ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជួយ​សង្គ្រោះ​សត្វ​ក្តាន់​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​លើ​ពិភពលោក ចំនួន​១​ក្បាល​ នៅ​ខេត្តក្រចេះ

14 ម៉ោង មុន

ខេត្តក្រចេះ ៖ សត្វ​ក្តាន់​ឈ្មោល​មួយ​ក្បាល​ទម្ងន់​ប្រហែល ៤០​គីឡូក្រាម បាន​រត់​ចេញពី​ដែន​ជម្រក​សត្វ​តំបន់ដីសើម និង​ជម្រក​វាលស្មៅ នៅ​ពីក្រោយ​ផ្ទះ​អ្នក​ភូមិ​ម្នាក់ ក្នុងភូមិ​ក្បាល​ជូ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី…

ខេត្តក្រចេះ ៖ សត្វ​ក្តាន់​ឈ្មោល​មួយ​ក្បាល​ទម្ងន់​ប្រហែល ៤០​គីឡូក្រាម បាន​រត់​ចេញពី​ដែន​ជម្រក​សត្វ​តំបន់ដីសើម និង​ជម្រក​វាលស្មៅ នៅ​ពីក្រោយ​ផ្ទះ​អ្នក​ភូមិ​ម្នាក់ ក្នុងភូមិ​ក្បាល​ជូ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦​។ សត្វ​ក្តាន់​ឈ្មោល ​ត្រូវ​បាន​ឆ្កែ​អ្នកស្រុក​ដេញ​តាម ហើយ​បាន​ព្យាយាម​រត់គេច​ខ្លួន​ ដោយ​រត់ឡើង​លើ​ផ្លូវជាតិ ចូល​ទៅ​ក្នុងផ្ទះ​អ្នក​ភូមិ​ក្បែរ​នោះ​។ នៅ​ទីបំផុត សត្វ​នោះ​បាន​រត់ ទៅ​ជាប់​នៅ​ក្នុង​របង​លួស របស់​ផ្ទះ​អ្នកស្រុក​។ បន្ទាប់​មក អ្នក​ភូមិ​បាន​ជូនដំណឹង​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ និង​អង្គការ WWF សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ចាប់​សត្វ​ក្តាន់ និង​នាំ​យក​មក​កន្លែង​សុ​វត្ថ​ភាព​ដើម្បី​ធ្វើការ​សង្គ្រោះ​ ។

ក្រុម​មន្ត្រី​ជំនាញ បាន​ពិនិត្យ​ឃើញ​ថា សត្វ​ក្តាន់​ឈ្មោល​នោះ​មាន​ស្នាម​របួសលើ​ខ្លួន ដែល​អាច​បណ្តាល​មក​ពី​ការ​រត់គេច​ក្នុង​ហេតុការណ៍​ខាងលើ​។ ក្រុមការងារ​បាន​ជួយ​សង្គ្រោះ​សត្វព្រៃ​នោះ ហើយ​បាន​ទាក់ទង​ក្រុម​អង្គការ Cambodia Wildlife Care (CWC) ដើម្បី​ដឹក​សត្វ​ក្តាន់​ឈ្មោល​នោះ​ទៅ​កាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ព្យាបាល​ឱ្យ​បានជា​សះ​ល្បើ​យ​របួល​ឡើង​វិញ​។ បន្ទាប់​ពី​ជា​សះស្បើយ សត្វ​ក្តាន់​ឈ្មោល​នោះ នឹង​ត្រូវ​ដោះ​លែង​ត្រឡប់​ទៅ​ជម្រក​ធម្មជាតិ​របស់​វា​វិញ ​។

សូម​បញ្ជាក់​ថា ក្តាន់​កំពុង​ស្ថិត​បញ្ជី​ក្រហម​នៃ​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការពារ​ធម្មជាតិ IUCN ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក ហើយ​នៅ​កម្ពុជា ការ​សិក្សា​នា​ពេល​កន្លង​ទៅ មាន​វត្តមាន​ប្រមាណ​ជា​១០០​ក្បាល​ប៉ុណ្ណោះ កំពុង​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ ព្រែក​ប្រសព្វ ខេត្តក្រចេះ និង​តាម​តំបន់ការពារធម្មជាតិ​មួយ​ចំនួន​ទៀត នៃ​ភូមិសាស្ត្រ ខេត្តកោះកុង​ ។

ដើម្បី​ពង្រីក​វត្តមាន​សត្វ​នេះ​នៅ​លើ​ទឹកដី​កម្ពុជា ក្រសួងបរិស្ថាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ការ​អភិរក្ស និង​ស្តារ​សត្វ​ក្តាន់ ២០២៥-២០៣៥ ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​មាន​សសរស្តម្ភ​៣​ គឺ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។ យុទ្ធសាស្ត្រ​​ជំរុញ​​ការ​ការពារ​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ និង​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា និង​ពិភពលោក​។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិ​ត្យា បានឱ្យ​ដឹង​ថា ក្តាន់ គឺជា​ប្រភេទ​ថនិកសត្វ​ ដែល​គួរ​ឱ្យ​ស្រលាញ់ ស្លូត រស់នៅ​តំបន់ដីសើម និង​វាលស្មៅ​នៅ​តាម​តំបន់ការពារធម្មជាតិ​។ ជាក់ស្តែង​នៅ​កម្ពុជា មាន​ជា​ពិសេស​ក្នុង​ខេត្តក្រចេះ និង​កោះកុង បន្ទាប់​ពី​មានការ​រក​ឃើញ​វត្តមាន​រស់នៅ​ក្នុង​ពេល​កន្លង​ទៅ​។ ការ​រក​ឃើញ​សត្វ​ក្តាន់​រត់​ចូល​ភូមិ​នេះ ជា​ស្ញា​ថ្មី​បង្ហាញ​ថា ប្រភេទ​នេះ​នៅ​មាន​វត្ត​មាននៅ​ក្នុង​ព្រៃរបស់​កម្ពុជា ព្រោះ​ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជ​បំផុត​នៅ​ក្នុង​ពិភពលោក​ផង​ដែរ​។ ការ​រក​ឃើញ​ឡើង​វិញ ​នៃ​វត្តមាន​សត្វ​ក្តាន់ នៅ​ខេត្តក្រចេះ ក៏​បាន​ក្លាយ​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​ការ​រស់រាន​មានជីវិត​របស់​ពួក​គេ​» និង​ត្រូវ​រួម​សហការ​គ្នា​ការពារ និង​អភិរក្ស ធនធានធម្មជាតិ ជា​ពិសេស​សត្វព្រៃ​ឱ្យ​បាន​ល្អ​ថែម​ទៀត​។

អ្នកនាំពាក្យ​រូប​នេះ បាន​អំពាវនាវ​ឱ្យ​មានការ​ការ​ផ្ដល់​គម្លាត​សុវត្ថិភាព និង​ចៀសវាង​ការ​ដេញ​បាញ់ ឬ​ធ្វើបាប​វា នៅ​ពេល​សត្វព្រៃ​រត់​ចូល​ភូមិ ព្រោះ​វា​អាច​នឹង​ភ័យ​ស្លន់ស្លោ​រហូត​បង្ក​គ្រោះថ្នាក់ និង​អាច​បណ្តាល​ឱ្យ​សត្វព្រៃ​ស្លាប់ បាត់បង់​ធនធាន​ជីវៈចម្រុះ និង​សម្បត្តិ​វប្បធម៌​កម្រ​និង​ជិត​ផុត​ពូជ​របស់​មនុស្សជាតិ​។ ប្រសិនបើ​មាន​សត្វព្រៃ ជា​ពិសេស​ប្រភេទ​សត្វ​មាន​ដោយ​កម្រ ដូច​ជា​ដំរី​អាស៊ី​ជាដើម ឬ​សត្វ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត សូម​រាយការណ៍​ជា​បន្ទាន់​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រី​បរិស្ថាន ឬ​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ចុះ​មក​អន្តរាគមន៍ និង​ជួយ​សង្គ្រោះ​យក​វា​ទៅ​ព្រៃ​ធម្មជាតិ​វិញ​ដោយ​សុវត្ថិភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ