ទីក្រុងប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បានទទួលស្វាគមន៍លោកពូទីន និងថ្លែងកោតសរសើរមិនដាច់ពីមាត់អំពីទំនាក់ទំនងរវាងប្រទេសទាំង២។ កិច្ចជំនួបនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយទស្សនកិច្ចរបស់លោកត្រាំទៅប្រទេសចិន។ លោកត្រាំទៅចិនលើកនេះទទួលបានការទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ប៉ុន្តែមិនមានកិច្ចព្រមព្រៀងអ្វីទេ។

លោកពូទីនក៏កំពុងតែដាក់ដោកសម្បើមណាស់ដែរដោយសារសង្គ្រាមរយៈពេលជាង៤ឆ្នាំកន្លងទៅនេះធ្វើឱ្យធនធានរបស់រុស្ស៊ីត្រូវរីងដូចទឹកអំបែង។ ម៉្យាងត្រូវជាប់ទណ្ឌកម្មរបស់ក្រុមបស្ចិមប្រទេសដែលធ្វើឱ្យប្រាក់ចំណូលពីការលក់ថាមពលថយចុះខ្លាំង និងម៉្យាងទៀតរុស្ស៊ីពឹងផ្អែកកាន់តែខ្លាំងឡើងៗទៅលើប្រទេសចិនក្នុងនាមជាអ្នកទិញប្រេងឆៅរបស់រុស្ស៊ីច្រើនជាងគេ។

ក៏ប៉ុន្តែសង្គ្រាមអ៊ីរ៉ងបានក្លាយជាកាលានុវត្តភាពមួយសម្រាប់រុស្ស៊ីព្រោះច្រកសមុទ្រសំខាន់ៗសម្រាប់ដឹកជញ្ជូនថាមពលពីមជ្ឈិមបូព៌ាត្រូវបានបិទ។ ដូច្នេះ វាជាឱកាសសម្រាប់លោកពូទីនលក់ថាមពលទៅកាន់ទីផ្សារពិភពលោក។ ក្រុមអ្នកវិភាគជឿជាក់ថាលោកពូទីនអាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចលើកនេះដើម្បីជំរុញការសាងសង់បំពង់បង្ហូរឧស្ម័នពីប្រទេសរុស្ស៊ីទៅប្រទេសចិនកាត់តាមប្រទេសម៉ុងហ្គោលី។

នៅពេលចាប់ផ្ដើមការពិភាក្សាគ្នានៅវិមានប្រជាជននៃទីក្រុងប៉េកាំង លោកពូទីន និងលោកស៊ីជីនពីងអបអរសាទរទំនាក់ទំនងពិសេសនៅពេលលោកទាំង២ពង្រឹងសន្ធិសញ្ញានៃកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយគ្នា។ លោកស៊ីថ្លែងប្រាប់លោកពូទីនថាទីក្រុងប៉េកាំង និងម៉ូស្គូបានបន្តពង្រឹងការជឿទុកចិត្តគ្នាខាងនយោបាយ និងការសម្របសម្រួលជាយុទ្ធសាស្ត្រប្រកបដោយភាពធន់។ លោកពូទីនជម្រាបជូនលោកស៊ីវិញថាទំនាក់ទំនងរវាងប្រទេសយើងទាំង២ឈានដល់ដំណាក់កាលខ្ពស់បំផុតទោះបីមានកត្តារំខានពីខាងក្រៅយ៉ាងណាក្ដី៕ ប្រភព៖ Channel News Asia
ចែករំលែកព័តមាននេះ