន​រង​គ្រោះ​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​, លើកតម្កើង​ការ​រំឭក ដល់​ជន​រង​គ្រោះ ការ​ស្តារ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​រង​គ្រោះ ទោះជា​នៅ​រស់រាន​មានជីវិត​ឬ​បាន​បាត់បង់ ជីវិត​ក៏​ដោយ​។

រដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​អនុម័ត​យក​ថ្ងៃ​ទី​២០ ខែឧសភា ជា «​ទិវា​ចងកំហឹង​» កាលពី ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​១៩៨៣ ដើម្បី​ជា​ការ​ចងកំហឹង​ចំពោះ «​បន​ប្រល័យពូជសាសន៍ ប៉ុ​ល ពត អៀង សារី និង​ខៀវ​សំ​ផ​ន​» ដែល​បាន​កាប់សម្លាប់ ជិះជាន់ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​មក​លើ​ប្រជាជន​កម្ពុជា ហើយ​ត្រូវ​បាន​ប្រារព្ធ​ជា រៀង​រាល់​ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៨៤​មក​។ ក្រោយ​ឆ្នាំ​១៩៩៣ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តូរ​ពី «​ទិវា​ចងកំហឹង​» ជា «​ទិវា ចង​ចាំ​» រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បាន កំណត់​យក​ថ្ងៃ​ទី​២០ ខែឧសភា ជា «​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​» វិញ​។

ទិវា​ជាតិ​នៃ​ការ​ចង​ចាំ បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សះផ្សា​ជាតិ ជំរុញ​ឱ្យ​មាន​សុខដុម​នី​យ​កម្ម​ក្នុង​សង្គម​កម្ពុជា និង​បាន​លើកកម្ពស់​ការ​ផ្សព្វផ្សាយ និង​ការ​យល់​ដឹង​អំពី​អំពើ​ឃោរឃៅ​ដែល​បាន​កើត​មាននៅ​ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ ក៏​ដូច​ជា​ទប់ស្កាត់​និង​បង្ការ​កុំឱ្យ​របប​ឃោរឃៅ ព្រៃផ្សៃ និង​ប្រល័យពូជសាសន៍​បែប​នេះ​កើត​មាន ឡើង​សា​ជា​ថ្មី​។

ដូច្នេះ ដើម្បី​កុំឱ្យ​របប​នេះ​វិល​ត្រឡប់​មក​វិញ យើង​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង​ក្នុង​ការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ ឱ្យ កាន់តែ​រីក​ចម្រើន​។

ឯកឧត្ដម​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​ដែរ ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ តាម​រយៈ គោលនយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​ដាក់​ចេញ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ពេញលេញ ដែល​ជា​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចំរើន លើ​គ្រប់​វិស័យ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​។ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី ជា​ថ្នាក់ដឹកនាំ​បន្តវេន វ័យក្មេង ប្រកបដោយ​សមត្ថភាព បញ្ញាញាណ និង​ថាមពល បាន​នឹង​កំពុង​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​ថែរក្សា សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​ជា​បុ​រេ​លក្ខខណ្ឌ ដើម្បី​នាំ​នាវា​កម្ពុជា ឆ្ពោះទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

ការ​ប្រារ​ព​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែរ គឺ​បាន​រៀបចំ​ពិធី​សាសនា​នៅ​ចំពោះ​មុខ​ស្តូប​តំកល់​អ​ធិ​ធាតុ​ជាង​មួយ​ម៉ឺន​នាក់ ដែល​បាន​គាស់​ចេញពី​រណ្តៅ​សព​រួម​នៅ ម​ជ្ឍ​មណ្ឌល​ប្រល័យ​ពូជ​សាស​ន៏​ជើងឯក​សង្កាត់​ជើងឯក​ខណ្ឌដង្កោ ដែល​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រារ​ព្វ​ធ្វើ​ពិធី​បង្សុកូល​រាប់បាត្រ​ព្រះសង្ឃ​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អ​យុ​ត្តិ​ធ​ម៏​ក្នុង​របប​វាល​ពិឃាដ​ខ្មែរក្រហម​នេះ​។

ក្នុង​ឱកាស​នោះ​ដែរ​ក្រុម​សឹ​ល្បៈ​នៃ​មន្ទី​វប្បធម៌​និង​វិចិត្រ​សឹ​ល្បៈ​រាជធានី​ភ្នំពេញ​បាន​សម្ដែង​នូវ​ផ្ទាំងទស្សនីយភាព​ឈុត​ឆាក​ពី​ការ​កាប់សម្លាប់​ការ​ធ្វើ​ទារុណកម្ម​របស់​ពួក​ខ្មែរក្រហម​មក​លើ​ប្រជាជន​ស្លូតត្រង់​យ៉ាង​សាហាវឃោរឃៅ​ព្រៃផ្សៃ​ជាទី​បំផុត​ធ្វើ​ឱ្យ​អ្នកចូលរួម​ស្រក់​ទឹកភ្នែក​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ